កម្មករ​រោង​ចក្រ​ឃែន​ធើរេន​ ថា មិន​ទទួល​យក​សំណង​៣​ចំណុច​ដែល​ដោះ​ស្រាយ​ដោយ​ក្រសួង​ការងារ

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) មកសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរត់ចោលដោយមិនទាន់បានដោះស្រាយសំណងតាមផ្លូវច្បាប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (ចក់ សុខជា)

កម្មករ-កម្មការិនី​​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិត​ក្នុង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា ពួក​គេ​មិន​ព្រម​ទទួល​​យក​​សំណង​ ​៣ចំណុច ដែល​ដោះស្រាយ​ដោយ​ក្រសួងការងារ​នោះ​ទេ ដោយថា​ ​ការ​ដោះស្រាយនេះ​នៅមិន​​ទាន់​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​។

កាល​ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២២ ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដោះស្រាយសំណង​ ៣ចំណុច ជូនកម្មករ​បម្រើការងារ​នៅ​រោងចក្រ ឃែនធើរេន ដែលថៅកែរត់ចោល ក្រោយមានបញ្ជាពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេច​ក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា ក្រសួងការងារនឹង​ប្រើប្រាស់​ថវិកាបុរេប្រទានរបស់​​រដ្ឋាភិបាល ដើម្បីទូទាត់ប្រាក់ចំនួន​៣ចំណុចជូនកម្មករ រួមមាន ប្រាក់ឈ្នួល​ចុង​ក្រោយ​ដែល​មិន​ទាន់​បាន​បើក ប្រាក់បំណាច់ជួសឱ្យការឈប់​សម្រាកប្រចាំឆ្នាំដែល​នៅ​សល់ និងប្រាក់បំណាច់​អតីតភាពការងារ​ថ្មី​ក្នុង​ឆ្នាំ រួម​ទាំង​ប្រាក់​រំលឹក​អតីតភាពការងារដែលនៅសល់មុន​ឆ្នាំ២០១៩។

ប៉ុន្តែ​ក្រុម​កម្មករ អះ​អាង​ថា ការទូទាត់សំណងជូនពួកគាត់ត្រឹម៣ចំណុច​នេះ គឺ​មិនត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ហើយ​ពួកគាត់​នឹង​មិនព្រមទទួលយកនោះទេ។

ប្រធាន​សហជីព​ចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ករណីក្រសួង​ការងារដោះស្រាយ ដោយ​ទូទាត់ឱ្យកម្មករត្រឹម៣ចំណុចនេះ គឺរូបអ្នកស្រី និងកម្មករផ្សេងទៀតមិនអាចទទួលយកបានឡើយ។ អ្នកស្រីថា ការដោះស្រាយរបៀបនេះ បាន​ធ្វើឱ្យ​ពួក​គាត់ខា​ត​បង់ផលប្រយោជន៍ដ៏ច្រើនលើសលុប។

អ្នកស្រី​អះអាងថា ថៅកែរោងចក្រ ឃែនធើរេន បានបិទទ្វារអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​​ដល់កម្មករ​ឡើយ និង​បាន​បើក​រោង​ចក្រ​នៅ​សាខា​ផ្សេងថែមទៀត។

អ្នកស្រី សាន់ សុផា បន្ថែមថា៖ «ធម្មតា​ការ​បិទអាគារ ឬប្តូរទីតាំងត្រូវជូនដំណឹង ហើយរោងចក្រនេះវាមិនមែនក្ស័យ​​ធុនទេ វា​បិទ​អានេះវា​ទៅ​ផ្គត់ផ្គង់​នៅ​រោងចក្រមួយទៀត ដែល​ម៉ោងនេះ រោងចក្រមួយទៀត វាកំពុងប្រកាស​ជ្រើសរើស [កម្មករ]​ ជាង​២០០នាក់ទៀត។ អីចឹង​ខ្ញុំមិនសប្បាយ​ចិត្ត​នឹង​ទទួល​យក​ការដោះស្រាយរបស់ក្រសួងនេះ បើក្រសួងការងារឱ្យខ្ញុំទៅយក​សំណងត្រឹម៣ចំណុចនេះ ​គឺខ្ញុំមិនទៅយកទេ ហើយពួកខ្ញុំនឹង​ហែរក្បួន​ទៅ​រក​សម្តេច​ឱ្យ​ជួយដោះស្រាយម្តងទៀត»

កម្មករផ្នែកជាង​ម៉ាស៊ីនដេរ​ លោក ឈិម ឃន បម្រើការងារនៅរោងចក្រ ឃែនធើរេន រយៈពេល១៨ឆ្នាំ និយាយថា រូបលោក និងកម្មករផ្សេងទៀត មិន​អាច​ទទួល​យកដំណោះស្រាយ​ត្រឹមសំណង ៣ចំណុចនេះទេ ដោយទាមទារឱ្យមានសំណង​តាម​ច្បាប់ស្តីពីការងារ។ លោកបន្ត​​ថា កម្មករកំពុងរង​ទុក្ខលំបាក​ដោយ​ខ្វះ​លុយសម្រាប់ចំណាយប្រចាំថ្ងៃ បង់បន្ទប់ជួលទឹកភ្លើង និង​បង់សង់ធនាគារជាដើម។ មួយទៀតនោះ កម្មករ​បាន​បោះតង់​លើ​ចិញ្ចើម​ផ្លូវ​ដេកយាម​មុខ​រោងចក្រ​ហាលភ្លៀង ហាលខ្យល់ជិត៤ខែហើយ ដើម្បីរងចាំដំណោះស្រាយពីអាជ្ញាធរ​ពាក់​ព័ន្ធ​។

លោក ឈិម ឃន បន្ថែមថា៖ «អីចឹង​ជួយ​ដោះស្រាយផង ធ្វើម៉េច​ឱ្យមាន​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​ផង ព្រោះពួកគាត់ភាគច្រើនគឺចាស់ៗ ជួប​ការលំបាក អត់មានចំណូល ហើយ​ដេក​យាម​មុខ​រោង​ចក្រ ​ហើយ​ត្រូវចំណាយច្រើនក្នុងមួយថ្ងៃៗ ដោយ​សារទំនិញ​ទីផ្សារ​ ដូចជា ប្រេងសាំង និងម្ហូបអាហារឡើងថ្លៃ។ តែខានធ្វើការមួយថ្ងៃ គឺអត់លុយហើយ ចុះទម្រាំអ្នកខ្លះគាត់ជាប់បំណុល​​​ធនាគារ​ទៀត គាត់បានលុយពីណាបង់»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានទេពាក់ព័ន្ធករណីនេះ។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលតាមដានករណីនេះ បានបង្ហាញការខកចិត្ត​ចំពោះ​ក្រសួងការងារ​ដែលប្រកាស​ដោះស្រាយ​សំណងជូនកម្មករត្រឹម៣ចំណុច ដោយមិនបានពិភាក្សាជាមួយក្រុមកម្មករ ឬតំណាងរបស់​ពួកគេ។

មេសហជីពរូបនេះបន្តថា តាមផ្លូវច្បាប់ ពេលរោងចក្របិទទ្វាដោយមិនបានជូនដំណឹងមុនត្រឹមត្រូវ គឺថៅកែត្រូវផ្តល់សំណងចំនួន៥ចំណុចដល់កម្មករ ក្នុងនោះ​មានប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់បំ​ណាច់ឆ្នាំដែលនៅសល់។

លោក ប៉ាវ ស៊ីណា ឱ្យដឹងថា តាមការគណនាសំណង៥ចំណុចនោះ មានតម្លៃខ្ទង់៧០ម៉ឺនទៅ៨០ម៉ឺនដុល្លារ ប៉ុន្តែបើក្រសួងការងារដោះស្រាយត្រឹម៣ចំណុច គឺកម្មករទទួលបានអត្ថប្រយោជន៍ខ្ទង់១០ម៉ឺនដុល្លារប៉ុណ្ណោះ។ លោកបានស្នើដល់ក្រសួងការងារ ជួបពិភាក្សាជាមួយតំណាងកម្មករ និងពិចារណាឡើងវិញ ចំពោះការផ្តល់សំណង​ជូនកម្មករ។

លោក ប៉ាវ ស៊ីណា បន្ថែមថា៖ «ដូច្នេះខ្ញុំគិតថា ការសម្រេចផ្តល់ជូន៣ចំណុចដោយក្រសួងការងារនេះ គួរតែជជែកគ្នា​ជា​មុន ថា​តើចំណុច​ណាគួរ​ផ្តល់​ឱ្យ​កម្មករ ចំណុចណាគួរដកចេញ អាហ្នឹង​ត្រូវចរចា​ជាមួយបងប្អូនកម្មករជាមុនសិន។ ការសម្រេចដោយឯកត្តោភាគី​ភ្លាមៗ និងមិនបាន​ពិភាក្សា​នឹង​ធ្វើឱ្យ​កម្មករមិនសប្បាយចិត្ត ព្រោះថា ផលប្រយោជន៍របស់គាត់ដែលត្រូវទទួលបាន ឬការទាមទាររបស់គាត់ វាមានគម្លាតឆ្ងាយពេកពីអ្វីដែលក្រសួងផ្តល់ឱ្យ ដូច្នេះខ្ញុំគិតថាកម្មករមិនសប្បាយចិត្តទេរហូតមក​ដល់ម៉ោងនេះ»

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្មករ-កម្មការិនីជិត១០០នាក់ តំណាងឱ្យកម្មករ៣២០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន បាននាំគ្នាដាក់ញត្តិនៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ដើម្បី​សុំ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ដោះស្រាយ​ ក្រោយថៅកែ​បិទរោងចក្រដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ហើយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

ក្នុងញត្តិ​នោះ កម្មករបានលើកឡើង​ថា រោង​ចក្រ​ ឃែនធើរេន បានបើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៧ ដែល​មាន​ថៅកែ​​ធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី ហើយនាយកក្រុមហ៊ុន​ឈ្មោះ CHHOONG WEI PIAU និងមានចំនួន៣២០នាក់។

ញត្តិ​ដដែល​បន្ត​​ថា ក្នុង​​អំឡុង​​ពេល​​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំរោងចក្របានលួចដឹកសម្ភារចេញ ដូចជា ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​ដេរ​ថ្មីៗ និង​ក្រណាត់ ជាដើម ផ្ទេរទៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ខ្វលលីធី តេក្សស្ទីល ជាក្រុមហ៊ុនមាន​ថៅកែតែមួយ ជាមួយក្រុមហ៊ុន ឃែនធើរេន ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ