អតីត​ប្រធានាធិបតី​ស្រីលង្កា​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសថៃ​ដើម្បី​សុំសិទ្ធិ​ជ្រកកោន​បណ្ដោះ​អាសន្ន

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

យោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនបណ្តោះអាសន្ន។

ប្រភពចំនួនពីរដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោក Rajapaksa នឹងចាកចេញពីប្រទេសសិង្ហបុរី ទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍។

ក្រសួងការបរទេសស្រីលង្កា មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។ រីឯអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី រ៉ាត់ចាដា ថាណាឌីរិក (Ratchada Thanadirek) បានប្រាប់ Reuters ថា «មិនមានអ្វីត្រូវអត្ថាធិប្បាយឡើយ»

គួរបញ្ជាក់ថា លោក Rajapaksa បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសដែលកំពុងមានវិបត្តិ តាមប្រទេសម៉ាល់ឌីវ និងបន្ទាប់ពីការបះបោរទ្រង់ទ្រាយធំដែលបានបង្ខំឱ្យលោកលាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសដែនកោះមួយនេះ។ លោកក៏បានដាក់លិខិតលាលែងពីតំណែងតែប៉ុន្មានម៉ោងបន្ទាប់ពីមកដល់ប្រទេសសិង្ហបុរី។

នៅ​ពេល​នោះ រដ្ឋាភិបាល​សិង្ហបុរី​បាន​និយាយ​ថា លោក​មិន​​ទទួលបាន​សិទ្ធិ​ជ្រកកោន​ទេ ហើយលោក​កំពុង​នៅ​ក្នុង​ប្រទេសសិង្ហបុរី​ក្នុង​ដំណើរ​ទស្សនកិច្ច​ឯកជនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ