សង្គមស៊ីវិលស្នើរដ្ឋាភិបាលសិក្សាផលប៉ះពាល់បរិស្ថាននិងសង្គម មុនផ្ដល់ដីដល់ក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

​អង្គការមិនមែនរដ្ឋាភិបាល មើល​ឃើញ​ថា ការវិនិ​​យោ​​គ​​​​នៅតំបន់ភ្នំតាម៉ៅ​ បានធ្វើឡើង​ដោយ​ខ្វះ​តម្លា​ភា​ព និង​​ហាក់​មិនបានសិក្សា​ឱ្យ​បានស៊ីជម្រៅ​ពីផលប៉ះពាល់បរិ​ស្ថាននិង​សង្គម ​តាំង​​ពី​​ដើម​ទី​រហូត​​ដល់​​​សម្រេចលុបគម្រោង​នៃ​ការ​អភិវឌ្ឍ​វិញ ខណៈ​ព​​ល​​​​រដ្ឋ​​​​ដែល​រស់នៅជុំវិញភ្នំតាម៉ៅ ក៏​ឯក​ភាព​ដែរថា នេះជាការវិនិយោគដែល​​ខ្វះការចូល​​រួមពី​​គ្រប់​​តួ​​​​​​អង្គ​ពាក់​ព័ន្ធ​នានា ហើយ​យន្តការ​នៃ​ការ​អភិវឌ្ឍ​​នេះ​ទៀត​សោធ អនុវត្ត​ទៅមិនដើរលើ​​គោល​​កា​​រ​​ណ៍និង​នី​តិវិធី​មួយចំ​នួនដូច​មាន​បញ្ញត្តិ​​នៅ​ច្បាប់​ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង​​ធន​​ធា​​ន​​​​ធម្មជា​តិ​ថែម​ទៀត​ផង។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​​​សិទ្ធិ​​កម្ពុ​​ជា លោក វណ្ណ សុផាត លើ​​ក​​​ឡើង​ថា ជាធម្មតា ​នៅក្នុងផែនការវិនិយោគនីមួយៗទាមទារជាចម្បង និងខ្វះមិន​​បា​​ន ​​​​​​​​គឺត្រូវ​សិ​​ក្សា​​ជា​ចាំបាច់​នូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម។

លោកបន្តថា ការ​​អ​​នុ​​វត្ត​​​​​គ​​ម្រោ​ង​​នេះ គឺត្រូវធ្វើទៅតាមដំណាក់កាលៗ ហើយលទ្ធផលដែលសម្រេច​​បាន​​ពីការសិក្សា​​ស្រា​​វ​​​​​​ជ្រា​វ​​នេះ ត្រូវ​​​​​ផ្ដល់​​ជូន​​ទៅពលរដ្ឋវិញ អំពីលទ្ធផលដែលបាន​​ឆ្លងកាត់​​ការ​​ពិ​​គ្រោះ​​​​យោបល់ អំពីបញ្ហា និងភាពប្រឈម រួមទាំងដំណោះស្រាយ។ ប៉ុន្តែការអភិវឌ្ឍ​នៅភ្នំតាម៉ៅនេះ លោកសង្កេតឃើញថា​​ ការវិ​​និ​​យោគ​ហាក់មិនបាន​​ឆ្លងកាត់​​​គ្រប់​ដំ​​​​ណាក់​កាល និង​ស្រប​តាម​នីតិ​វិធី​ដូច​មាន​ចែង​នៅក្នុងច្បាប់​​នោះ​​ទេ។

លោកបន្តថា៖ «អ៊ីចឹង​បាន​ថា​គាត់​អត់​បាន​ប្រកាស​ជាសាធារណៈថា គម្រោងហ្នឹងបានធ្វើការវាយ​​តម្លៃ​​ហេតុ​​​​ប៉ះពាល់បរិស្ថាននិងសង្គមពីពេលណាមក ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងសង្គមស៊ីវិល​​ផង ក៏មានសិទ្ធិស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីមើលពីរបាយការណ៍វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិ​ស្ថាននិង​សង្គម​ហ្នឹង ​ថាតើ​លទ្ធផល​ចេញ​មក​យ៉ាង​ម៉េច។ យើងសួរ​ថាតើយើង​ជ្រើស​រើស​សំណាក​ហ្នឹង​បាន​​​សុំ​សួរ​យោបល់ពីពលរដ្ឋជុំវិញភ្នំតាម៉ៅនោះ ហើយនិងអ្នកពាក់ព័ន្ធណាខ្លះទៀត»។

បើតាម​លោក វណ្ណ សុផាត រាល់គម្រោងវិនិយោគ ដែលទាមទារឱ្យមានការវាយតម្លៃ​​ពីហេតុ​​​​ប៉ះ​ពាល់បរិស្ថាននិងសង្គមនេះ គឺជាត្រីវិស័យមួយដែលជួយតម្រង់ទិសឱ្យការអភិវឌ្ឍ​មួយផ្ដល់​​​នូវ​​ផល​​​ចំ​​ណេ​​ញ​ដល់​​​គ្រប់​​តួ​​​អង្គ​​ដែលពាក់ព័ន្ធ មិនបង្កើតឱ្យមានការឈឺចាប់ និងមហន្តរាយដល់សង្គម និងបរិស្ថានទេ។

ស្រដៀងគ្នានឹងការលើកឡើងនេះដែរ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង​​ធនធាន​​ធម្ម​​ជា​​តិ នៃក្រសួងបរិស្ថាន មាត្រា៦ ចែងថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវអនុវត្តរាល់​​គម្រោ​ង និងសកម្មភាពរបស់ឯកជនឬសាធារណៈ ហើយត្រូវបានពិនិត្យនិងវាយតម្លៃ​​ដោយក្រ​​សួង​​បរិ​​ស្ថា​​ន មុននឹងដាក់ជូនរដ្ឋាភិបាលសម្រេច។ ការវាយតម្លៃនេះក៏ត្រូវបានអនុវត្តដែរ ចំពោះស​កម្ម​​ភា​​ព​​​​​ដែល​មាន​ស្រាប់ និងកំពុងដំណើរការ ហើយដែល​មិនទាន់​បានវាយ​​តម្លៃហេតុប៉ះពាល់បរិស្ថាន​​នៅ​​ឡើ​​យ​​​។

រស់នៅភូមិភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ អ្នកស្រី ពាម សុខុម លើកឡើងថា វាគឺ​​ជា​​រឿង​​ដែល​​ចម្លែក នៅពេលអ្នកភូមិឃើញគ្រឿងចក្រចូលឈូសឆាយដីព្រៃនៅភ្នំតាម៉ៅ។ អ្នកស្រីបន្ត​ថា ពួក​​គាត់​មិន​ដែល​បានទទួលដំណឹងណាមួយទាល់តែសោះពីអាជ្ញាធរ អំពីផែនការឈូស​​ឆា​​យ​​ដី​ព្រៃនៅ​​​តំ​​​​បន់​​អភិរក្ស ដែលសម្បូរទៅដោយជីវចម្រុះ និងសត្វព្រៃគ្រប់ប្រភេទនេះ។

បើ​​តាមអ្នកស្រី សុខុម មិនត្រឹមតែពលរដ្ឋទេ ដែលពុំដែលបានទទួលព័ត៌មានជុំវិញការវិនិ​​យោគ​​នេះ សូម្បីមន្រ្តីរដ្ឋបាលព្រៃឈើ​នៅក្នុងមូលដ្ឋាន ក៏គ្មានបានទទួល​​ដំណឹងណាមួយ​​ដូចគ្នានឹង​​ប្រជា​​​ព​​ល​រដ្ឋដែរ។

អ្នកស្រីបន្តថា៖ «មានប្រាប់ណា! គេអត់ប្រាប់ទេ! គេអត់មានបានជម្រាបប្រជាពលរដ្ឋទេ មានតែ​​បិទ​​។ ​​​​អត់​​​​ដឹងទេ! សូម្បីតែមេព្រៃដែលចាំនៅហ្នឹងក៏អត់ដឹងដែរ។ គេប្រាប់តែថ្នាក់លើៗ និងអ្នកធំ​​ៗ​​ហ្នឹង​​»​​។

មិន​ខុស​គ្នា​ទេ ព្រះគ្រូចៅអធិការវត្តថ្មអន្ទង ព្រះតេជព្រះគុណ សុត ផល្លី មានសង្ឃដីកា​ថា អាជ្ញា​​ធរ ឬភាគី​ក្រុម​ហ៊ុន មិន​ដែល​បាន​ផ្តល់​ព័ត៌​មាន​អំពីផែនការវិនិយោគនេះឱ្យពុទ្ធបរិស័ទ និង​​ព្រះ​​ស​ង្ឃ​​​​​​ដែលរស់នៅជុំវិញបរិវេណភ្នំតាម៉ៅបានដឹងនោះទេ។ ព្រះតេជព្រះគុណ​បន្តថា សុខៗ​ស្រាប់​តែ​​ឃើញ​​​គ្រឿង​​​ច​​ក្រ​​​​​ចូលឈូសឆាយព្រៃយកតែម្តង ដែលការនេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងមនុស្ស និង​សត្វ​នៅ​​ក្នុង​​តំ​​បន់​​ភ្នំ​​​​តា​ម៉ៅ។

ព្រះអង្គមានសង្ឃដីកាថា៖ «លោកអត់មានដឹងអីទេ លោកនៅតែមួយកន្លែង និងព្រៃៗអ៊ីចឹង​ហ្នឹង ឃើញ​តែគេ​​ជ​​ជែ​កគ្នាពេញតែព្រៃក្បែរវត្តហ្នឹង។ អត់មានដឹងអីសោះ ស្រាប់តែដូចលោតឆ័ត្រ​​មក​តែ​ម្តង។ ឃើញ​​តែ​​សត្វ​​វាផ្អើលពេញតែហ្នឹង ហើយវារត់ទៅអស់ទៅ យូរៗវាលរហោឋានអ៊ីចឹង​ទៅ គ្មាន​ដឹង​អី​ទេ»។

បើគេពិនិត្យទៅលើគម្រោង ទាំងសេចក្ដីបំភ្លឺរបស់ក្រសួងកសិកម្ម និងសេចក្ដីជូនដំណឹងស្តីពីកា​​រ​​ស្នើ​​​​​​​​កម្លាំងការពារ ដើម្បីបើកផ្លូវឱ្យមានការឈូសឆាយឯណេះវិញ គឺគ្មានប្រការណាមួយដែល​​បង្ហា​​ញ​​​​​​ពីកា​​រ​​សិ​​ក្សា​​ជាមុន ពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ដូចមាន​​បញ្ញត្តិ​​នៅ​​ក្នុង​​ច្បាប់​​ស្តីពីបរិស្ថានទេ​​។

លើសពីនេះទៅទៀត បើពិនិត្យទៅលើលិខិតបើកផ្លូវ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី កាល​​ពី​​ថ្ងៃ​​ទី​១៤ ខែ​មករា ឆ្នាំ២០២២ បង្ហាញថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន «ខ្មែរ ហ្វេស មីល» ទទួ​​​ល​​បានសិទ្ធិឈូស​​ឆាយព្រៃនៅ​​តំបន់​​ភ្នំ​​តា​​ម៉ៅទំហំ៨០០ហិកតា គឺ​មិន​បាន​បង្ហាញ​ពី​លទ្ធ​ផលនៃ​​​របា​​យការណ៍សិក្សាស្រាវជ្រាវពីការវាយតម្លៃហេតុ​​ប៉ះ​​ពា​ល់​​​​បរិស្ថាន និង​សង្គម​ទេ។ ដោយ​ឡែក កា​​​​ររកឃើញ​ដោយ​សារព័ត៌មាន Southeast Asia Globe កាលពីពេលថ្មីៗនេះ តាមរយៈ​​ផ្កាយ​​​រណប បង្ហាញ​ថា ក្រុមហ៊ុនឯកជនចំនួន៣ ជាប់ពាក់ព័ន្ធការទទួលបានដីព្រៃប្រ​​មាណ​​១ ៥០០ហិកតា នៅតំ​បន់ភ្នំតាម៉ៅ ពីរដ្ឋាភិបាល​នោះ ​ រួមមាន ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិន​ថ៍ (Bati Tourism & Development)»​ ​ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប ​ (TP Moral Group)» និង​​​ក្រុមហ៊ុន «ឆាយណា ប៉ោ​យប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)»។ ជា​លទ្ធផលនៃ​កា​ររ​​​ក​ឃើ​​​​ញនេះ ក៏មិនបានភ្ជាប់ជាមួយនូវ​របាយការណ៍នៃការវាយតម្លៃក្នុង​​ការ​​អនុវត្ត​​គម្រោង​​​របស់​ខ្លួន​​ដែរ​។

វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាននៅឡើយទេ។

របាយការណ៍របស់សារព័ត៌មានដដែល ឱ្យដឹងបន្ថែមថា លោក ឡេង ភត្រា ដែលគេ​​​ស្គាល់​​ជា​​ទូ​​ទៅ​​ថា ជា​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជានាយកក្រុមហ៊ុនអចលនទ្រព្យ «ឆាយណា ប៉ោយប៉ែត សែ៍​​ថឺឡាយន៍ ស៊ីធី» ហើយក៏ដូចជា​ម្ចាស់​ក្រុម​ហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment ដែរ។

​លោក ឡេង ណាវ៉ាត្រា ដែលប្រើឈ្មោះជាម្ចាស់ក្រុមហ៊ុន «ឆាយណា ប៉ោយ​​ប៉ែ​​ត»​​ កាលពីថ្ងៃទី​២៨ ខែ​កក្កដា បានដាក់​ស្នើលិខិតមួយច្បាប់​ទៅអភិបាលខេត្តតាកែវ ដើម្បី​​សុំ​​កម្លាំង​​​​កង​​រាជ​​អា​​វុធហត្ថ​​ខេត្ត​តាកែវ ជួយការពារពីផែនការឈូសឆាយដីព្រៃ ដែលនឹងត្រូវចាប់ផ្តើម​នៅ​​ថ្ងៃទី​១ ខែ​សី​ហា ក្នុ​​ង​​ទំហំដីជាង៥០០ហិកតា នៅភ្នំតាម៉ៅ។ ប៉ុន្តែលិខិតដែលភ្ជាប់ជាមួយការ​ស្នើ​សុំ​កង​​​កម្លាំងនេះ ក៏​​​​គេ​​​​​​រក​​មិន​ឃើញ​ពីរបាយការណ៍នៃការសិក្សាពីការវាយតម្លៃ​​ហេតុប៉ះពាល់​​​បរិស្ថាន និង​​​សង្គមដែរ។

លោក យឹម សុវណ្ណ ជាអតីតតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ធ្លាប់បានរិះគន់ពីការធ្វើច្បាប់​នៅក្នុងរដ្ឋសភា អំឡុងពេលលោកនៅជា​សមាជិក​សភា​ថា ដោយ​សារ​​ការ​​​អនុវត្ត​​ច្បាប់មិនបានត្រឹមត្រូវ ទើបធ្វើឱ្យ​ធនធានធម្មជាតិត្រូវបានបំផ្លាញ ហើយ​​អ្នកដែល​​ចំណេ​​ញ​​គឺ​​ជាឈ្មួញទុច្ចរិត ជ្រកក្រោមផ្លាកអភិវឌ្ឍន៍។

លោកបន្តថា៖ «ប្រទេសកម្ពុជាមិនខ្វះដីទេ ចំនួន១៨១ ០៣៥​គីឡូម៉ែត្រក្រឡា។ នៅទីក្រុង​​ភ្នំពេញ​ ដី​​​ប៉ែក​​ខាងត្បូង ប៉ែកខាងជើង ប៉ែកខាងលិច និងប៉ែកខាងកើត ដីអាចនៅអភិវឌ្ឍបានទាំងអស់ មិន​​អត់ដីដូចនៅសិង្ហបុរីទេ។ មិនចាំបាច់ដាក់ដីបំពេញសមុទ្រ មិនចាំបាច់ចាក់ដីបំពេញបឹង ដើម្បី​​អភិវឌ្ឍ​​​​​​ដូចនៅសិង្ហបុរីទេ។ នៅសិង្ហបុរី គេខ្វះដី គេទិញដីដាក់បំពេញសមុទ្រ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​​មិន​ខ្វះទេ។ ហើយបើអភិវឌ្ឍន៍​ត្រឹម​ត្រូវ ខ្ញុំជឿថាសប្បាយ​​ទាំង​អស់​គ្នា ទាំង​អ្នក​ក្រុង និង​អ្នក​ស្រែ។ បើ​​យើង​​​យកគម្រោងហ្នឹងទៅអភិវឌ្ឍ ដាក់ទៅខាងដីស្រែដែល​គ្មាន​បឹង​ទៅ ប្រជាពលរដ្ឋ​គាត់​លក់​​​ទៅ​ក៏​​បាន​​ចំណេញ ហើយក្រុមហ៊ុន ដែលអភិវឌ្ឍន៍​ទៅក៏បានចំណេញ »។

ក្រោយពីមានប្រតិកម្មពីមហាជន និងពលរដ្ឋនៅលើបណ្ដាញសង្គម បានបង្ខំចិត្ត​ឱ្យលោកនាយក​​រដ្ឋ​​​​មន្រ្តី ហ៊ុន សែន សម្រេចលុបចោលរាល់​​គម្រោងអភិវឌ្ឍន៍​នៅភ្នំតាម៉ៅទាំងអស់។ ការនិរាករដ៏​ប្រញាប់​ប្រញាល់ កាលពីថ្ងៃទី៧ ខែសីហា តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នេះ​​ ក៏​​ទ​ទួ​ល​បានការសាទរដែរពីអ្នកដែលព្រួយបារម្ភចំពោះវាសនាភ្នំតាម៉ៅ និងជីវិតសត្វគ្រប់ប្រភេទ នៅ​​លើ​តំបន់​​ភ្នំ​​​​មួយ​​នេះ។

ទន្ទឹមនឹងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីនេះ ពួកគេក៏ដាក់​​ការ​​ព្រួយ​​បា​​​រម្ភ​ដែរថា ការនិរាករវិនិយោគនៅភ្នំតាម៉ៅនៅពេលនេះ អាច​មាន​ជោគវាសនា​​ដូចបឹងតា​​មោ​ក​​​​​​ដែរ។ រដ្ឋាភិបាលក៏ធ្លាប់និរាករ ឬលុបចោលគម្រោងវិនិយោគនៅ​​បឹងតាមោកជាយក្រុង​​ភ្នំ​​ពេ​​ញ​​​​ដែរ កាលពីឆ្នាំ​​២​​០​​២០កន្លង​ទៅ។ ប៉ុន្តែមិនយូរប៉ុន្មាន ដីបឹងតាមោកនេះក៏ត្រូវបានរដ្ឋាភិបាលធ្វើ​​ជា​អនុបយោគកាត់ឱ្យឯកជនឡើងវិញ។

បើតាមលោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​​​សិ​​ទ្ធិ​​​​មនុស្សកម្ពុ​​ជា លើ​ក​​ឡើងថា អ្វីដែលជាមេរៀនដែលរដ្ឋាភិបាលគួររៀនសូត្របាន​ពីការសម្រេចចិត្តដោយ​​មិន​​​​ផ្អែ​​ក​​​​​លើគោលការណ៍ច្បាប់និងនីតិវិធីនេះ គឺជាគ្រោះថ្នាក់មួយសម្រាប់​​ជីវិតនយោ​​បាយ​​។

មិន​​តែ​​​ប៉ុណ្ណោះ រដ្ឋធម្មនុញ្ញបានកំណត់ហើយថា ពលរដ្ឋគឺជាម្ចាស់នៃអំណាច ហើយអ្វីៗសម្រេច​​នៅ​លើ​​​​​ពលរដ្ឋ។

ក្នុងន័យនេះ លោក​ថា ប្រសិនបើការសម្រេចចិត្តមួយដែលមិនបានពិនិត្យឱ្យដិតដល់ទេ វាមិន​​ខុស​​​​ពីការសម្លាប់ឆ្នាំងបាយរបស់ខ្លួននោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ