កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​ទាមទារ​ទៅ​តុលាការ​ចេញ​ដីកា​ជាថ្មី​រក្សា​ការពារ​ទ្រព្យ​ក្នុង​រោងចក្រ​ទាំងមូល

កម្មករបម្រើការ​ងារ​នៅ​រោង​ចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិត​ក្នុងសង្កាត់​ចោម​ចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរា​គម​ន៍​​ ករណីថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កម្មករ​បម្រើការ​ងារ​នៅ​រោង​ចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិត​ក្នុងសង្កាត់​ចោម​ចៅ​ទី១ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃចន្ទនេះ ទាមទារឱ្យតុលាការចេញដីការក្សាការពារជាថ្មីទៀត ដើម្បីថែរក្សាទ្រព្យសម្បត្តិរោងចក្រចំនួន៣ចំណុច ខណៈថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវ​ច្បាប់។

ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចេញពី​សាលាដំបូងរាជធានីភ្នំពេញ ​ថាដើមចមដែលនាំឱ្យក្រុមកម្មករជាង២០០​នាក់​ទាមទារឱ្យតុលា​ការ​ចេញ​ដីការក្សាការពារទ្រព្យសម្បត្តិ​របស់​រោងចក្រទាំងមូលសាជាថ្មីទៀតនេះ ដោយ​សារ​កាល​ពី​ថ្ងៃទី​០៣ ខែ​សីហា​ តុលាកា​រ​សម្រេចចេញដីការក្សាការពារត្រឹមតែ​រឹបអូសជាបណ្ដោះអាសន្ននូវគ្រឿង​បរិក្ខារសម្ភារដែលជា​របស់​ក្រុមហ៊ុន ឃែនធើរេន អឹភែរឹល (ខេមបូឌា) តែប៉ុណ្ណោះ ចំណែកទីតាំង​ដី និងអគាររោងចក្រ តុលាការមិន​បានចេញដីការក្សាការពារ ដើម្បីទុកទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់នោះទេ។

អ្នកស្រី​បន្ថែមថា នៅពេលដែលគាត់ទៅជួបមន្ត្រីតុលាការនៅព្រឹកថ្ងៃនេះ មន្ត្រីតុលាការបញ្ជាក់ថា បើពួកគាត់មិន​សុខចិត្តនឹងការសម្រេចរបស់តុលាការ គាត់មានសិទ្ធិប្ដឹងជំទាស់លើសេចក្ដីសម្រេចនេះ។

ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថា បើតុលាការនៅតែមិនព្រមចេញដីការក្សាការពារទ្រព្យសម្បត្តិក្រុមហ៊ុនទាំង​អស់​ទេ នោះ​ពួកគាត់នឹងបន្តដាក់ពាក្យបណ្ដឹងជាថ្មីទៀតទៅសាលាដំបូង និងតុលាការជាន់ខ្ពស់ ដើម្បីឱ្យ​ជួយ​​រក​យុត្តិធម៌ដល់ពួកគាត់ដែលជាអ្នករងគ្រោះ។

អ្នកស្រីថ្លែងទៀតថា៖ «ចុងក្រោយ ខ្ញុំគ្មានអី មានតែហែទៅផ្ទះសម្ដេច ហ៊ុន សែន ទេ បើសិនជាផ្លូវច្បាប់ចេញពី​ក្រសួង​ការ​ងារ ហើយតុលាការដោះអត់ចេញ គ្រាន់តែតុលាការមានទី១ មានទី២ មានទី៣ ខ្ញុំអត់យល់ទេ! អ៊ីចឹង​ទេ ខ្ញុំ​នឹងទៅដល់អាទី៣។ យើងរងទុក្ខ យើងរងនូវភាពអយុត្តិធម៌ សុំឱ្យថៅកែរោងចក្រនៅស្រុកខ្មែរ ពេលដែលគាត់មកដាក់ទុន គាត់ត្រូវមើល មិនមែនអ្នកឯងបិទរោងចក្រ អ្នកឯងរត់ចោលដោយដៃស្អាត ហើយអ្នកឯងរួចខ្លួនទេ។ ខ្ញុំសុំអំពាវនាវហើយអំពាវនាវទៀតទៅប្រមុខរដ្ឋាភិបាលឃ្លាំមើលផង​ យើង​ខ្ញុំរងទុក្ខបីខែហើយ លុយ​ផ្ទះជួលក៏គ្មានឱ្យគេដែរ ដេកក្រោមតង់ ដេកនៅមុខរោងចក្រ ហាលថ្ងៃ ហាលភ្លៀង»។

បុគ្គលិក​រោង​ចក្រ​ឃែនធើរេន​​ម្នាក់ទៀត ដែលធ្វើការ​ផ្នែក​វេច​ខ្ចប់ អ្នកស្រី ឃុន សាវិន បានលើកឡើង​ថា ថៅកែរោង​ចក្រ​បាន​បិទ​ទ្វារ ហើយ​គេចវេះមិនបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់​ជាង​៣​ខែ​មក​ហើយ។ អ្នកស្រី​បន្ត​ថា បើថៅកែនៅតែបិទទ្វារ ដោយមិនព្រមទូទាត់ប្រាក់អត្ថប្រយោជន៍ដល់ក្រុមកម្មករទេ នឹងធ្វើឱ្យពួកគាត់ប៉ះពាល់ដល់ជីវភាពគ្រួសារកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត។

អ្នកស្រី​និយាយ​ថា៖ «ឱ្យក្រុមហ៊ុន​គិត​សំណង​ដល់​ខ្ញុំ​មក ដែល​កម្លាំង​ខ្ញុំ​ធ្វើការងារ​ជូន​គាត់​[ក្រុ​ម​ហ៊ុន]ចំនួន១០ឆ្នាំកន្លងមកនេះ។ ខ្ញុំជាស្ត្រីមេម៉ាយ ដើរតួធ្វើប្ដីផង ធ្វើពុកផង ធ្វើម្ដាយផង ខ្ញុំជំពាក់លុយគេ ប៉ះពាល់អារម្មណ៍ខ្ញុំ ខ្ញុំដេកអត់លក់ ខ្ញុំខ្លាចគេរឹបអូសយកផ្ទះ ខ្ញុំខាននៅ បានអីឱ្យកូននៅ ចៅនៅ ខ្ញុំចិញ្ចឹមចៅទៀត។ ហើយរាល់ថ្ងៃហ្នឹង ខ្ញុំដើរស៊ីឈ្នួលលាងចានឱ្យគេ បានមួយពេល ស៊ីមួយពេល វេទនាណាស់រាល់ថ្ងៃនេះ»។

អ្នកស្រីបន្ថែមថា៖ «ស្នើឱ្យក្រុមហ៊ុនដោះស្រាយ គិតគូរតាមផ្លូវច្បាប់ ខ្ញុំអត់ចង់បានអីទេ ខ្ញុំចង់បានតែតុលាការ ហើយ​សម្តេច ហ៊ុន សែន ជួយផ្តល់សំណងឱ្យខ្ញុំផង​ ដែលជាកម្លាំងញើសឈាមខ្ញុំ ខ្ញុំធ្វើជូនគាត់។ មិន​មែនគាត់អត់ចំណេញឬក្ស័យធន់ទេ គាត់ធ្លាប់អុកឡុកនៅកន្លែងរោចក្រចាក់អង្រែពី​១០​ឆ្នាំមុន​បាន ឥឡូវគាត់មកធ្វើនៅរោង​ចក្រ​ខ្ញុំ​ទៀត»។

ក្រុមកម្មករទាំងនោះព្រមានថា បើថៅកែរោងចក្រនៅតែពន្យារពេលមិនដោះស្រាយប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ក្រុមកម្មករទេ នោះពួកគាត់នៅបោះតង់ដេកយាមនៅមុខរោងចក្ររហូតដល់ថៅកែរោងចក្រ និងស្ថាប័នពាក់ព័ន្ធចេញមកដោះស្រាយបញ្ហានេះជូនពួកគាត់។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃចន្ទនេះ។

លោក ព្រំ ប៊ុនថន អះ​អាង​ថាជាមន្ត្រីផ្នែកគម្រោងសហភាពចលនាកម្មករកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌​មាន​នៅ​មុខសាលាដំបូងរាជធានីភ្នំពេញដែរ​ថា ការដែល​តុលាការមិនបានសម្រេចរក្សាការពារ​ទ្រព្យរបស់​ក្រុមហ៊ុន​ទាំង​មូល​នោះ​ បាន​​ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់កម្មករ។ ករណីនេះ លោកជំរុញទៅតុលាការ​ពិនិត្យនិង​ពិចារណា​ឡើង​វិញ ចំពោះសំណើរបស់កម្មករដែលទាមទារឱ្យរក្សាទ្រព្យរបស់រោងចក្រទាំងអស់ ហើយជួយ​ដោះស្រាយជូនកម្មករឱ្យស្របតាមច្បាប់ការងារជាដើម ទើបអាច​បញ្ចប់​ជម្លោះ​រវាងកម្មករនិងថៅកែរោងចក្របាន​។

លោកមានប្រសាសន៍ថា៖ «ខ្ញុំស្នើសុំឱ្យតុលាការពិនិត្យនិងពិចារណាឡើងវិញ ចំពោះ​ការចេញដីការក្សាការពារ គួរ​តែ​ពិនិត្យ​លើ​អង្គ​ច្បាប់​ជា​គោល ពីព្រោះអីមើលថា ច្បាប់ការងារ កម្មករគាត់ទទួលបានប៉ុន្មានចំណុច! ហើយករណីថៅកែរត់ចោល យើងត្រូវមានវិធានការបែបម៉េច ដើម្បីរក្សាទ្រព្យរបស់រោងចក្រទុកជាប្រយោជន៍កម្មករឡើងវិញ»។

បើតាមសហជីព ថៅកែរោងចក្រ​ ឃែនធើរេន នៅជំពាក់ប្រាក់ឈ្នួល​ចុង​ក្រោយ ប្រាក់​ជូន​ដំណឹង ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់ ដែលតាមការ​គណនា​បឋម​មាន​ទឹក​ប្រាក់​សរុប​ខ្ទង់​៧០​ម៉ឺន​ទៅ​៨០ម៉ឺន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ