អង្គការ​សហប្រជាជាតិ​រកឃើញថា​មា​ន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

នៅថ្ងៃអង្គារ ទី៩ ខែសីហា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថាមានភស្តុតាងបង្ហាញពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងអំពើឃាតកម្ម ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន CNA

យន្តការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា (IIMM) បាននិយាយថា ស្ត្រី និងកុមារ គឺជាគោលដៅនៃការរំលោភបំពាន។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «មានភស្តុតាងគ្រប់គ្រាន់បង្ហាញថា ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ មានឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

យោធា​មីយ៉ាន់ម៉ា​បាន​ដណ្ដើម​អំណាច ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​មុន ដោយ​បាន​បណ្ដេញ​រដ្ឋាភិបាល​ស៊ីវិល និង​ចាប់​ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)​ ។

របបយោធាបានបង្រ្កាបក្រុមអ្នកប្រឆាំងដោយហិង្សា ដែលបានសម្លាប់ជនស៊ីវិលជាង២ ១០០នាក់ និងជិត១៥ ០០០នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។

ក្រុមស៊ើបអង្កេតបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ក្នុងរយៈពេល១២ខែ រហូតដល់ចុងខែមិថុនា «ទំហំនៃឧក្រិដ្ឋកម្មអន្តរជាតិដែលកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងកាន់តែច្រើនជាងមុន»។

IIMM ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០១៨ ដើម្បីប្រមូលភស្តុតាងឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុត និងរៀបចំឯកសារសម្រាប់ការកាត់ទោសព្រហ្មទណ្ឌ ដោយសហការជាមួយតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

យោងតាមភស្តុតាងដែលប្រមូលបាន បានបង្ហាញថា «ឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ រួមទាំងការរំលោភសេពសន្ថវៈ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ និងឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ត្រូវបានប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ និងក្រុមប្រដាប់អាវុធ»។

លោក នីកូឡាស គុមជៀន (Nicholas Koumjian) ប្រធាន IIMM បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងផ្តោតជាពិសេសលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើស្ត្រី និងកុមារ ដែលស្ថិតក្នុងចំណោមឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ។

របាយ​ការណ៍​បាន​រក​ឃើញ​ថា កុមារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាត្រូវ​បាន​​សម្លាប់ ធ្វើ​ទារុណកម្ម និង​បង្ខាំង​តាម​អំពើ​ចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ