យ៉ាងហោចណាស់​មនុស្ស​១៦នាក់​បាន​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ភាគខាងលិច​ប្រទេសចិន

ក្រុមជួយសង្គ្រោះមកជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ក្នុង​ខេត្ត Qinghai ភាគខាងលិចប្រទេសចិន។ (REUTERS)

ទឹកជំនន់ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ក្នុង​ខេត្ត Qinghai ភាគខាងលិចប្រទេសចិន បានសម្លាប់​មនុស្ស១៦នាក់​ហើយគិតរហូតមកដល់ពេលនេះ ខណៈមនុស្ស៣៦នាក់ផ្សេងទៀតកំពុ​ង​បាត់ខ្លួន។ នេះបើតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយនៅថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវបាន​យក​មក​ចុះផ្សាយបន្តដោយ​សារព័ត៌មាន Reuters

យោងតាមទូរទស្សន៍រដ្ឋចិន CCTV (ស៊ីស៊ីធីវី) បានឱ្យដឹងថា ករណីភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុក Datong Hui និង Tu Autonomous County ខេត្ត Qinghai បានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធ ដែលបានបង្កឱ្យ​មាន​​ជា​ទឹក​ជំនន់​ជន់​លិចភូមិនានា និងការរអិលបាក់ដីផងដែរ ខណៈក្នុងនោះមានពលរដ្ឋជាង៦ពាន់នាក់រងផលប៉ះពាល់។

ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលក្នុងតំបន់ក៏បានបញ្ជូនកងកម្លាំងចំនួន២ពាន់នាក់ និងរថយន្តជាង១៦០គ្រឿង សម្រាប់កិច្ចការជួយសង្គ្រោះនេះផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំង​ពី​ខែ​មិថុនា​មក ប្រទេស​ចិន​បាន​ជួបប្រទះបញ្ហា​អាកាសធាតុមួយចំនួន​ ដែល​រួម​មាន បញ្ហារលកកម្ដៅ និងទឹកជំនន់​នេះ​ជាដើម ​ខណៈរដ្ឋាភិបាល​បានអះអាងថា វាកើតឡើងដោយ​សារតែការ​ប្រែប្រួល​អាកាសធាតុ ដែល​​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរដល់​សេដ្ឋកិច្ច និង​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ