តុលាការ​មីយ៉ាន់ម៉ា​ផ្ដន្ទាទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​៦ឆ្នាំ ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ

មេដឹកនាំគណបក្សប្រឆាំងមីយ៉ាន់ម៉ា និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំឡុងពេលលោកស្រីជួបជាមួយប្រធានាធិបតីបារាំង លោក Francois Hollande នៅវិមានប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤។ រូបថតដោយ Nicolas Gouhier/ABACAPRESS.COM

តុលាការមីយ៉ាន់ម៉ា​ដែលគ្រប់គ្រងដោយយោធា បានផ្ដន្ទាទោស​លោក​ស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ កាលពីថ្ងៃចន្ទម្សិលមិញ ដោយ​ចោទលោក​​ស្រី​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយចំនួន៤ករណី។

យោងតាម​សារព័ត៌មាន Reuters ដែលចុះផ្សាយ​​កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះថា ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែលសន្តិភាព​ អាយុ៧៧​​ឆ្នាំ និង​ជា​ប្រធានបក្សប្រឆាំងរូបនេះ ត្រូវ​បានចោទ​ប្រកាន់​យ៉ាង​តិច​ចំនួន១៨ករណី រាប់​ចាប់​ពី​អំពើ​ពុក​រលួយ​រហូត​ដល់​ការ​រំលោភ​លើ​ការ​បោះ​ឆ្នោត ដោយ​អាច​ជាប់​ពន្ធនាគារជិត១៩០ឆ្នាំ។

លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ហៅ​​ការ​​ចោទ​​ប្រកាន់​នេះ​ថាមិន​សម​ហេតុផល និង​ប​ដិសេធ​រាល់​​ការ​ចោទ​ប្រកាន់​មក​លើ​លោកស្រី។

ប្រភព​ដដែលបន្តថា លោកស្រីត្រូវបានផ្ដន្ទាទោសកាលពីថ្ងៃចន្ទម្សិលមិញ​ ពីបទប្រើប្រាស់​មូល​និធិ​មិន​ត្រឹមត្រូវ​ពីមូលនិធិ ដ ឃីន ជី (Daw Khin Kyi) ជាអង្គការ​ដែល​លោក​ស្រី​បាន​បង្កើត​ឡើង ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវវិស័យសុខាភិបាល ការអប់រំ និងសុខុមាល​ភាព​របស់​ប្រជា​ជន។

លោកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​​នៅ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​រដ្ឋធានី​ណៃ​ពិដោ (Naypyidaw) ក៏ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន១១ឆ្នាំ ​ក្នុង​​ករណី​​ផ្សេង​ទៀត​ផង​ដែរ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីឆ្នាំមុន នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីគណបក្សរបស់​លោក​ស្រី​បាន​ឈ្នះការបោះឆ្នោតសកល ហើយបាន​ដឹកនាំ​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅទៅលើ​អ្នក​ប្រឆាំង។

មនុស្ស​រាប់ម៉ឺននាក់ត្រូវបាន​ចាប់​ដាក់​គុក និង​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម វាយដំ ឬសម្លាប់ ដែល​អង្គការសហប្រជាជាតិហៅទង្វើនោះថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

សហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា និងបានច្រានចោលការផ្តន្ទាទោស​លើ​លោកស្រី អ៊ុងសាន ស៊ូជី ថាជារឿង​ហួសហេតុ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ (Human Rights Watch) បាននិយាយថា៖ «ទង្វើនេះជាការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ហើយជាយុទ្ធនាការដើម្បីកម្ចាត់លោកស្រី និងគណបក្សសម្ពន្ធជាតិដើម្បី​ប្រជា​ធិប​តេយ្យ [NLD] ​ជា​រៀង​រហូត»។

លោក ហ្ស័រ មីន ទុន (Zaw Min Tun) អ្នក​នាំពាក្យ​​រដ្ឋាភិបាល​យោធា​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​​បាន​ទេ ​កាលពី​ថ្ងៃ​ចន្ទ។

តែយ៉ាងណា របបយោធាមីយ៉ាន់ម៉ាធ្លាប់បាននិយាយថា តុលាការដំណើរ​ការ​ករណី​លោក​ស្រី អ៊ុងសាន ស៊ូជី ដោយត្រឹមត្រូវ ហើយបដិសេធ​ការ​រិះ​គន់ ពី​បរទេស​ថា​ជា​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុម​យោធា​បាន​ដណ្ដើម​​យកអំណាចមកគ្រប់គ្រង កាលពីថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ២០២១ និង​បាន​ផ្តួល​រំលំ​រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើត​ឡើង​ជា​ញឹក​ញាប់​នៅ​ក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ