អាជីវករ​ផ្សារអូរឫស្សី​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចុះ​ថ្លៃតូប​៥០​ភាគរយ

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ អាជីវករប្រមាណ៣០០នាក់បានប្រមូលផ្ដុំគ្នាកន្លែងទទួលញត្តិរបស់មន្ត្រីខុទ្ទកាល័យ នៅក្រោមដើមពោធិ៍ ក្បែរវត្តបទុមវតី ដើម្បីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចុះតម្លៃតូបត្រឹម៥០ភាគរយ នៃតម្លៃអាណត្តិចាស់ ឆ្នាំ២០០០ និងសុំបន្តសុពលភាពបណ្ណថ្មីរហូតដល់ឆ្នាំ២០៤០។ (ហ៊ាន រង្សី)

អាជីវករលក់ដូរនៅផ្សារអូរឫស្សី បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍បញ្ចុះតម្លៃតូប៥០ភាគរយ ដោយអះអាងថា ពួកគេពុំមានលទ្ធភាពបង់ ក្រោយជួបវិបត្តិជំងឺកូវីដ-១៩។

ការស្នើ​របស់អាជីវករលក់ដូរនៅផ្សារអូរឫស្សីនេះ ធ្វើឡើងក្នុងពេលពួកគេប្រមាណ៣០០នាក់បានប្រមូលផ្ដុំគ្នាកន្លែងទទួលញត្តិរបស់មន្ត្រីខុទ្ទកាល័យ នៅក្រោមដើមពោធិ៍ ក្បែរវត្តបទុមវតីនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចុះតម្លៃតូបត្រឹម៥០ភាគរយ នៃតម្លៃអាណត្តិចាស់ ឆ្នាំ២០០០ និងសុំបន្តសុពលភាពបណ្ណថ្មីរហូតដល់ឆ្នាំ២០៤០។

ក្នុងញត្តិចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លើកឡើងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្រុមអាជីវករយ៉ាងធ្ងន់ធ្ងរ ហើយទើបតែបានធូរស្រាលឡើងវិញប៉ុណ្ណោះ ខណៈការលក់ដូររបស់ពួកគេនៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ ដោយអាជីវករមួយចំនួនធំបានជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុថែមទៀតផង។

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ អាជីវករប្រមាណ៣០០នាក់បានប្រមូលផ្ដុំគ្នាកន្លែងទទួលញត្តិរបស់មន្ត្រីខុទ្ទកាល័យ នៅក្រោមដើមពោធិ៍ ក្បែរវត្តបទុមវតី ដើម្បីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចុះតម្លៃតូបត្រឹម៥០ភាគរយ នៃតម្លៃអាណត្តិចាស់ ឆ្នាំ២០០០ និងសុំបន្តសុពលភាពបណ្ណថ្មីរហូតដល់ឆ្នាំ២០៤០។
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ អាជីវករប្រមាណ៣០០នាក់បានប្រមូលផ្ដុំគ្នាកន្លែងទទួលញត្តិរបស់មន្ត្រីខុទ្ទកាល័យ នៅក្រោមដើមពោធិ៍ ក្បែរវត្តបទុមវតី ដើម្បីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចុះតម្លៃតូបត្រឹម៥០ភាគរយ នៃតម្លៃអាណត្តិចាស់ ឆ្នាំ២០០០ និងសុំបន្តសុពលភាពបណ្ណថ្មីរហូតដល់ឆ្នាំ២០៤០។ (ហ៊ាន រង្សី)

ញត្តិដដែលបន្តថា បច្ចុប្បន្ន ការចំណាយរបស់ក្រុមអាជីវករមានការកើនឡើងជាលំដាប់ ហើយការលក់ដូរក៏មិនដាច់ដោយសារការកើនឡើងនៃការលក់អនឡាញច្រើន និងការលក់ដូរតាមផ្ទះមានការកើនឡើងដែរ។ ​បញ្ហានេះបានធ្វើឱ្យក្រុមអាជីវករប្រឈមមុខបញ្ហាបំណុល និងជួបការលំបាកជាខ្លាំង។

លោក តាំង គឹមពា ដែលអះអាងថាជាតំណាងអាជីវករផ្សារអូរឫស្សី ប្រាប់វីអូឌីកន្លែងដាក់ញត្តិថា ចំពោះប្រភេទតូចដែលត្រូវបង់មានតម្លៃខ្ពស់បំផុត គឺ៣ ៣០០ដុល្លារ រយៈពេល២០ឆ្នាំ។ លោកថា ក្រោយជួបវិបត្តិជំងឺកូវីដ-១៩ គឺអាជីវករបានជួបវិបត្តិសេដ្ឋកិច្ចលក់មិនដាច់ និងពុំមានលទ្ធភាពបង់១០០ភាគរយនោះទេ ដោយស្នើសុំបញ្ចុះតម្លៃឱ្យពួកគាត់បង់ត្រឹមពាក់កណ្ដាលនៃតម្លៃដែលបានកំណត់ដោយសាលារាជធានីភ្នំពេញ។

លោកបន្ថែមថា៖ «យើងសុំឱ្យសម្ដេចជួយ ពីព្រោះអាជីវករយើងតាំងពីកើតកូវីដ-១៩មក មានការខ្វះខាតច្រើន។ ការជួបជាមួយសាលាក្រុងថ្ងៃមុនហ្នឹង គេគ្រាន់តែជួយសម្រួលឱ្យយើងបានបង់ជារម្លស់ទេ​ តម្លៃពេញគឺនៅដដែលទេ។ អ៊ីចឹងខ្ញុំ និងអាជីករទាំងអស់គ្នាគិតឃើញថា តម្លៃហ្នឹងវាច្រើន មិនអាចទទួលយកបាន។ អ៊ីចឹងហើយបានជាមកសុំសម្ដេចឱ្យលោកជួយសម្រួលតម្លៃហ្នឹងឱ្យយើងបានធូរបន្ទុកខ្លះ»

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានទទួលយកញត្តិ និងឱ្យក្រុមអាជីវកររង់ចាំចម្លើយ ដោយមិនកំណត់រយៈពេលទេ គ្រាន់តែបានសន្យាថានឹងបញ្ជូនញត្តិនោះទៅឱ្យលោកនាយករដ្ឋមន្ត្រីពិនិត្យ និងពិចារណាដោះស្រាយ។

អ្នកគ្រប់គ្រងផ្សារអូរឫស្សី លោក ហ៊ត វ៉ាន់ធី សុំមិនធ្វើអត្ថាធិប្បាយករណីក្រុមអាជីវករទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបញ្ចុះតម្លៃតូបនេះទេ ប៉ុន្តែលោកថា ក្រុមអាជីវករគួរបំពេញកាតព្វកិច្ចនេះ។

លោកបន្ថែមថា៖ «ពួកគាត់ទៅជួបដល់សម្តេចហើយ ខ្ញុំឆ្លើយម៉េចកើត! មានតែរង់ចាំស្តាប់លទ្ធផល។ ហេតុផលគាត់អត់ចង់បង់អ៊ីចឹងម៉េចកើត! ត្រូវតែចូលរួមកាតព្វកិច្ចរបស់ពួកគាត់»

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាសំណើរបស់ក្រុមអាជីវករ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីធានានូវអាជីវកម្មរបស់ក្រុមអាជីវករជាប្រក្រតីរយៈពេល២០ឆ្នាំបន្តទៀត គឺសាលារាជធានីភ្នំពេញសម្រេចកំណត់យកអាណត្តិថ្មីនៃកិច្ចសន្យា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤២។

សេចក្តីប្រកាសព័ត៌មានបន្តថា ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មីនៃកិច្ចសន្យានេះ គឺអាជីវករអាចបង់ប្រាក់ទៅតាមជម្រើស៣ ដោយបង់១លើកសម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ឬបង់ប្រាក់២លើកសម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ដោយបង់១០ឆ្នាំម្តង និងបង់ប្រាក់៤លើក សម្រាប់អាណត្តិ២០ឆ្នាំ ដោយបង់៥ឆ្នាំម្តង។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការផ្សារអូរឫស្សីបានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យអាជីវករត្រូវមកដាក់ពាក្យ និងបង់ថ្លៃជួលតូបសម្រាប់អាណត្តិថ្មី ដោយក្នុងនោះ តម្លៃប្រាក់ជួលត្រូវបានដំឡើង១០ភាគរយបន្ថែម ដោយទឹកប្រាក់ត្រូវបង់មានចាប់ពី២ ១៧៨ដុល្លារ ដល់៣​ ៦៣០ដុល្លារ សម្រាប់រយៈពេល២០ឆ្នាំទៅមុខ។

លិខិតដដែលបន្តថា អាជីករត្រូវបានស្នើឱ្យបង់ជាអាណត្តិ “ការបង់ប្រាក់អាណត្តិ” ដែលត្រូវបានប្រើប្រាស់សម្រាប់ការថែទាំ និងការអភិវឌ្ឍដោយផ្អែកលើទំហំតូបនីមួយៗផងដែរ ប៉ុន្តែការប្រកាសដំឡើងថ្លៃតូបបន្ថែម១០ភាគរយនេះបានធ្វើឱ្យអាជីវករផ្សារជាច្រើនមិនសប្បាយចិត្តរហូតផ្ទុះការតវ៉ាថែមទៀតផង ដោយពួកគេស្នើសុំឱ្យបញ្ចុះតម្លៃ៥០ភាគរយមកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ