កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​ទាមទារ​ប្រាក់សំណង​៥ចំណុច ខណៈ​ក្រសួង​ដោះស្រាយ​ឱ្យ​៣ចំណុច

កម្មករ-កម្មការិនីប្រមាណ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ «ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដើម្បីទាមទារសំណង៥ចំណុច ខណៈក្រសួងផ្ដល់ជូនត្រឹម៣ចំណុច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កម្មករ-កម្មការិនីប្រមាណ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ «ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ​នេះ បាននាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដើម្បីទាមទារសំណង៥ចំណុច ខណៈក្រសួងផ្ដល់ជូនត្រឹម៣ចំណុច។

កាល​ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២២ ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដោះស្រាយសំណង​ ៣ចំណុច ជូនកម្មករ​បម្រើការងារ​នៅ​រោងចក្រ ឃែនធើរេន ដែលថៅកែរត់ចោល ក្រោយមានបញ្ជាពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួងការងារបាន​ប្រើប្រាស់​ថវិកាបុរេប្រទានរបស់​​រដ្ឋាភិបាល ដើម្បីទូទាត់ប្រាក់ចំនួន​៣ចំណុចជូនកម្មករ រួមមាន ប្រាក់ឈ្នួល​ចុង​ក្រោយ​ដែល​មិន​ទាន់​បាន​បើក ប្រាក់បំណាច់ជួសឱ្យការឈប់​សម្រាកប្រចាំឆ្នាំដែល​នៅ​សល់ និងប្រាក់បំណាច់​អតីតភាពការងារ​ថ្មី​ក្នុង​ឆ្នាំ រួម​ទាំង​ប្រាក់​រំលឹក​អតីតភាពការងារដែលនៅសល់មុន​ឆ្នាំ២០១៩។

ប៉ុន្តែ​ក្រុម​កម្មករអះ​អាង​ថា ការទូទាត់សំណងជូនពួកគាត់ត្រឹម៣ចំណុច​នេះ គឺ​មិនត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ហើយ​ពួកគេមួយចំនួន​មិនព្រមទទួលយកការដោះស្រាយនេះទេ។

យោងតាមកំណត់ហេតុកិច្ចប្រជុំរវាងតំណាងកម្មករ​​ និងតំណាងក្រសួងការងារ នៅថ្ងៃទី១៩ ខែសីហានេះ បានឱ្យដឹងថា សំណង​៥ចំណុច​ដែលកម្មករទាមទារនោះ រួមមាន ប្រាក់ឈ្នួលចុងក្រោយដែលមិនបានបើក ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារដែលនៅសល់ ប្រាក់បំណាច់ជួសឱ្យការជូនដំណឹងមុន និងប្រាក់សោហ៊ុយជំងឺចិត្ត។

ប្រធាន​សហជីព​ចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ករណីក្រសួងសម្រេច​ដោះស្រាយសំណង៣ចំណុចជូនកម្មករនេះ គឺមិនបានពិភាក្សាជាមួយកម្មករ ឬតំណាងរបស់ពួកគេនោះទេ និងធ្វើឱ្យកម្មករ​ខាតបង់ផលប្រយោជន៍​ច្រើនលើសលុប​ ដែលពួកគាត់មិនអាចទទួលយកបានឡើយ។

អ្នកស្រីបន្ថែមថា៖ «ក្រសួងការងារ គាត់សម្រេចតែចិត្តគាត់ គាត់ចេញមក៣ចំណុចនេះ គឺខាតប្រយោជន៍កម្មករច្រើនណាស់! ចង់​បញ្ជាក់ថា រោងចក្រនេះអត់ក្ស័យធុន​ទេ។ វាបិទ​សាខានេះ វាទៅផ្គត់ផ្គង់នៅសាខាមួយទៀត។ អ៊ីចឹងបញ្ជាក់កន្លែង​ណាថាវាក្ស័យធុន? អ៊ីចឹងបានជាខ្ញុំមិនសប្បាយនឹងក្រសួងការងារដែលទូទាត់ឱ្យយើងត្រឹម៣ចំណុច»

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា​ នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក អ៊ូ រតនា ដែលត្រូវបានស្រង់​សម្តីដាក់​ក្នុង​កំណត់ហេតុ បានលើកឡើង​ថា ការទូទាត់ប្រាក់៣ចំណុចនេះ គឺមានកម្មករមួយ​ចំនួន​បានទទួល​យក និង​មួយចំនួន​មិន​ព្រមទទួលយក​នោះទេ។

លោក​បន្តថា កម្មករដែលមិនព្រមបើក ឬទទួលយកការទូទាត់ប្រាក់៣ចំណុចនេះ គឺ​មានសិទ្ធិប្ដឹងតវ៉ាបន្តទៀត ​ដែលស្របទៅតាមនីតិវិធីច្បាប់។ តែយ៉ាងណា លោកបាន​ស្នើដល់កម្មករឱ្យរក្សាភាពស្ងៀមស្ងាត់ កុំ​បិ​ទ​ផ្លូវសាធារណៈ ឬហែក្បួន ដោយ​រង់ចាំការ​ដោះស្រាយ​បន្ត​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ បញ្ជាក់​ប្រាប់វីអូឌីយ៉ាងខ្លីថា ករណីក្រសួងទូទាត់ប្រាក់​ជូនកម្មករត្រឹម៣ចំណុចនោះ គឺយោងតាមច្បាប់ស្តីពីការងារ។

យ៉ាងណា កម្មករមួយចំនួនធំអះអាងថា ពួក​គេ​នឹង​បន្តការ​តវ៉ា ហើយទៅរកកិច្ចអន្តរាគមន៍​ពីស្ថាប័នពាក់ព័ន្ធ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីទៀត ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយឱ្យបាន៥ចំណុច ដូចដែល​ពួកគេបាន​ទាមទារ។

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករនេះ បាន​ទទូចដល់​រដ្ឋាភិបាលឱ្យពិចារណា ដោយ​ជួយ​ទូទាត់ឱ្យបាន៥ចំណុចតាមការទាមទាររបស់កម្មករ ខណៈកម្មករទាំងនោះកំពុងជួបទុក្ខ​លំបាកដោយសារ​ខ្វះខាតក្នុងជីវភាពគ្រួសារ និងភាគច្រើន​ជាកម្មករ​វ័យចំណាស់ពិបាករកការងារធ្វើ។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ដោះស្រាយឱ្យ៣ចំណុចហ្នឹង គឺកម្មករទទួលបាន​តិចមែនទែន ដែលកម្មករពិបាកទទួលយកណាស់។ អ៊ីចឹងខ្ញុំគិតថា ក្រសួងគួរធ្វើរបាយការណ៍ដាក់​ទៅរដ្ឋាភិបាល ដើម្បីស្នើសុំចំណុចណាមួយបន្ថែមទៀត ដើម្បីឱ្យ​កម្មករ​អាចទទួលយកបាន ដើម្បីបញ្ចប់វិវាទការងារនេះ ដើម្បីកុំវាបន្តអូសបន្លាយបន្តទៀត។ ខ្ញុំគិតថា កម្មករជាង​៣០០​នាក់ ដូច​ជា​មិនច្រើនប៉ុន្មាននោះទេ»

ប្រធាន​សហភាព​ចលនា​កម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញថា តាម​ផ្លូវច្បាប់ ពេលរោងចក្របិទទ្វារដោយមិនបានជូនដំណឹងមុនត្រឹមត្រូវ គឺថៅកែត្រូវផ្តល់សំណងចំនួន៥ចំណុចដល់កម្មករ ក្នុងនោះ​មានប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់បំ​ណាច់ឆ្នាំដែលនៅសល់។

មេសហជីពរូបនេះឱ្យដឹងថា តាមការគណនាសំណង៥ចំណុចដែលកម្មកររោងចក្រ ឃែនធើរេន ទាមទារនោះ មានចំនួន​ខ្ទង់៧០​ម៉ឺន​ទៅ​៨០​ម៉ឺន​ដុល្លារ ប៉ុន្តែបើក្រសួងការងារដោះស្រាយត្រឹម៣ចំណុច នោះកម្មករ​ទទួលបានអត្ថប្រយោជន៍ជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ។

កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២២ កម្មករ-កម្មការិនីជិត​១០០នាក់ តំណាងឱ្យកម្មករ៣២០នាក់ បម្រើការងារនៅរោងចក្រ​​កាត់ដេរសម្លៀកបំពាក់ ឃែនធើរេន មានថៅកែធំជាជនជាតិម៉ាឡេស៊ី មាន​ឈ្មោះ YAP FUNG KONG និងនាយកក្រុមហ៊ុន​ឈ្មោះ CHHOONG WEI PIAU ជាជនជាតិម៉ាឡេស៊ីដូចគ្នា បាននាំគ្នាដាក់ញត្តិនៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ដើម្បី​សុំ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ដោះស្រាយ​ ក្រោយថៅកែ​រោងចក្រនេះបិទទ្វារ ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ហើយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពី​ថ្ងៃទី​១៧ ខែសី​ហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើសម្ដីខ្លាំងៗ ដោយបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ឱ្យដោះស្រាយសំណងជូនកម្មករ តាមរយៈការខ្ចីលុយពីរដ្ឋាភិបាលទូទាត់ជូនពួកគេ និងមានចំណាត់ការជាមួយថៅកែជាក្រោយ ដើម្បីកុំឱ្យកម្មករទាំងនោះបន្តរងទុក្ខលំបាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ