តុលាការ​​បើក​​សវនាការ​​សំណុំរឿង​ចោទ​ប្រកាន់​លោក សម រង្ស៊ី ចុះ​កិច្ចព្រម​ព្រៀង​​កាត់​​ខេត្ត​កម្ពុជា​​នៅ​ភាគឦសាន​ចំនួន​៤​​​ ឱ្យ​​ជនជាតិ​​​ម៉ុងតា​ញ៉ា

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ធ្វើសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងថ្ងៃខួបគម្រប់ ៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ (ហ្វេសប៊ុកលោក សម រង្ស៊ី)

សាលា​ដំបូងរាជធានីភ្នំពេញ បានបើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក សម រង្ស៊ី ក្រោម​បទចោទ​ប្រកាន់ «ប៉ុនប៉ង​ប្រគល់​ឱ្យរដ្ឋ​បរទេស​» ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត ប្រគល់​ឱ្យជនជាតិ​ដើម​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បី​រស់នៅ​។

សាលា​ដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​បើក​សវនាការ​កំបាំង​មុខ​ប្រឆាំង​លោក លោក សម រង្ស៊ី ដែល​ជា​ជន​ជាប់ចោទ ប៉ុន្តែ​នៅ​ចំពោះមុ​ខ​មេធាវី​ដែល​តុលាការ​បាន​ចាត់តាំង ដើម្បី​ការពារ​ឱ្យ​លោក សម រង្ស៊ី ចំនួន ២រូបគឺ លោក យ៉ុង ផានិត និងលោកស្រី ស៊ិន ស៊ីវន។

ក្នុង​បន្ទប់​សវនាការ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បាន​អាន​ភស្តុតាង​ដែល​នគរបាល​យុត្តិធម៌ និង​ឯកសារ​ដែល​លោក សម រង្ស៊ី បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​ជនជាតិដើមភាគ​តិច​ម៉ុងតាញ៉ា លោក កុក ស នៅ​សហរដ្ឋអាមេរិ​ក​ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣​។

បើតាម​កិច្ចព្រមព្រៀងនោះ​ លោក សម រង្ស៊ី  បាន​សន្យាកាត់ទឹកដីកម្ពុជា​ចំនួន​៤ខេត្ត នៅ​ភូមិភាគ​ឦសាន ប្រគល់ឱ្យជន​ជាតិភាគតិច​ម៉ុងតាញ៉ា រស់នៅជាមួយ​នឹង​ប្រជាពលរដ្ឋខ្មែរ។​ ខេត្តទាំងនោះ មាន​ខេត្តមណ្ឌលគិរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ។

ឯកសារ​ដែល​ចៅក្រម​បានអាន​ក្នុង​បន្ទប់សវនាការនោះ​​បញ្ជាក់​​ថា ការ​កាត់ទឹកដី​ខ្មែរចំនួន ៤ខេត្ត នឹង​ត្រូវ​ប្រគល់​ឱ្យជនជាតិដើមភាគតិ​ច​ម៉ុងតាញ៉ា រស់នៅ បន្ទាប់​ពី​បង្កើត​បាន​រដ្ឋាភិបាល​ថ្មីមួយ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ចៅក្រម​បាន​អាន​ឯកសារដែលជា​សម្រង់សម្តីរបស់លោក សម រង្ស៊ី ដែលបានថ្លែង​ថា៖ «នៅ​ពេលដែ​ល​យើង​បង្កើតបា​ន​រដ្ឋាភិបាលថ្មីមួយ យើង​នឹង​ប្រគល់​ទឹកដី​នៅ​ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំង​ធនធានធម្មជាតិ រ៉ែ ជាដើម ឱ្យជនជាតិម៉ុងតាញ៉ា ដើម្បីឱ្យពួកគេ​មានសិទ្ធិ និង​បាន​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋកម្ពុជា»

ក្រោយពី​ប្រធានក្រុមប្រឹក្សា​អានឯកសារភស្តុតាងរួច តំណាង​អយ្យការលោក ប្លង់ សុផល បានធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ ដោយលើកឡើងថា លោក សម រង្ស៊ី ពិតជា​បានប្រព្រឹត្តបទល្មើសមែន។ តំណាងអយ្យការរូបនេះ​ចាត់ទុកការ​កាត់ទឹកដីខ្មែរចំនួន ៤ខេត្ត ឱ្យជនជាតិម៉ុងតាញ៉ា ថា ជាអំពើក្បត់ជាតិ ដោយសារ ជនជាតិ​ម៉ុងតាញ៉ា មិនមែនជនជាតិខ្មែរឡើយ ដែលពួកគេជា​ជនជាតិភាគតិច​រស់នៅតំបន់ភ្នំ ក្នុងប្រទេសវៀតណាមតែប៉ុណ្ណោះ។

លោក ប្លង់ សុផល ស្នើទៅ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យផ្ដន្ទាទោសលោក សម រង្ស៊ី ដោយថា កិច្ចព្រមព្រៀងដែល​លោក សម រង្ស៊ី បានចុះហត្ថលេខានោះ បានផ្ទុយពី​រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ​ផងដែរ។

មួយវិញទៀត លោកថា កន្លង​មក លោក សម រង្ស៊ី ក៏បាននិយាយ​ក្នុងបទសម្ភាស៍ជាមួយ​សារព័ត៌មាន ដោយទទួលស្គាល់ថា លោកពិត​ជាបាន​ចុះកិច្ច​ព្រមព្រៀង​កាត់ដីកម្ពុជា​ចំនួន​៤ខេត្តទៅឱ្យ​ជនជាតិម៉ុងតាញ៉ាមែន។

លោកថា៖ «តំណាង​អយ្យការ​យល់ថា ជន​ជាប់ចោទ​ពិតជាមា​ន​ពិរុទ្ធភាព​មិនអាចអត់អោន និង​បន្ធូរបន្ថយ​បានឡើយ។​ ក្នុង​នាម​ជា​ពលរដ្ឋខ្មែរ​ ការ​កាត់​ទឹកដី​ឱ្យ​រដ្ឋបរទេស​ដោយផ្នែក​ណាមួយ ឬទាំងស្រុង ​ជា​អំពើក្បត់​ជាតិ​»។

តែសម្រាប់​មេធាវី​ការពារក្ដីឱ្យលោក សម រង្ស៊ី គឺលោក យ៉ុង ផានិត លើកឡើងថា តំណាង​អយ្យការ​មិនអាច​ចោទកូនក្ដីលោក​ «ប៉ុនប៉ង​ប្រគល់​ឱ្យរដ្ឋបរទេស» បានឡើយ ដោយសារ កិច្ចព្រមព្រៀង​ដែលកូនក្ដីបានធ្វើនោះ វាទើបនឹងរៀបចំ​មិនទាន់បានអនុវត្តទេ។ លោក​ចាត់ទុកការលើកឡើង​របស់កូនក្ដីដែលថា ពេល​គណបក្សខ្លួន​ឈ្នះ បង្កើត​បានរដ្ឋាភិបាល​ថ្មីនឹង​ប្រគល់ខេត្តទាំង៤ ឱ្យជនជាតិ​ម៉ុងតាញ៉ារស់នៅនោះ វាគ្រាន់តែជា​ការស្រមើស្រមៃ​តែប៉ុណ្ណោះ​។

លោក យ៉ុង ផានិត ថា ការចោទ​ប្រកាន់កូនក្ដីលោកតាមមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ ពីបទ«​ប្រគល់ឱ្យរដ្ឋបរទេស» នោះក៏​មិនត្រឹមត្រូវដែរ ដោយសារ ម៉ុងតាញ៉ា មិនទាន់​មានរដ្ឋឡើយ។ លោកស្នើទៅ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះឱ្យលោក សម រង្ស៊ី រួចផុតបទចោទ​ប្រកាន់។

វីអូឌី មិនទាន់​អាចសុំការឆ្លើយតបពី​សហស្ថាបនិក​គណបក្សសង្រ្គោះជាតិ​ដែល​ត្រូវបានតុលាការរំលាយលោក សម រង្ស៊ី បានទេ នៅថ្ងៃនេះ។

ក្រោយពី​បើកសវនាការប្រហែល ១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចប្រកាស​សាលក្រមសំណុំរឿងនេះ​នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ