សិស្ស​ផ្នែក​ផលិត​ភាពយន្ត​វ័យក្មេង​មក​ពី​ក្រុម​ជនជាតិដើមភាគតិច​ផ្សេងៗ​គ្នា​មក​រស់នៅ​ជាមួយគ្នា​នៅ​ទីក្រុង​ភ្នំពេញ

ក្រុមសិស្សនៃអង្គការភាពយន្តឈូករ័ត្ន ថតសកម្មភាពមួយនៃ​អ្នក​ស្រុក​រតនគិរី នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ (អង្គការភាពយន្តឈូករ័ត្ន)

លោក គីន លាង កំពុង​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជាមួយ​​សិស្សផ្នែកផលិត​ភាពយន្ត​វ័យ​ក្មេងចំនួន៥នាក់​ផ្សេង​ទៀត។ ពួកគេ​កំពុង​មានបទពិសោធក្នុង​ជីវិត​រស់​នៅ​​ទីក្រុង​ជាមួយ​គ្នា ខណៈ​ពួកគេកំពុង​ទទួល​ការ​បណ្ដុះបណ្ដាល​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ។

គីន លាង ដែលមកពីក្រុមជនជាតិដើមភាគតិចមិល មិនដែលមកភ្នំពេញទេ។ មុន​ផ្លាស់​ទៅរស់នៅ​ទីក្រុងភ្នំពេញ លោក​បាន​រស់​នៅ​​ខេត្ត​ក្រចេះ ក្នុងសហគមន៍មួយ​ដែល​មាន​ប្រជាជន​ប្រមាណ​តែ៣០០​នាក់​ប៉ុណ្ណោះ ដែល​ជិត​បី​ភាគ​បួន​នៃប្រជាជនទាំងនោះជាជនជាតិដើមភាគតិចមិល។ ការរស់នៅក្នុងទីក្រុង​មិនដូចការរស់នៅក្នុងសហគមន៍របស់គាត់ឡើយ។

លោកថា៖ «ខ្ញុំ​មានអារម្មណ៍ភ័យ​ខ្លាច។ លើកទីមួយដែលខ្ញុំមករស់ទីក្រុង ហើយខ្ញុំនៅម្នាក់ឯង»។

លោកបន្តថា៖ «ខ្ញុំឃើញអគារគ្រប់ទីកន្លែង។ ខ្យល់នៅភ្នំពេញសុទ្ធតែផ្សែង។ [ពីមុន] នៅពេលដែលខ្ញុំចង់ទៅដើរលេង ខ្ញុំអាចទៅចម្ការ ឬទៅព្រៃ។ នៅទីនេះ ខ្ញុំមិនអាចធ្វើអ្វីបានឡើយ»។

លោក គីម លាង និងជនជាតិដើមភាគតិចខ្មែរចំនួន៥នាក់ផ្សេងទៀត បានចុះឈ្មោះនៅក្នុង «អង្គការភាពយន្តឈូករ័ត្ន» ដែលជាអង្គការបណ្ដុះបណ្ដាលអំពីការផលិតភាពយន្តឯកសារដល់សិស្សដែលបានជ្រើសរើសមកពីសហគមន៍ដែលខ្វះខាត។ គ្រូបណ្តុះបណ្តាលសង្ឃឹមថា សិស្សរបស់ពួកគេអាចប្រើប្រាស់ជំនាញទាំងនេះ ដើម្បីចងក្រងឯកសារអំពីសហគមន៍ និងវប្បធម៌របស់ពួកគេ។ មានឯកសារតិចតួចណាស់ដែលបង្ហាញពីសហគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា ហើយជារឿយៗឯកសារទាំងនោះត្រូវបានផលិត ឬចងក្រងដោយអ្នកនៅក្រៅ
សហគមន៍។

ជារឿយៗ សហគមន៍នេះមិនសូវមានឱកាសទទួលបានការអប់រំ [ស្ទើរតែគ្មានភាសាជនជាតិដើមភាគតិចរបស់ពួកគេ] ចូលរួមក្នុងនយោបាយ ឬសង្គមស៊ីវិលតិចតួចបំផុត និងរងផលប៉ះពាល់ពីគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាល ដែលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី ដូចជា កសិកម្មវិលជុំនិងកម្មសិទ្ធិដីសហគមន៍ ជាដើម។

ជារឿយៗ ការយល់ខុសអំពីការរស់នៅនិងការអនុវត្តរបស់ជនជាតិដើមភាគតិច អាចនាំឱ្យមានការរើសអើង និងបង្កគ្រោះថ្នាក់។

សៀន សុខនី មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគតិចព័រ។ នាងបានឮប្រជាជនខ្មែរនិយាយថា មនុស្សនៅក្នុងសហគមន៍របស់នាង «ស៊ីកូនខ្លួនឯង» ឬជា «ឃាតកឈាមត្រជាក់»

នាង​បាន​និយាយ​ថា៖ «យើង​ជា​​ខ្មែរ​ដើម។ ពួកយើងនៅទីនេះយូរជាងគេ»។

ដោយមកពីក្រុមជនជាតិដើមភាគតិចផ្សេងៗគ្នា ពួកគេបានចែករំលែកបទពិសោធន៍ក្នុងការរស់នៅថា វប្បធម៌ ទំនៀមទម្លាប់ និងភាសារបស់ពួកគេកំពុងធ្លាក់ចុះ។ ពួកគេបន្ថែមថា ពួកគេនឹងប្រើជំនាញថ្មីនេះក្នុងការជួយចងក្រងឯកសារស្តីពីវប្បធម៌របស់ពួកគេ និងបង្ហាញពីបញ្ហាប្រឈមក្នុងការរស់នៅរបស់សហគមន៍ពួកគេ។

លោក លាង បាននិយាយថា៖ «ប្រសិនបើយើងមិនការពារវប្បធម៌របស់យើងទេ វានឹងបាត់បង់»។

សិស្សទាំងនេះមានរឿងរ៉ាវផ្ទាល់ខ្លួន ដើម្បីចែករំលែកអំពីការបាត់បង់ភាសា បញ្ហាសិទ្ធិដីធ្លី ការផ្លាស់ប្តូររបៀបរស់នៅក្នុងសហគមន៍របស់ពួកគេ។

ក្លាន តាង ជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី ហើយបាននិយាយអំពីជនជាតិដើមភាគតិចចំនួន១០គ្រួសារ ដែលចម្ការស្វាយចន្ទីរបស់ពួកគេត្រូវបានឈូសឆាយដោយក្រុមហ៊ុនឯកជនមួយ។ តាង ក៏ចង់ចងក្រងឯកសារអំពីការធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើដោះបំណុល [ដែលពូរបស់គាត់បានប្រឈម] ដើម្បីរកលុយទិញថ្នាំសង្កូវ។

ហម គាសី ជនជាតិដើមភាគតិចមិល មកពីខេត្តក្រចេះ ចង់ចងក្រងឯកសារអំពីការប្រើប្រាស់ដីប្រពៃណីដែលត្រូវបានកំណត់ថាជាតំបន់ការពារ។

លោក ស៊ុំ ស៊ីថែន នាយកប្រតិបត្តិនៃអង្គការភាពយន្តឈូករ័ត្ន និងជាគ្រូបង្រៀនក្នុងកម្មវិធីផលិតវីដេអូឯកសារ បាននិយាយថា អង្គការមិនពាក់ព័ន្ធនឹងការតស៊ូមតិអំពីបញ្ហានោះទេ ប៉ុន្តែគ្រាន់តែផ្ដល់ឧបករណ៍ដែលសិស្សទាំងនេះត្រូវការ ដើម្បីផលិតរឿងរបស់ពួកគេ។ លោក ស៊ីថែន បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រហែលពាក់កណ្តាលនៃសិស្សដែលបានបញ្ចប់ការសិក្សា បានបង្ហាញថា ពួកគេចង់ប្រើជំនាញផលិតភាពយន្ដសម្រាប់ការតស៊ូមតិ។

លោក លាង ដែលជាសិស្សជនជាតិដើមភាគតិចមិល បាននិយាយថា ការរៀនសូត្ររបស់គាត់មិនសូវល្អឡើយ។ លោក​ថា លោក​មិន​ចេះ​ប្រើ​កាមេរ៉ា ឬ​កុំព្យូទ័រ​ នៅ​ពេលចូលរៀន​វគ្គ​បណ្ដុះបណ្ដាលនេះដំបូង ​ប៉ុន្តែ​ឥលូវនេះ លោកអាចធ្វើវីដេអូ​ឯកសារ​អំពី​សកម្មជនជាជនជាតិដើមភាគតិចមិលដែល​មាន​ពិការ​ភាព និងកំពុងធ្វើការអំពី​សិទ្ធិ​ដីធ្លី។

សុខនី បាន​និយាយ​ថា សហការី​របស់​នាង​មក​ពី​ក្រុម​ផ្សេង​គ្នា ប៉ុន្តែ​ហាក់​មាន​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​នេះ។

សិស្សជនជាតិដើមភាគតិចព័ររូបនេះបាននិយាយថា៖ «យើងមានវប្បធម៌ផ្សេងៗគ្នា ប៉ុន្តែក៏មានផ្នែកខ្លះស្រដៀងគ្នា និងផ្នែកខ្លះខុសគ្នាទាំងស្រុង»។

សុខនី បន្ថែមថា ការធ្វើឱ្យក្រុមជនជាតិដើមភាគតិចយល់ច្បាស់អំពីការរស់នៅ នឹងជួយឱ្យពួកគេអាចប្រឈមជាមួយនឹងមតិនិងផ្នត់គំនិតអវិជ្ជមានអំពីសហគមន៍របស់ពួកគេ។

នាងបន្តថា៖ «យើងគួរតែរស់នៅតាមរបៀបរបស់យើង និងប្រាប់អ្នកដទៃថាយើងមានសមត្ថភាព ហើយយើងជាមនុស្សល្អទេ ជាមនុស្សដែលគោរពសិទ្ធិ និងច្បាប់ និយាយឱ្យខ្លីទៅយើងជាមនុស្សដែលមានតម្លៃដែរ»៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Budding Indigenous Filmmakers Find Common Ground in Phnom Penh

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ