សាលាក្ដីខ្មែរក្រហម​គ្រោង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក ខៀវ សំផន នៅ​ចុង​ខែកញ្ញា

លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក​ ខៀវ សំផន នៅព្រឹកថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ការជូនដំណឹងរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃសុក្រនេះ បានរម្លឹកថា អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមរបស់ខ្លួនប្រឆាំងនឹងលោក ខៀវ សំផន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយផ្តន្ទាទោសរូបលោក​ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើ​ប្រល័យ​ពូជ​សាសន៍​​ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។

លោក​ ខៀវ សំផន និងសហព្រះរាជអាជ្ញា បាន​ដាក់​បណ្តឹង​សាទុ​ក្ខ​ប្រឆាំងនឹងសាលក្រមនេះ ហើយ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គ​ជំនុំជម្រះតុលាការកំពូល បានបើកសវនាការស្តាប់សេចក្តីសន្និដ្ឋានដោយ​ផ្ទាល់​មាត់​ទៅលើ​បណ្តឹង​សាទុក្ខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ