យុវជន​និង​សកម្មជន​បរិស្ថាន​ធ្វើ​ពហិការ​មិន​គាំទ្រ​សេវាកម្ម​របស់​ក្រុមហ៊ុន​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភ្នំតាម៉ៅ

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នា​ធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ដោយ​​ប្រកាស​ពីការ​​​​ធ្វើពហិការ​មិនគាំទ្រ​សេវាកម្ម​របស់​ក្រុមហ៊ុន «ឡេង ណា​វ៉ា​ត្រា គ្រុប» និងក្រុមហ៊ុន «TP Moral Group» របស់ឧកញ៉ា ឃុន សៀ បន្ទាប់ពី​ក្រុមហ៊ុនទាំង​នេះចាប់​ផ្ដើម​សកម្ម​ភាព​ឈូស​ឆាយ​ព្រៃ​នៅតំបន់​ភ្នំតាម៉ៅ​ ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ឯកសារ​ផ្លូវ​ការ​មួយ​បង្ហាញថា ផ្ទៃដីទំហំ៥០០ហិកតា នៅតំបន់​ភ្នំតាម៉ៅ​​ ដែលគ្រប់គ្រងដោយរដ្ឋ​បាល​ព្រៃឈើ​ នឹងត្រូវផ្ទេរទៅជាកម្មសិទ្ធិឯកជន ដោយមិនបានបញ្ជាក់ពីទីតាំងឬម្ចាស់​កម្មសិទ្ធិ​ឡើយ។ ឯកសារមួយទៀត​បានឱ្យដឹងថា ផ្ទៃដី៧០០ហិកតាផ្សេងទៀត បច្ចុប្បន្ន​ត្រូវបានស្នើសុំដោយ​ក្រុម​ហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ ខណៈ​រដ្ឋមន្រ្តីក្រសួងកសិកម្ម បាន​ប្រាប់វីអូឌីកាលពីថ្ងៃសៅរ៍កន្លងទៅនេះ​ថា ទីតាំងដីដ៏ធំនេះត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងម្ចាស់ផលិកម្ម​ចម្រៀង​កាឡាក់ស៊ី របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា

ចំណែក​មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ដែលមានទំនាក់ទំនងជាមួយ​នឹងក្រុមហ៊ុន​កំពុងឈូសឆាយនៅតំបន់ភ្នំតាម៉ៅនេះ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី០២ ខែសីហា ​​ថា ក្រុមហ៊ុនចំនួន៤ ក្នុងនោះ​រួមមាន ក្រុមហ៊ុន ឡេង ណាវ៉ា​ត្រា ដែលទទួលបានដីធំជាងគេ គ្រោង​ឈូសព្រៃភ្នំតាម៉ៅ ក្នុងទំហំប្រមាណ១ ៥០០ហិកតា ខណៈផ្ទៃដីព្រៃសួនសត្វភ្នំតាម៉ៅទាំងមូលមានទំហំ​ជាង​២ ៥០០ហិកតាប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មាននេះ​ គេសង្កេតឃើញមានការ​ចែករំលែកជាបន្តបន្ទាប់​​នៅលើបណ្ដាញសង្គ​ម​ហ្វេសប៊ុក ក្នុងរយៈពេល​ពីរបីថ្ងៃចុងក្រោយ​នេះ​ ដែលក្នុងនោះ​ សកម្មជនបរិស្ថាន និងប្រជា​ពលរដ្ឋ​​មួយ​ចំនួន បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត និង​​បាន​ប្រកាសពី​ការ​ធ្វើ​ពហិការមិន​ប្រើ​​ប្រាស់​សេវា​​កម្ម​​របស់​ក្រុម​ហ៊ុន​ដែលបានឈូសឆាយ​ដីព្រៃឈើនៅតំបន់ភ្នំតាម៉ៅនេះ។

លោក ហេង គឹមហុង ជាមន្ត្រីអង្គការសង្គមស៊ីវិលមួយ​រូប​ និងជាសកម្មជនការ​ពារ​​បរិស្ថាន​ បាន​​លើក​​ឡើង​នៅថ្ងៃទី០៣ ខែសីហា​​នេះថា តំបន់​ភ្នំ​តាម៉ៅ ជា​គម្របព្រៃឈើ និងជាជម្រក​​សត្វព្រៃ ជាពិសេស​​ជាតំបន់​​ដែលសង្គ្រោះជីវិតសត្វព្រៃ​មក​ពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា អស់រយៈកាល​២ទសវត្សរ៍មក​ហើយ។ លោក​បង្ហាញការសោកស្ដាយ​ ក្រោយពីបាន​ឃើញរូបភាពនិងវីដេអូ​ឃ្លីបជុំវិញសកម្ម​ភាព​ឈូសឆាយដី​ព្រៃ​នៅតំបន់​​​ភ្នំ​តាម៉ៅ ពីសំណាក់​​ក្រុ​ម​ហ៊ុនឯកជន​​ដែល​​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​​កាលពីពេលថ្មីៗនេះ។ 

ករណីនេះ លោក​បាន​សម្រេច​ធ្វើពហិការ ដោយ​​មិន​ទិញឬប្រើប្រាស់សេវា​កម្ម​នានា​របស់​ក្រុម​ហ៊ុន​ដែលឈូសឆាយបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅនេះឡើយ។​

លោកថា៖ «ខ្ញុំផ្ទាល់ សម្រេច​មិន​ទទួល​ទិញឬក៏ប្រើប្រាស់ផលិតផលទាំងឡាយណារបស់លោក ឡេង ណាវ៉ាត្រា មានឈ្មោះលោក ឡេង ណាវ៉ាត្រា ជាម្ចាស់ក្រុមហ៊ុន ហើយ​និង​លោក ឃុន សៀ ដែល​​ជា​ម្ចាស់​ក្រុមហ៊ុន ខ្ញុំនឹងមិនទិញ ហើយពហិការនេះ ខ្ញុំនឹងធ្វើពេញមួយជីវិតរបស់ខ្ញុំ​»។

លោក​ ហេង គឹមហុង បន្តថា ការធ្វើពហិការនេះអាចជាគំរូ​មួយ​​ដល់អ្នកវិនិយោគផ្សេង​ទៀតដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួនឯង ​ហើយបំផ្លាញធនធានធម្មជាតិ ឱ្យគិតគូរ​ពី​បញ្ហា​បរិស្ថាន​​ឡើង​​វិញ។

យុវជន​​មួយ​​រូបដែលកំពុង​សិក្សា​​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុងរាជធានីភ្នំពេញ​​​​ លោក គីម​ ជីលីន ក៏​បាន​ប្រកាស​​​​​ពី​​ការ​​ធ្វើពហិការ​នៅ​លើបណ្ដាញសង្គមហ្វេកប៊ុកដែរ​ថា រូបលោក​​ឈប់​ស្តាប់និង​​ឈប់​គាំទ្រ​បទ​ចម្រៀង​របស់​ក្រុម​ហ៊ុន​ កាឡាក់​ស៊ី​ ព្រមទាំងគម្រោង​អចលនវត្ថុទាំង​ឡាយ​នៃ​ក្រុមហ៊ុន​ផ្សារកសិផល​ធម្មជាតិរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ លោកថា ការ​ធ្វើពហិការនេះ ដើម្បីបង្ហាញពី​ការ​មិនគាំទ្រ​ក្រុម​ហ៊ុន​វិនិ​យោគដែល​​អភិវឌ្ឍធ្វើឱ្យ​​ប៉ះពាល់ដល់សម្បត្តិធនធាន​ធម្មជាតិ។

លោក គីម ជីលីន និយាយ​​ថា៖ «ខ្ញុំមានការអន្ដរាគមន៍បែបហ្នឹង បង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្ញុំ មិនគាំទ្រក្រុមហ៊ុនសាជីវកម្មដែលធ្វើការអភិវឌ្ឍប៉ះពាល់ដល់សម្បត្តិធម្មជាតិ ជាពិសេសភ្នំតាម៉ៅតែម្ដង»។

យុវជន​រូបនេះបន្ត​ថា ព្រៃឈើ​​ដែលកំ​ពុង​រង​ការ​បំផ្លិច​បំផ្លាញ​នេះជាសម្បត្តិរបស់ជាតិ និង​ជា​របស់​ប្រជាពលរដ្ឋទាំងអស់​គ្នា មិនមែនជា​របស់បក្ខ​ពួក​មួយ​ក្រុម​ណានោះទេ ដែលករណីនេះ លោក​ស្នើដល់​រដ្ឋាភិបាល​គួរ​មានដំណោះស្រាយមួយ​ដោយ​​​​ឈរលើប្រយោជន៍​រួម។

ស្របគ្នានេះដែរ ចលនាមាតាធម្មជាតិ ក៏បាន​បង្ហាញការ​សោក​ស្ដាយ​ដែល​បាន​ឃើញ​ដី​ព្រៃ​​នៅ​តំបន់ «​​ភ្នំ​តាម៉ៅ»​ កំពុង​រងការ​ឈូសឆាយ​ពីសំណាក់ក្រុមហ៊ុនឯកជន​នេះដែរ បើទោះការឈូស​ឆាយ​នោះ​មានការ​អនុញ្ញាតពីរដ្ឋាភិបាល​ក៏ដោយ។ ករណីនេះ អង្គការ​ដែលធ្វើការផ្នែក​បរិស្ថាន​មួយនេះបាន​ប្រកាសជំហរគាំទ្រចំពោះការ​​ធ្វើពហិការ​​មិន​​គាំទ្រ​​ផលិត​ផល​របស់​ក្រុមហ៊ុនវិនិយោគ​​​ទាំងនោះ។ 

ក្នុង​​ទំព័រ​ហ្វេស​ប៊ុក​ក្រុមចលនា​មាតាធម្មជាតិ លើក​ឡើង​ថា៖ «ចលនា​មាតា​ធម្ម​ជាតិ មានគោលជំហរ​គាំទ្រច​លនា​យុវជន និងមហាជន ក្នុងការធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិត​ផលរបស់​អ្នកជំនួញ​​ណាដែលពាក់ព័ន្ធនឹងសោកនាដ​កម្ម​ព្រៃ​ឈើនេះ​ ដូច​ជា ឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឃុន សៀ ជាអាទិ៍ […] ដរាបណា គេមិនឈប់បំផ្លាញភ្នំតាម៉ៅ ពួកយើងដាច់ខាតមិនប្រើប្រាស់ផលិតផលឬសេវាកម្មណាមួយរបស់បុគ្គលទាំងអស់នោះឡើយ»។

កញ្ញា ឡុង គន្ធា យុវជនចលនាមាតាធម្មជាតិ បាន​លើក​ឡើង​ថា ការ​​​ធ្វើ​ពហិការនេះ ដើម្បីបង្ហាញ​ពី​ការ​មិនគាំទ្រលើអាជីវកម្មរបស់​ក្រុមហ៊ុន​​ដែលបំផ្លាញធនធានធម្មជាតិ និង​ជាការបដិសេធ​ក្នុង​ការចូលរួមកាប់បំផ្លាញព្រៃឈើនៅតំបន់​ភ្នំតាម៉ៅ។

កញ្ញាថា៖ «ក្នុងការធ្វើយុទ្ធនាការពហិការមិនគាំទ្រទៅលើអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិ ជាពិសេសការបំផ្លាញភ្នំតាម៉ៅ វាសំខាន់ណាស់ ព្រោះបើសិនជាយើងនៅតែបន្ដគាំទ្រអាជីវកម្មទាំងអស់ហ្នឹង គឺស្មើនឹងយើងកំពុងតែផ្ដល់ចំណូល ឬជួយគាំទ្រឱ្យមានការកាប់បំផ្លាញព្រៃឈើ គាំទ្រឱ្យមានការឈូសបំផ្លាញភ្នំតាម៉ៅ គាំទ្រឱ្យមានការបំផ្លាញជម្រកសត្វព្រៃ អ៊ីចឹងយើងជាអ្នកគាំទ្រដោយប្រយោលហើយ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និង​ក្រុមហ៊ុន TP Moral Group និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទេ នៅថ្ងៃនេះ។

បើតាមរូបភាពពីប្រព័ន្ធផ្កាយរណបបង្ហាញថា ក្នុងរយៈពេល​៥ថ្ងៃមក​​នេះ គ្រឿង​ចក្រ​​ជា​ច្រើនគ្រឿង​របស់ក្រុមហ៊ុនឯកជន​បាន​ឈូសឆាយដីព្រៃ​នៅតំបន់ភ្នំតាម៉ៅប្រមាណ១៣០ហិកតាហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ