សកម្មជន​បរិស្ថាន​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​ចូល​កាប់ឈើ​ក្នុង​តំបន់​ការពារ​ព្រៃឡង់

គោយន្តដែលសកម្មជនបរិស្ថានអះអាងថាបានដឹកឈើចេញពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ។ (ផ្ដល់ឱ្យ)

បណ្ដាញ​សហគម​ន៍​ព្រៃឡង់នៅខេត្តព្រះវិហារ និងសមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បានរកឃើញសកម្មភាព​កាប់និង​ដឹក​ជញ្ជូន​ឈើ​ចេញពីតំបន់ការពារព្រៃឡង់ ​ចូល​ទៅ​ក្រុម​ហ៊ុន «ម៉ាឃល ឡូជីស្ទិក (ខេមបូឌា)» ស្ថិត​ក្នុង​ភូមិសា​ស្រ្ដឃុំ​រៀប​រយ ស្រុក​រវៀង ខេត្តព្រះវិហារ ដោយគ្មានការបង្ក្រាប​ពីអាជ្ញាធរពាក់ព័ន្ធ។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន «ម៉ាឃល ឡូជីស្ទិក ​(ខេមបូឌា)» ​ប្រមូល​ផល​អនុផលព្រៃឈើ ក្នុងអនុតំបន់២ អនុ​តំប​ន់​៣ និងអនុតំបន់៤ នៃសម្បទានដីសេដ្ឋកិច្ចរបស់​ក្រុមហ៊ុន «ភីអិនធី ខូ អិលធីឌី» ស្ថិត​ក្នុង​ឃុំរៀ​ប​រយស្រុករវៀង។ ប៉ុន្តែករណីនេះត្រូវបាន​សកម្មជន​បរិស្ថាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនអនុវត្តហួស​ដែន​កំណត់។

របាយការណ៍​សង្កេតរបស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បានឱ្យដឹងថា បណ្ដាញសហគម​ន៍​ព្រៃឡង់​នៅ​ខេត្ត​ព្រះវិហារ និង​សមាគមបណ្ដាញយុវជនកម្ពុជា បាន​ចុះឃ្លាំមើល​បញ្ហាដែលកើតមាន​នៅ​តំបន់​​ព្រៃឡង់ ​​រ​យៈ​ពេល​ពីរ​យប់​បី​ថ្ងៃ គឺ​ចាប់​​ពីថ្ងៃទី១ ដល់ទី៣ ខែសីហា ឆ្នាំ២០២២ ដោយប្រទះឃើញ​កម្មកររាប់រយនាក់​ និងមេការក្រុម​ហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) កំពុងកាត់ និង​ដឹកជញ្ជូនឈើយ៉ាងសកម្ម​ចេញពីតំបន់អភិរក្ស​​ព្រៃឡង់ ត្រង់​ចំណុច​ប្រសព្វ​បី​ខេត្ត មាន​ខេត្តកំពង់ធំ ស្ទឹងត្រែង និងខេត្តព្រះវិហារ នៅចំណុចស្រែអាចម៍ដែក អូរធ្នង់ ជាំប្រទាល និងត្រពាំងស្មាច់។

របាយការណ៍បន្តថា កម្មករ និងមេការក្រុមហ៊ុន បានប្រើប្រាស់រទេះ​ក្របីប្រហែល១០នឹម និងគោយន្ត​ជាច្រើន​គ្រឿង​សម្រាប់​ជា​​​​មធ្យោបាយ​​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំបន់​អភិរក្ស​ព្រៃឡង់ ទុកនៅក្នុង​ដេប៉ូ​ទី​១របស់​ក្រុមហ៊ុន​ស្ថិតនៅចំណុចភ្នំស្រឡៅ និងចំណុច​បុស្ស​រាំង នៅ​ជាប់​ដែនជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ស្ថិតក្នុងភូមិសាស្រ្ដឃុំរៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ។

សមាជិក​បណ្ដាញសហគមន៍​ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី ដែលចុះល្បាតព្រៃឡង់ និងជួបបទល្មើសផ្ទាល់ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ក្នុង​១ថ្ងៃ ក​ម្មកររបស់ក្រុមហ៊ុនបាន​ដឹក​ឈើ​ចេញ​ពី​តំបន់​ការពារ​ព្រៃឡង់​មិនតិច​ជាង​១០ទៅ២០គោយន្តនោះទេ។ លោកថា គោយន្តមួយដឹកឈើបាន​​ប្រហែល៣ទៅ៤ម៉ែត្រ​គីប។

លោក​បន្ត​ថា ការ​ប្រមូល​អនុ​ផល​ព្រៃ​ឈើ​របស់​ក្រុម​ហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) បានរំលោភចូលក្នុងដែនតំបន់ការ​ពារ​ព្រៃ​ឡង់ ហើយ​គ្មាន​ការ​ចូល​ទប់​ស្កាត់ពីមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធឡើយ។

លោក​ថា៖ «បើតាមពួកខ្ញុំ​សម្ភាស​​កម្មករកាប់ឈើហ្នឹង គាត់ប្រាប់ថា មន្ត្រី​បរិស្ថាន​បាន​ចុះម​ក​ដល់​កន្លែង​គាត់​អារ​ឈើ​ហ្នឹងពីរ​បី​លើក​ហើយ​ដែរ ប៉ុន្តែមេការរបស់គាត់បានសម្របសម្រួលជាមួយមន្ត្រីបរិស្ថានហ្នឹង។ អ៊ីចឹងសុំអំពាវនាវដល់តុលាការខេត្ត​ព្រះវិហារ និងអង្គភាពប្រឆាំងអំពើពុករលួយ ​ជួយ​ស៊ើប​មើល​ករណី​ក្រុម​ហ៊ុន ម៉ាឃល ឡូជីស្ទិក កាប់ឈើនៅក្នុងតំបន់ព្រៃ​ឡង់​នេះ​ផង ព្រោះអ្វីដែល​ពួកខ្ញុំ​ឃើញ ​វា​មាន​ភស្តុតាង​ជាក់​ស្តែង»

មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃសហគមបណ្តាញយុវជនកម្ពុជា លោក អូត ឡាទីន ដែលបាន​ចុះ​​ល្បាត​​​ព្រៃ​​ឡង់​ផ្ទាល់ បានដាក់​ការ​សង្ស័យ​ថា ករណី​បទ​ល្មើសកាប់និង​ដឹក​ឈើពី​តំ​បន់​ព្រៃឡង់​​ចូល​ទៅ​ក្រុម​ហ៊ុន ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​មន្ត្រី​បរិ​ស្ថាននិង​អាជ្ញាធរ​ពាក់​ព័ន្ធ​នេះ ​អាច​ជាប់​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​ណាមួយ​រវា​ង​មន្ត្រីនិងក្រុម​ហ៊ុន។

លោកបន្តថា ក្រុមហ៊ុន​បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ធ្វើផ្លូវ​សម្រាប់បម្រើដល់ការដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ឱ្យ​បាន​​ស្រួល​ទៀត​ផង។ លោក​ថា សព្វ​ថ្ងៃ​ បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុងតំបន់ព្រៃឡង់គ្មានការថយចុះនោះទេ ក្រោយ​ពី​ក្រសួង​បរិស្ថាន​ហាម​​ក្រុមអង្គការសង្គមស៊ីវិល ​សកម្មជនព្រៃឈើ និង​សកម្មជនបរិស្ថានចូលត្បាតព្រៃមួយ​នេះ​រួច​មក។

លោកបន្ថែមថា៖ «ស្រប​ពេល​ដែល​មាន​ការ​ហាម​ឃាត់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល សកម្មជនបរិស្ថាន មិន​ឱ្យចុះល្បាត​​ព្រៃឡង់ហ្នឹង គឺមាន​សកម្មភាព​ចូល​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ជា​បន្ត​បន្ទាប់ ក្រៅពីការ​កាប់​ឈើ​ធ្វើ​អាជីវ​កម្ម យើងក៏ឃើញមានតំបន់មួយចំនួន​បាន​រងការ​កាប់ចម្ការ​ដាំ​ស្វាយ​ចន្ទី​ និងដំណាំផ្សេងៗផងដែរ។ អ៊ីចឹងហើយបានជាយើងមានការព្រួយបារម្ភពីការបាត់បង់ព្រៃយ៉ាង​ឆាប់រហ័សនៅពេលខាងមុខ»

វីអូឌី មិន​អាច​រក​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុម​ហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) បានទេ នៅថ្ងៃ​សុក្រ​នេះ។

យ៉ាងណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ​លោក សុង ច័ន្ទ​សុជាតិ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​បណ្ដាញព្រៃ​ឡង់ និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​។ លោកថា ចំណុច​ដែល​សកម្មជន​បរិស្ថាន​លើក​ឡើង​ថាមាន​សកម្មភាព​កាប់និងដឹកឈើនោះ គឺមន្ត្រីបរិស្ថានខេត្តទើប​តែចុះទៅពិនិត្យមើល ដោយពុំមានការដឹកឈើចេញណាមួយឡើយ។

លោកបន្ថែមថា៖ «ពួកខ្ញុំទើបតែចុះទៅល្បាតកន្លែងហ្នឹងកាលពីម្សិល​ម៉្ងៃមួយ​នេះ អត់​មាន​អី​ទាំង​អស់។ ផ្លូវទៅកន្លែងចំណុចស្រែអាចម៍ដែកហ្នឹង​ ក្លាយជា​អូរ​អស់​ហើយ។ ខ្ញុំសូមបញ្ជាក់ប្រាប់ថា ពួកខ្ញុំបានចុះធ្វើការរាល់ថ្ងៃ អត់ដែលទំនេរទេ»

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់បានគូសបញ្ជាក់ថា កន្លងមក ដោយតែងតែចាត់ទុក​ក្រុម​សកម្មជនបរិស្ថានទាំងនោះ​ថា ធ្វើស​កម្មភាព​ដើម្បីបម្រើផលប្រយោជន៍នយោបាយ ដោយ​តែង​តែ​ព្យាយាមបំភ្លៃព័ត៌​មាន និងចិញ្ចឹម​ទំនាស់​លើបញ្ហា​ព្រៃ​ឡង់ ក្រោមការរៀបចំច្បាស់លាស់មួយ​ពីម្ចាស់ជំនួយរបស់ពួកគេ។

លោកបន្ថែមថា៖ «អ្វីដែលក្រុមសកម្មជននយោបាយទាំងនោះ​បានឃើញ គឺស្ថិតនៅក្នុងដីក្រុមហ៊ុន ហើយ​ជា​ឈើ​ដែល​ក្រុមហ៊ុន​បាន​មកពីការប្រមូលផលអនុផលព្រៃឈើ ក្នុងអនុតំបន់២ អនុតំបន់៣ និងអនុតំបន់៤ នៃសម្បទានដី​សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអិនធី។ សម្ភារដែលប្រើប្រាស់ក្នុងការប្រមូលផលអនុផលព្រៃឈើក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច ក៏ត្រូវបានទទួល​ការអនុញ្ញាត​ស្រប​តាម​ច្បាប់​ដែរ ដូច្នេះគួរកុំព្យាយាមបំភ្លៃការពិត»

ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០ បណ្តាញ​សហគមន៍​ព្រៃឡង់ យុវជន និងអង្គការសង្គមស៊ីវិល ត្រូវបានមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរ​មូលដ្ឋាន ហាមឃាត់ទាំងស្រុង មិនឱ្យចូលល្បាតព្រៃក្នុងតំបន់ការពារ​មួយនេះបន្តទៀត ក្រោមហេតុផលសហគមន៍មិនបានចុះបញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែ​បណ្តាញព្រៃ​ឡង់​ទាំង​៤​ខេត្តលើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា មា​នមូ​ល​ហេតុចម្បង​មួយដែល​​ធ្វើ​ឱ្យ​បាត់បង់ព្រៃឈើ​​នៅ​តំបន់​ដែនជម្រកសត្វព្រៃមួយនេះបន្ថែមទៀត​ គឺការហាមឃាត់​ប្រជាសហគមន៍ចូលរួម​ការពារ​​។

យោងតាមទិន្នន័យ​ពីផ្កាយរណបកាលពីឆ្នាំ២០២១ បង្ហាញថា ដែនជម្រកសត្វព្រៃព្រៃឡង់​មានការកាប់ឈើដ៏អាក្រក់បំផុតក្នុង​ចំណោម​តំបន់​ការ​ពារ​ផ្សេង​ទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត១ម៉ឺនហិកតា (៩ ១១៩ហិកតា) ក្នុង​ឆ្នាំ២០២០ ដែល​កើន​ឡើង ២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ