ឧបការី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​សប្ដាហ៍​នេះ

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

អង្គការសហប្រជាជាតិ បាននិយាយថា មន្ត្រីជាន់ខ្ពស់របស់​អង្គការសហប្រជាជាតិមួយរូបនឹងទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងសប្ដាហ៍នេះ ចំពេលមានភាពចលាចលនយោបាយក្នុងប្រទេសនេះ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីយោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែល​ដឹក​នាំ​ដោយលោកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល​សន្តិភាព កាលពីដើមឆ្នាំមុន ហើយបាន​ធ្វើការបង្ក្រាបដោយបង្ហូរឈាមលើក្រុមអ្នកប្រឆាំង។

អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ និង​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​​សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា៖ «ឧប​ការី​​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី ណូលីន ហេហ្សឺ [Noeleen Heyzer] ប្រចាំនៅ​ប្រទេសមីយ៉ាន់ម៉ា នឹងទៅ​បំពេញទស្សនកិច្ចនៅប្រទេសនេះ បន្ទាប់ពី​មាន​ការពិភាក្សា​យ៉ាង​ទូលំ​ទូលាយជាមួយតួអង្គមកពីគ្រប់មជ្ឈដ្ឋាននយោបាយ សង្គមស៊ីវិល ក៏ដូចជាសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត»។

អង្គការសហប្រជាជាតិបាននិយាយថា លោកស្រី Heyzer នឹងផ្ដោតលើការដោះស្រាយជាបន្ទាន់​នូវស្ថានការណ៍ដែលកាន់តែយ៉ាប់យ៉ឺន និងគួរឱ្យព្រួយបារម្ភ។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក ហ្ស័រ មីន ទុន (Zaw Min Tun) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររបបយោធាថា​ លោកស្រី Heyzer នឹងទៅ​ដល់​ប្រទេសមីយ៉ាន់ម៉ា នៅ​ថ្ងៃ​ពុធស្អែកនេះ។

លោកបាននិយាយថា៖ «លោកស្រី​នឹង​ជួប​មេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីជាន់ខ្ពស់ផ្សេងទៀត»។  

លោកបន្ថែមថា៖ «មិនមានសំណើសុំជួបលោកស្រី អ៊ុងសាន ស៊ូជី ឡើយ»។

របប​យោធាមិន​​អនុញ្ញាត​ឱ្យ​ឧបការី​មកពី​តំបន់​អាស៊ាន​ចូល​ជួប​លោកស្រី អ៊ុងសាន ស៊ូជី ឡើយ។

បណ្ដាប្រទេសលោកខាងលិច និងអ្នករិះគន់របបយោធាផ្សេងទៀត និយាយ​ថា ការ​ចោទប្រកាន់​លើ​លោក​ស្រី ស៊ូជី គឺជាការចោទប្រកាន់ដោយខុសឆ្គង និងមានគោលបំណងរារាំងលោក​ស្រី​មិន​ឱ្យ​ធ្វើនយោបាយ​ជា​រៀង​រហូត។

កាលពីខែមុន របប​យោធាបាន​ប្រឈមមុខនឹងការថ្កោលទោសជាសកល នៅពេលដែលរបបនេះបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវបានចោទប្រកាន់ថាបានចូល​រួម​ក្នុង «អំពើភេរវកម្ម»។

បណ្ដាប្រទេសជាសមាជិកអាស៊ានបាននិយាយថា ការប្រហារជីវិត​សកម្មជនប្រជាធិបតេយ្យ​បាន​​​ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបានសន្តិភាពនៅក្នុងប្រទេស​មីយ៉ាន់​ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ