លោក​ ហ៊ុន​ សែន​ ​ជា​អ្នក​ទិញ​ផ្ទះ​និង​ផ្តល់​ប្រាក់​ខែ​​ឱ្យ​ ​លោក​ សាន្ត​ ប៊ុនធឿន​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានបង្ហើបឱ្យដឹងថា លោកគឺជាអ្នកជួយលុយដើម្បី​ទិញ​ផ្ទះ និងបានផ្តល់ប្រាក់ខែចំនួន ៥០០ដុល្លារអាមេរិក​​ក្នុងមួយខែ ឱ្យចាងហ្វាង​អង្គភាពសារព័ត៌មាន SBT ​ គឺ លោក សាន្ត ប៊ុនធឿន ចាប់តាំងពីឆ្នាំ២០១៨ មក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ ខែសីហានេះ ដោយប្រតិកម្មទៅនឹងចាងហ្វាងសារព័ត៌មាន SBT ​គឺ លោក សាន្ត ប៊ុនធឿន ដែលបង្ហាញឥរិយាបថមិនសមរម្យនៅលើបណ្តាញសង្គម។

សារប្រតិកម្មនេះ ធ្វើឡើងដោយភ្ជាប់វីដេអូឃ្លីបរយៈពេលជាង១នាទី បង្ហាញពីសកម្មភាពផឹកស៊ីរបស់លោក សាន ប៊ុនធឿន ផ្សាយផ្ទាល់ឬឡាយលើបណ្តាញសង្គម និងបានបោកចានពេលកំពុងផឹកស៊ី​ ​ដោយសាររឿងកម្មង់ទិញក្តាម និងខ្យង​មិនបាន។ លើសពីនេះ លោកថែមទាំងបានប្រើពាក្យអសុរោះជេរគេជេរឯងថែមទៀតផង។  

នាយករដ្ឋមន្ត្រីបានលើកឡើងថា ​ ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ លោក ហ៊ុន សែន បង្ហើបថា លោកគឺជាអ្នកជួយលុយទិញផ្ទះសម្រាប់រស់នៅឱ្យ សាន្ត ប៊ុនធឿន ព្រមទាំងបានផ្តល់ប្រាក់ខែជារៀងរាល់ខែចំនួន៥០០ដុល្លារ ដល់ចាងហ្វាយកាសែតរូបនេះចាប់តាំងពីឆ្នាំ២០១៨ មកថែមទៀតផង។

ហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «ដើម្បីជួយដល់ សាន្ត ប៊ុនធឿន និងប្រពន្ធកូន[ប្រពន្ធកូនរបស់សាន្ត ប៊ុនធឿន] ខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន្ត ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំ សាន្ត ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន្ត ប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព»។

វីអូឌីមិនអាចសុំការបំភ្លឺពី ចាងហ្វាងសារព័ត៌មាន SBT លោក សាន្ត ប៊ុនធឿន បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

យ៉ាងណា នៅលើទំព័រហ្វេសប៊ុក សារព័ត៌មាន SBT (San Buntheoun) នៅថ្ងៃទី២១ ខែសីហានេះ ​ សរសេរថា នៅលើលោកនេះ អ្វីដែលងាយហើយស្រួលបំផុត គឺរស់នៅបែបជីវិតសាមញ្ញៗ ធម្មតាល្ងាចឡើងទំនេរពីការងារមានពេលជួបជុំមិត្តភក្តិ។ ​ជាចុងក្រោយលោក​ចាងហ្វាង សាន្ត ប៊ុនធឿន ដកខ្លួនចេញពីពិភពគុនហើយ ហើយក៏លែងចង់ដឹងរឿងអ្នកដទៃទៀតនោះដែរ។ លើសពីនេះ  នៅមុខផ្ទះដាំដើមគ​ ហើយកាច់ធ្មុងដាក់ស្មុកទើបនៅស្រុកបាន។

ក្រោយលេចចេញរឿង​បណ្តេញ លោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌកងទ័ពនេះ មានលិខិតមួយដែលបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យនេះ ដែលមានសំណើពី​មេបញ្ជាការកងអង្គរក្ស លោក ហ៊ុង ប៊ុនហៀង ដោយស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំលុបឈ្មោះលោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្ថលេខ ១៧០២៤៨ និងអនុសេនីយ៍ឯក លោក ហ៊ត ប៉ូ។

សំណើលុបឈ្មោះមនុស្សទាំងពីរ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទនេះ ត្រូវបានលោក ហ៊ុន សែន យល់ព្រមនៅថ្ងៃទី២១ ខែសីហានេះ និងបញ្ជាក់ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ថា ត្រូវបណ្តេញចេញជាបន្ទាន់។

នាយក​ប្រតិបត្តិ​នៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​ហៅកាត់ថាខេមបូចា លោក ណុប វី មានប្រសាសន៍ថា ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលបានជួយលុយទិញផ្ទះ​ ព្រមទាំងផ្តល់លុយ ៥០០ដុល្លារក្នុងមួយខែជូន លោក សាន្ត ប៊ុនធឿន ​ បង្ហាញឱ្យឃើញថា ចាងហ្វាងសារព័ត៌មានរូបនោះ មិនមានឯករាជ្យភាព និងមិនមានវិជ្ជាជីវៈក្នុងការសរសេរអត្ថបទ ឬផ្សព្វផ្សាយព័ត៌មានរសើប ឬចំណុចខ្វះខាតរបស់រដ្ឋាភិបាលនោះទេ។

លោកមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មាន កាលណាយើងទទួលលុយកាក់អ្នកនយោបាយ ហើយអ្នកនយោបាយគាត់ផ្តល់ប្រាក់បៀវត្សរ៍ ជាធម្មតាមិនមានភាពឯករាជ្យទេ។ កាលណាមានរឿងអ្វីប៉ះពាល់ដល់រដ្ឋាភិបាល យើងប្រាកដជាស្ទាក់ស្ទើរក្នុងការសរសេរព័ត៌មានហ្នឹង»។

ទាក់ទងនឹងការស៊ីផឹកបោកចានហើយបង្ហោះជាសាធារណៈលើបណ្តាញសង្គមវិញ លោក ណុប វី ​ជំរុញទៅក្រសួងព័ត៌មាន គប្បីហៅ លោក សាន្ត ប៊ុនធឿន មកអប់រំណែនាំ កុំឱ្យបន្តធ្វើសកម្មភាពបែបនេះទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

លោកបន្តថា៖ «ខ្ញុំគិតថា សមត្ថកិច្ច ក្រសួងព័ត៌មាន គួរតែមានការណែនាំដែរ ដោយសារជាឥរិយាបថមួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជារួម មិនមែនជាឥរិយាបថមួយដែលបង្ហាញពីសេរីភាពរបស់អ្នកសារព័ត៌មានទេ។ សម្រាប់ខ្ញុំឥរិយាបថនិងសេរីភាពរបស់អ្នកសារព័ត៌មាន មានន័យថា គាត់ចូលរួមនៅក្នុងធ្វើសេចក្តីរាយការណ៍ព័ត៌មានប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ហើយធ្វើសេចក្តីរាយការណ៍ ដើម្បីបម្រើសាធារណជនទូទៅ មិនមែនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួកណាមួយនោះទេ»។

លោក ណុប វី បន្ថែមថា បើសិនជាក្រសួងព័ត៌មាន មិនអប់រំណែនាំដល់ លោក សាន្ត ប៊ុនធឿន ទេ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន​ផ្សេងទៀត ដែលបំពេញការងារដោយឯករាជ្យ ​និងស្របតាមវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៌ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ