រដ្ឋាភិបាល​ថា​ការ​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ថយ​ចុះ​ ​ខណៈ​អាមេរិក​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​ពាក់ព័ន្ធ​សំណុំ​រឿង​នេះ ​

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក ស ខេង)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មានការថយចុះជាង១០០ករណី បើ​ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែសហរដ្ឋអាមេរិក ​​ កាលពីថ្ងៃទី២០ ខែកក្កដា ​ បាន​ដាក់កម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួនជុំវិញប្រតិបត្តិការឆបោក និងជួញដូរមនុស្សក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។

ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែសីហា។

ទំព័រហ្វេសប៊ុករបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក​ ស ខេង បានឡើងប្រសាសន៍របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ ​លោកស្រី ជូ ប៊ុនអេង ​ថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបាន​បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ ១២៤ករណី ធៀបនឹងឆ្នាំ២០២១។

លោកស្រីបន្តថា ការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន ៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន ១២នាក់ ស្មើនឹង៤សញ្ជាតិ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានសង្គ្រោះជនរងគ្រោះ ១៥៦នាក់ ក្នុងនោះស្រី ១០៥នាក់ អាយុក្រោម១៥ឆ្នាំ ចំនួន ៦០នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាពសរុបចំនួន ៥២ ៨០២លើក ដោយមានអ្នកចូលរួមជាង២លាននាក់(២ ៣១២ ៧៧៣នាក់)។ ចំនួនេះ បានកើនឡើងជាង ៣០ ០០០នាក់ បើធៀបនឹងឆ្នាំ២០២១។

យ៉ាងណា លោក ស ខេង លើកឡើងថា បើទោះបីជា គ.ជ.ប.ជ បានសម្រេចកិច្ចការជាច្រើនហើយក៏ដោយ ក៏ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវបន្តរួមគ្នាដោះស្រាយ។ លោក ក៏បានណែនាំឱ្យចម្លងលទ្ធផលលម្អិតនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះដាក់ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ថែមនៅក្រោយកិច្ចប្រជុំចប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា សមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យកន្លែងរស់​នៅ​ជន​បរទេស​ទាំង​អស់ដែលកំពុងស្នាក់នៅក្នុងប្រទេស​កម្ពុជា  ដើម្បី​ទប់ស្កាត់​មុខ​សញ្ញា​ជួញដូរ​មនុស្ស​។  ​

លោកបន្តថា សមត្ថកិច្ចបានចុះត្រួតពិនិត្យនៅខេត្តព្រះសីហនុ ខេត្តកណ្ដាល និងបន្តចុះទៅតាមគោលដៅនៅខេត្តផ្សេងៗទៀត ប៉ុន្តែសម្រាប់លទ្ធផលវិញ រូបលោកនៅមិនទាន់ទទួលបាននៅឡើយ។

លោកបន្តថា ការបើកយុទ្ធនាការចុះត្រួតពិនិត្យកន្លែងជនបរទេសរស់នៅបានចាប់ផ្ដើមប្រតិបត្តិការកាលពីថ្ងៃទី១៨ ខែសីហា ដោយប្រតិបត្តិការ​នេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន។

លោកថា៖«សកម្មភាពខ្លះមិនពិតទាំងស្រុង ហើយសកម្មភាពខ្លះពិត ដែលយើងសង្រ្គោះ ព្រោះបេសសកម្មរបស់យើង ទី១ យើងសង្គ្រោះជនរងគ្រោះ ហើយទី២ យើងចាប់មេខ្លោងពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់»។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនជាតិវៀតណាមដែលធ្វើការក្នុងកាស៊ីណូ Golden Phonix Entertainment នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល បាននាំគ្នាបុកទម្លុះរបង ចេញពីកាស៊ីណូ ហើយអ្នកខ្លះបានលោតចូលទន្លេហែលឆ្លងទៅប្រទេសវៀតណាម។ ការបុកទម្លុះរបងកាស៊ីណូនោះ ត្រូវបានគេរាយការណ៍ថា ដោយសារមានករណីបង្ខាំងពួកគេទុក ហើយក៏មិនបានបើកប្រាក់ខែឱ្យពួកគេតាមការសន្យាដែរ។

បញ្ហាកាស៊ីណូ Golden Phonix Entertainment នៅឃុំជ្រៃធំនេះ លោក ស ខេង យល់ឃើញថា ការរត់ចេញរបស់បុគ្គលិកជាជនជាតិវៀតណាមនោះ អាចដោយសារថៅកែមិនបានផ្តល់ជូនបុគ្គលិកនូវអ្វីដែលពួកគេបានសន្យា។

ទាក់ទិនករណីបង្ខាំង អំពើឆបោក និងការជួញដូរមនុស្សនៅកម្ពុជានេះ កាលពីថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ ក្រសួងការបទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយដោយ​ដាក់ប្រទេសកម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួន។ ចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកនេះ  បន្ទាប់ពីរកឃើញថា ​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រទេស​កម្ពុជាកំពុ​ង​មានការ​កើ​នឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ពលករ​ចំណាក​ស្រុក ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​គំនិត​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។

អាមេរិក ក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជាបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់ពីការ​​ងារ​ដោយ​បង្ខំ និង​ប្រឆាំងចំពោះមន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរមនុស្ស។

នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក សំ សំអាត មានប្រសាសន៍ថា  ទោះបីជារបាយការណ៍របស់កម្ពុជា និងសហរដ្ឋអាមេរិកផ្ទុយគ្នាក៏ពិតមែន ប៉ុន្តែលោកយល់ថា  សហរដ្ឋអាមេរិកមុននឹងធ្វើការវាយតម្លៃលើករណីជួញដូរមនុស្សនេះ ក៏គេបានសិក្សាច្បាស់លាស់ដែរ។

មួយវិញទៀត លោកថា របាយការណ៍ដែលសហរដ្ឋអាមេរិកចេញនេះ វាស្របនឹងស្ថាប័នជាតិ អន្តរជាតិ ព្រមទាំងសារព័ត៌មានអន្តរជាតិ បានចុះផ្សាយជាបន្តបន្ទាប់ អំពីការជួញដូរមនុស្សអំពើឆបោក ចាប់ជំរិត ការបង្ខាំងមនុស្សជាដើម បានកើតឡើង​នៅប្រទេសកម្ពុជា។

លោកថា៖«បើយើងមើលទៅការជួញដូរមនុស្សយើងមានការព្រួយបារម្ភបន្ថែមទៀត ពីព្រោះរូបភាពថ្មីនៃការជួញដូរតាមរយៈប្រព័ន្ធអនឡាញវាជារឿងមួយថ្មី តាមបែបបច្ចេកវិទ្យាថ្មី។ អ៊ីចឹងទោះបីការជួញដូរភាគច្រើនទៅលើបរទេសក៏ដោយ ប៉ុន្តែវានៅលើទឹកដីកម្ពុជាយើង។ អ៊ីចឹងហើយអាជ្ញាធរកម្ពុជាត្រូវតែមានការបង្កើតយន្តការឬមធ្យោបាយក្នុងការទប់ស្កាត់ និងជួញដូរមនុស្ស»។

ចំពោះយុទ្ធនាការចុះពិនិត្យជនបរទេសរស់នៅវិញ លោក សំអាត មើលឃើញថា វិធានការនេះអាចទប់ស្កាត់ការជួញដូរមនុស្សមានប្រសិទ្ធភាពទៅបាន ប្រសិនបើកម្ពុជាមានឆន្ទៈពិតប្រាកដមែន ហើយអនុវត្តច្បាប់ច្បាស់លាស់ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងត្រូវមានកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ