កម្ពុជាតាំងចិត្តទប់ស្កាត់បទឧក្រិដ្ឋជួញដូរមនុស្សក្រោយអាមេរិកដាក់ក្នុងបញ្ជីខ្មៅ

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កំពុងឡើងថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ រូបភាព(ហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit)

ក្រុមមន្ត្រីរបស់រដ្ឋាភិបាល បានបង្ហាញការខកចិត្តលាយឡំនិងការប្តេជ្ញារួមគ្នាដើម្បីបង្កើនវិធានការ កាត់បន្ថ​យប្រសិទ្ធភាពបទឧក្រិដ្ឋជួញដូរមនុស្សលើ​​ទឹកដីកម្ពុជា ខណៈសហរដ្ឋអាមេរិកដាក់កម្ពុជាចូលទៅក្នុងបញ្ជី​ខ្មៅនៃការជួញដូរ​ម​នុស្ស​​​របស់ខ្លួន ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទកាសែត ស្តីពី«ស្ថានភាព នៃការជួញដូរមនុស្សនៅកម្ពុជា» ដែលមានតំ​ណាងពីក្រ​សួងមហាផ្ទៃក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុ​ទ្ធ​ជន និងយុវនីតិសម្បទា និងអង្គការដៃគូមួយចំនួនចូលរួម ដើម្បីជាការឆ្លើយតបទៅនឹងការដែលសហរដ្ឋអា​មេ​​រិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ឬបញ្ជីខ្មៅនៃការជួញដូរមនុស្ស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានលើកឡើងថា អំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ ហើយបច្ចុប្បន្ន ឧ​​ក្រិដ្ឋ​ជន មានកលល្បិចខ្ពស់ ក្នុងសម័យបច្ចេកវិទ្យានេះ ដែលពួកគេ ធ្វើសកម្មភាពទាក់ទងបណ្តាញឆ្លងដែន តា​មប្រព័ន្ធអនឡាញ  ដែលបញ្ហានេះកំពុងកក្រើកឡើងលើពិភពលោកដែលលោកស្រីហៅថា វិបត្តិសកល។

ដោយឡែកនៅកម្ពុជាវិញលោកស្រីថា បើទោះបីរដ្ឋាភិបាលខំប្រឹងបង្កើតច្បាប់នានា ព្រមទាំងបង្កើតនូវវិធា​នកា​រទប់ស្តាត់ រហូតបង្កើតអន្តរក្រសួងចំនួន៦ក្រុម ដើម្បីការពារជនរងគ្រោះ មានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ នគរបាលជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដើម្បីការពារជនរងគ្រោះ រហូតដល់ថ្នាក់ក្រោមជាតិ ។

ប៉ុន្តែលោកស្រីថា ភាពប្រទាក់ក្រឡារបស់ក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលនេះ នៅតែមានការខ្វះចន្លោះ ដោយសារតែបច្ចុប្បន្នឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រព្រឹត្តបទល្មើសនេះលើទឹកដីកម្ពុជា ។

លោកស្រីថា៖«ប៉ុន្តែវាស្រួលប៉ុណ្ណានៅពេលដែលយើងតាមដានរកជនល្មើសដែលពាក់ព័ន្ធតាមប្រព័ន្ធអនឡាញនោះ? សឺវើ (server) មិនមែននៅកម្ពុជាទេ ។អីចឹងយើងនៅតែគិតថានេះជាភាពឆកល្វែងហើយដែលយើងកំពុងតែគិត  បច្ចុប្បន្នថាយើងត្រូវធ្វើយ៉ាងម៉េចទៀត ដើម្បីឱ្យអំពើជួញដូរមនុស្សហ្នឹងគេហៅថា បំបាត់ប្រសិទ្ធភាពនៃបទឧក្រិដ្ឋហ្នឹង ហើយនឹងតាមដានឱ្យជនល្មើស និងយកមកផ្តន្ទាទោសឱ្យបាន »។

តំណាងក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា នៅឆ្នាំ២០២១ បទល្មើសជួញដូរមនុស្សសមត្ថកិច្ចបង្ក្រាបបាន៣​៥៩លើក ដែលជាការកើនឡើង២ដង ធៀបនឹងឆ្នាំ២០១៩មានត្រឹម១៥៥ករណីប៉ុណ្ណោះ ប៉ុន្តែលោ​ក​ស្រី បង្ហាញពីការឈឺចាប់ ទៅលើឧក្រិដ្ឋជនមួយចំនួន ដែលត្រូវបានគេរាយការណ៍បានយកកម្ពុជាធ្វើ​​​ជា​​ក​ន្លែងជួញដូរ ដែលជាផ្នែកមួយត្រូវបានគេរាប់បញ្ជូលទៅក្នុងរបាយការណ៍វាយតម្លៃចំណាត់ថ្នាក់លេ​ខ​៣​​នោះ ដែលលោកស្រីថាជាចំណាត់ថ្នាក់បាតតារាង ។

លោកស្រីថា៖«ចំពោះយើងខ្ញុំដែលជាអ្នកធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគឺយើងឈឺចាប់ខ្លាំងណា​ស់​ពីព្រោះយើងគិតថាយើងខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋមិនឱ្យរងគ្រោះដោ​យ​អំពើជួញដូរមនុស្សតែទីបំផុតគេនៅតែយកទឹកដីកម្ពុជា ដើម្បីមកធ្វើបទល្មើសគេហៅថាឱ្យយើងប្រឈ​ម​ជាមួ​យបទល្មើសនេះទាល់តែបាន»។

យ៉ាងណាឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន លោកស្រីថា កម្ពុជាទទួលយកការវាយតម្លៃនោះព្រោះថាវាបានផ្សព្វផ្សាយពេញពិភពលោកទៅហើយ តែថា ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នេះ ក្រសួងពាក់ព័ន្ធកំពុងរៀបចំផែនការប្រតិបត្តិការពិសេសសម្រាប់ការស្រាវជ្រាវ រកស្ថានភាពលាក់កំបាំងពីអំពើជួញដូរមនុសុ្សនៅលើទឹកដីកម្ពុជា។

ដូចគ្នានេះដែរ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្រី យក់ សុខា បានថ្លែងថា កម្ពុជានៅតែគិតថា វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជួញដូរមនុស្សនៅលើទឹកដីកម្ពុជានេះជាភារកិច្ចស្នូល របស់នគរបាលជាតិ ដើម្បីការពារសុខសុវត្ថិភាព សុខុមាលភាព និងសន្តិសុខជូនដល់ប្រជាជនកម្ពុជាទាំងមូល។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក កេង សុមារឹទ្ធ បានលើកឡើងថា ការដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ក្នុងបញ្ជីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលអនុម័តដោយរដ្ឋសភាអាមេរិកនេះ បានភ្ជាប់ទៅនឹងអនុសាសន៍១៦ចំនុច នៃហានិភ័យបទល្មើសសម្អាតប្រាក់ ដែលក្រសួងយុត្តិធម៌កំពុងប្រយុទ្ធប្រឆាំងដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ។

លោកថា៖«បើទោះបីមិនមែនជាចំណាត់ថ្នាក់ ក៏កម្ពុជាត្រូវតែយកចិត្តទុកដាក់លើកិច្ចការងារនេះ ក្នុងនាមជា​​រ​ដ្ឋ​មួយដើម្បីការពារនូវផលប្រយោជន៍ឧត្តមប្រយោជន៍សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកម្ពុជានិងប្រ​ទេ​សទាំ​ងឡាយណាដែលមានវត្តមាននៅលើទឹកដីកម្ពុជា កុំឱ្យធ្លាក់ចូលទៅក្នុងការជួញដូរមនុស្ស កុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះ»។

នាយ​​ក​ប្រតិ​បត្តិ​អង្គ​ការត​ម្លាភាព​កម្ពុជា លោក​ ប៉ិច​ ពិ​សី បង្ហាញការព្រួយបារម្ភថា បើកម្ពុជាមិនអាចទប់ស្កាត់បទល្មើសជួញដូរមនុស្សបានទេ កម្ពុជានឹងរអិលធ្លាក់ទៅក្នុងប្រទេសលាងលុយខុសច្បាប់ ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីឃ្លាំមើលការសម្អាតប្រាក់ស្រាប់នោះ។

លោកថា៖ «កាលណាប្រទេសយើងមានការជាប់ពាក់ព័ន្ធទៅហ្នឹង គឺជាអូតូម៉ាទិកតែម្ដង គឺយើងអាចជាដែនដី​មួយ​ដែល​មាន​ហានិភ័​យនៅក្នុង​ការ​ជាប់​ពាក់​ព័ន្ធនៅក្នុងការលាងលុយកខ្វក់ ​[លុយខុសច្បាប់] ដែលអាហ្នឹង​ជា​បញ្ហាមួ​យ​ធំ​ណាស់​ដល់​ចរន្តនៃការវេរលុយចេញចូលកម្ពុជា»។

បើតាម​លោក ប៉ិច ពិសី បញ្ហានេះ​ កម្ពុជានឹងបាត់ឱកាសក្នុងការទាក់ទាញ​អ្នកវិនិយោគដែលមានសក្ដានុពល​ ដែល​មាន​ស្តង់ដារ និង​មានបញ្ហាផ្ទេរ​ប្រាក់ពី​កម្ពុជា​ទៅក្រៅប្រទេស និងពីក្រៅប្រទេស​មក​កម្ពុជា តាមយន្ត​ការ​ហិរញ្ញវត្ថុអន្តរជាតិ។

​សហរដ្ឋអាមេរិក តាមរយៈក្រសួងការបទេសរបស់ខ្លួន កាលពីថ្ងៃទី២០កក្កដាឆ្នាំ២០២២នេះ បាន​ដាក់កម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួន។

វិធានការនេះសហរដ្ឋអាមេរិកសម្អាងថា ​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រទេស​កម្ពុជាកំពុ​ង​មានការ​កើ​នឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ពលករ​ចំណាក​ស្រុក ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​គំនិត​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

តែយ៉ាង​ណា អាមេរិកក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជាបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់ពីការ​​ងារ​ដោយ​បង្ខំ និង​ប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីមួយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២២នេះ បាន​បង្ហាញការ​តាំង​ចិត្ត​បន្តស្វែងរកមូលហេតុនៅពីក្រោយបញ្ហានេះ ដើម្បីធ្វើការកែលម្អ​ចំណុចសេស​សល់ ដោយ​សម្អាង​ថា ចំណាត់ថ្នាក់នេះអាចជាការបើកផ្លូវមួយ​ឱ្យកម្ពុជារងនូវការដាក់ទណ្ឌ​កម្ម​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ