រដ្ឋាភិបាល​ថា​ហេតុការណ៍​កម្មករ​សម្រុក​រត់​ចេញ​ពី​កាស៊ីណូ​មួយ​ក្នុង​ស្រុកកោះធំ មិនមែន​ជា​ករណី​បង្ខាំង​ឡើយ

ផ្លាកសញ្ញា “Golden Phoenix Entertainment City” នៅខាងក្រៅអគារ Pacific Real Estate ក្នុងឃុំសំពៅពូន ខេត្តកណ្តាល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

កម្មករ​រាប់​សិប​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​មុន បាន​នាំគ្នា​សម្រុក​រត់​គេច​ចេញ​​ពី​​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ស្រុក​កោះ​ធំ ​ខេត្ត​​កណ្ដាល និង​លោត​​ចូល​​ក្នុង​​ព្រែក​បិន​យី (Binh Di)​ ដើម្បីហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ប្រទេស​វៀតណាម។

សកម្មភាពនេះត្រូវបាន​បង្ហាញ​ឱ្យឃើញ​តាម​រយៈ​វីដេអូ​នានាដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​ដោយ​សារព័ត៌​មាន​ក្នុងស្រុក កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ និង​ខាង​ភាគី​វៀត​ណាម​ផង​ដែរ។

យោង​តាម​វីដេអូ​ទី១ បាន​បង្ហាញ​ថា មនុស្សមួយ​ក្រុម​បាន​នាំគ្នារត់​សម្រុក​គេច​ចេញ​តាម​ខ្លោង​ទ្វារ​នៃបរិវេណ​អគារមួយកន្លែង ហើយ​​បន្ទាប់មកពួកគេទាំងនោះក៏បានលោតចូលទៅក្នុងទឹកព្រែក ដែលជា​​ទីតាំង​​កើត​ហេតុ​នោះ ​ស្ថិតក្នុង​ឃុំ​សំពៅពូន​ ស្រុក​កោះធំ។ ក្នុង​ហេតុការណ៍​នោះ គេ​ក៏​សង្កេត​ឃើញ​មានសន្តិ​សុខដេ​ញ​តាម​ចាប់​ពួកគេពីក្រោយផងដែរ។​

វីដេអូទី២ ដែល​ហាក់ថតចេញពីខាងភាគីវៀតណាម ក៏បានបង្ហាញឱ្យឃើញពីរូបភាពមនុស្សសម្រុករត់ចុះទៅកាន់ទឹកព្រែក ដើម្បីហែល​រត់គេចខ្លួនផងដែរ ខណៈអាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា មានមនុស្ស​​សរុប៤២​នាក់​​បាន​ព្យាយាម​រត់គេចចេញ​ពី​ក្រុមហ៊ុន​កាស៊ីណូ​កម្ពុជាមួយកន្លែង។

ទាក់ទិននឹងករណីនេះ សារព័ត៌មាន​វៀតណាម Zing News បាន​រាយការណ៍​ថា ក្នុងចំណោមអ្នក​ដែលព្យាយាម​ហែល​ទឹក​រត់​គេច​នេះ ក្នុងនោះមានមនុស្សចំនួន៤០នាក់ ​ត្រូវ​​បាននាំ​​ទៅ​កាន់មជ្ឈមណ្ឌល​ក្នុង​សហគមន៍​មួយ​ក្នុង​ស្រុក An Phu ខេត្ត​​អាន​យ៉ាង​ ខណៈ​មានម្នាក់​​ត្រូវ​បានសន្តិសុខ​កាស៊ីណូ​ចាប់ខ្លួន​បាន​​ និងជន​រង​គ្រោះ​ម្នាក់ទៀត​បាន​បាត់​ខ្លួនទៅតាមព្រែក។

ក្រុមអ្នករត់គេចខ្លួនចេញពីទីតាំងកាស៊ីណូនោះ​បានថ្លែងប្រាប់អាជ្ញាធរវៀតណាមថា ពួកគេត្រូវ​បានក្រុម​ហ៊ុន​បង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង​ដោយ​គ្មាន​ប្រាក់​ឈ្នួល​បន្ថែម​ឡើយ ហើយក្នុងនោះមានករណីកម្មករមួយ​ចំនួនក៏ត្រូវបានគេចាប់បង្ខាំងនៅក្នុងឧស្សាហកម្ម​ឆបោក​​តា​ម​ប្រព័ន្ធ​អនឡាញ​​របស់កម្ពុជាផងដែរ។

ប្រភព​ដដែល​បន្ត​ថា សមត្ថកិច្ច​ខេត្ត​អានយ៉ាង ក៏​នឹង​ត្រូវ​​ពិនិត្យថាតើករណីនេះមានជាប់ពាក់ព័ន្ធនឹងការ​ជួញ​ដូរ​មនុស្សដោយខុសច្បាប់ឬយ៉ាងណាផងដែរ។

តាមរយៈការចុះទៅដល់ទីតាំង​ដោយ​ផ្ទាល់​ កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ អ្នកសារព័ត៌​មាន​វីអូឌី បាន​រក​ឃើញ​ថា អគារនោះគឺជាទីតាំងអាគារ Pacific Real Estate ដែលចុះបញ្ជីក្រោមក្រុមហ៊ុន​ឈ្មោះ «តៃភីង​យ៉ាង​ហ្វាង​ឌីចាន់​វូចាន់​ វូយីគ័នលី ឯ.ក (Tai Ping Yang Fang Di Chan Wu Ye Guan Li)»

ជាមួយគ្នានេះ គេក៏សង្កេតឃើញសន្តិសុខកាស៊ីណូទាំងឡាយក៏បានព្រមានពលរដ្ឋនៅក្បែរទីតាំងកើត​ហេតុ​កុំ​ឱ្យ​ថត​រូប​ព្រែក [ដែលមានមនុស្សហែលឆ្លង] ឬបរិវេណអាគាររបស់​ខ្លួន ហើយក្នុងនោះក៏មាន​ករណី​សន្តិសុខ​មួយ​រូបបាន​បង្ខំ​បុគ្គលិក​អង្គការ​សិទ្ធិមនុស្សម្នាក់​ឱ្យលុបរូបថតដែលបានថតអគារកើតហេតុនោះផងដែរ។

យោងតាម​ការ​បញ្ជាក់​ពី​បុរស​មួយរូបបាន​ឱ្យដឹង​ថា ​កម្មករម្នាក់​ដែលព្យាយាម​រត់​គេច​ខ្លួនហើយ​ត្រូវបាន​ចាប់មកវិញនោះ ​គឺត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​វាយ​ដំ​ និងរងរបួសយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ពលរដ្ឋមួយរូបក៏បានឱ្យដឹងផងដែរថា៖ «យើង​មិន​ហ៊ានដើរ​ចូលទៅ​ជិត​បរិវេណអគារនោះទេ ​ដោយ​សារ​តែ​​ខ្លាច​​​គេ​​យល់​​ច្រឡំ [ថាជាកម្មករដែលរត់គេច] ហើយត្រូវបានគេ​វាយ​​ដូច​អ្នក​ដទៃ»។

បុរសជនជាតិខ្មែរម្នាក់ដែលអះអាងថា ខ្លួនធ្វើការនៅក្នុងអគារ Pacific Real Estate បានលើកឡើងថា កម្មករក្នុងស្រុកត្រូវបានអនុញ្ញាតឱ្យចូល និងចេញពីអគារ ប៉ុន្តែជនបរទេសដែលបម្រើការនៅទីនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទៅណានោះទេ។

លោក​បាន​បន្ថែម​ថា កម្មករជាជន​បរទេស​ទាំង​នោះ កាលពីពេលកន្លងទៅ ក៏​ធ្លាប់​​បា​ន​​ព្យាយាម​​ចាក​ចេញ​​ពី​បរិវេណ​នោះ​ផងដែរ។

លោកថា៖ «ករណីព្យាយាមរត់គេចបែបនេះក៏ធ្លាប់កើតមានកាលពីពេលកន្លងទៅផងដែរ តែមិនញឹកញាប់នោះទេ និងមិនធ្វើឡើងក្នុងចំនួនច្រើនបែបនេះឡើយ។ ពួកគេភាគច្រើនព្យាយាមរត់គេចដោយផ្លោះរបង ប៉ុន្តែលើកនេះ ពួកគេបែជារត់តាមច្រកទ្វារធំ។ វាកម្រណាស់»។

បុរសរូបនេះបន្ថែមថា ​អគារ​នេះមាន​មនុស្ស​ច្រើន​​ ខណៈពួកគេទាំងអស់នោះសុទ្ធសឹង​តែ​ធ្វើ​ការ​តាម​អ៊ីន​ធឺណិត ហើយ​អាជីវកម្ម​នេះ​បានបើក​ដំណើរការ​អស់​រយៈពេល៤ឆ្នាំ​មក​ហើយ។

ទោះ​ជាយ៉ាង​ណា អភិបាលរងខេត្តកណ្ដាល លោក គ្រុយ ម៉ាឡែន បាន​ថ្លែងអះអាង​ថា ក្រុមហ៊ុន Pacific Real Estate នេះមិន​មានករណីចាប់បង្ខាំង​​មនុស្ស​ឡើយ និងមានការ​បើក​ប្រាក់​ខែ​ឱ្យ​កម្មករ​របស់​ខ្លួនត្រឹមត្រូវជាធម្មតា​​។

លោកបន្ថែមថា សម្រាប់កម្មករដែលរត់គេចខ្លួននោះ គឺជាអ្នកដែលព្យាយាមគេច​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​​ការ​ងារ​របស់​ខ្លួន និង​បំណុល​ល្បែងដែលខ្លួនជំពាក់ក្រុមហ៊ុន។

លោកថា៖ «ករណី​នេះ ​គឺមិន​បាន​កើត​ឡើង​ដូចអ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​​រាយការណ៍​នោះទេ ខណៈពលរដ្ឋមានការ​សង្ស័យ​ថា [ក្រុមហ៊ុន] ចាប់​បង្ខាំងមនុស្ស។ ហេតុការណ៍នេះ​បាន​កើត​ឡើង​ដោយ​សារ​តែក្រុម​បុគ្គលិកមួយក្រុមដែល​ធ្វើ​ការ​នៅ​កាស៊ីណូនេះ​​យូរ​មក​ហើយ។ ពួកគេមានទាំង​ប្រាក់​ខែ និង​ប្រាក់​បន្ថែម​សមរម្យ ប៉ុន្តែ​​ពួក​គេ​យកវា​ទៅ​លេង​ល្បែង»។

លោកបន្តថា៖ «មានអ្នក​ខ្លះ​ឈ្នះ ខណៈ​មួយចំនួនទៀត​ក៏ចាញ់ដែលធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ ហើយ​ព្យាយាមរត់គេច​ពី​ការ​ទទួល​ខុស​ត្រូវ។ ករណីនេះ​វា​មិន​ដូច​អ្វី​ដែល [ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពលរដ្ឋ] លើកឡើង​នោះ​ទេ»។

លោក គ្រុយ ម៉ាឡែន បន្ថែមថា អាជ្ញាធរ​បាន​សាកសួរ​ផ្នែកអ្នកគ្រប់គ្រង​ក្រុមហ៊ុន ដោយរកឃើញថា កម្មករ​ទាំងអស់នោះសុទ្ធតែ​មាន​ឯកសារ​ការងារត្រឹមត្រូវ។

ទោះជាយ៉ាងណា ទាក់ទិននឹងសំណួរថាតើគណៈគ្រប់គ្រងរបស់ Pacific Real Estate ត្រូវបានឃាត់ខ្លួនអំឡុងពេលស៊ើបអង្កេតឬយ៉ាងណានោះ លោកលើកឡើងថា វាមិនមែនជាករណីដែលចាំបាច់ឡើយ។

អភិបាលរងខេត្តរូបនេះថា៖ «គ្មានការឃាត់ខ្លួនណាមួយត្រូវបានធ្វើឡើងទេ ខណៈទីតាំងនោះមិនមានសកម្មភាពខុសច្បាប់ណាមួយឡើយ។ វាជាកាស៊ីណូស្របច្បាប់ និងមានអាជ្ញាបណ្ណត្រឹមត្រូវ ដូច្នេះហើយមិនមានការឃាត់ខ្លួន ឬចាប់ខ្លួនតំណាង ឬម្ចាស់ទីតាំងណាម្នាក់ឡើយ ខណៈពួកគេក៏មិនបានរត់គេចខ្លួនទៅណាដែរ»។

ទាក់ទិននឹងករណីនេះ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ក៏បានចុះទៅពិនិត្យនៅទីតាំងនេះ កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុនផងដែរ។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អភិបាលខេត្តរូបនេះ។

ក្នុងហ្វេសប៊ុករបស់លោកអភិបាលខេត្ត បន្តថា៖ «ដោយគោរព​អនុវត្តច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និង​គោរពតាមអាជ្ញាបណ្ណអាជីវកម្មត្រឹមត្រូវ​ បុគ្គលិក​ កម្មករក្រុមហ៊ុន​ ត្រូវបម្រើការងារត្រឹមត្រូវ និងមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន​ និងការបង្ខិតបង្ខំមនុស្ស ឬឃាត់ទុកមនុស្សប្រើខុសច្បាប់ដាច់ខាត»។​

ជាមួយគ្នានេះ នាយ​ប៉ុស្តិ៍​នគរបាលឃុំសំពៅពូន លោក ឃុត ប៊ុនថន បានទទួលស្គាល់ថា ករណីមនុស្ស​ព្យាយាមរត់គេចពីកាស៊ីណូនេះ ពិតជាបានកើតឡើងមែនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

ទោះជាយ៉ាងណា​ នាយ​ប៉ុស្តិ៍​នគរបាលថា៖ «ខ្ញុំសុំមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀតឡើយ។ សូមទាក់ទងទៅកាន់​អធិការ​នគរបាល​ស្រុកចុះ»។

វីអូឌី មិនអាចសុំការធ្វើអត្ថាធិប្បាយបានឡើយពីមេឃុំសំពៅពូន លោក អ៊ុក ស្រ៊ន និងស្នងការ​នគរបាលខេត្ត​កណ្ដាល លោក ឈឿន សុចិត្រ ទាក់ទិននឹងករណីនេះ។

ទោះជាយ៉ាងណា លោក ឈឿន សុចិត្រ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអនឡាញ Fresh News ថាបុគ្គលិកទាំងនោះរៀបចំផែនការប្រមូលគ្នាទម្លុះទ្វាររបង រត់ចេញ ហើយប៉ះគ្នាជាមួយសន្តិសុខ ដែលហេតុការណ៍នេះបណ្តាលឱ្យ​សន្តិសុខ៣នាក់រងរបួស​។

គួរបញ្ជាក់ថា ក្រុមហ៊ុន​ តៃភីងយ៉ាង (Tai Ping Yang) ត្រូវបានចុះបញ្ជីនៅឆ្នាំ​២០២១ ដែលបច្ចុប្បន្នមានអ្នកគ្រប់គ្រងតែម្នាក់គត់ គឺលោក Hum Sovanny។ បុគ្គលរូបនេះក៏ត្រូវបានស្គាល់ថាជាម្ចាស់ក្រុមហ៊ុនចំនួន៣ផ្សេងទៀត​ដែរ រួមមាន ភោជនីយដ្ឋាន ហាងម៉ាស្សា និងក្រុមហ៊ុនហិរញ្ញវត្ថុដែលមានឈ្មោះថា Bao Yu Aomen Capital Advisory។

គិតត្រឹមខែមិថុនា ឆ្នាំមុន បរិវេណអាគារនេះធ្លាប់ត្រូវបានគ្រប់គ្រងដោយ Jinsha Group ជាក្រុមហ៊ុនកាស៊ីណូមួយដែលវិនិយោគដោយបុគ្គលឈ្មោះ Liu Yang ដែលបច្ចុប្បន្នត្រូវបានស្គាល់ថាជាប្រធាននៃសមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA)។

សមាគមនេះ ដំបូងឡើយក៏ត្រូវបានស្គាល់ថាជាអ្នកគាំទ្រដ៏សំខាន់នៅពីក្រោយក្រុមស្ម័គ្រចិត្តកម្ពុជា-ចិន ដែលជួយសង្រ្គោះជនរងគ្រោះពីការជួញដូរផងដែរ។ ទោះជាយ៉ាងណា ប្រតិបត្តិការរបស់ក្រុមស្ម័គ្រចិត្តមួយនេះបានរលាយបាត់ទៅ បន្ទាប់ពីលោក Chen Baorong ដែលជាប្រធានក្រុមត្រូវបានចាប់ខ្លួនកាលពីខែមីនា។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់អ្នកសារព័ត៌មានថា រូបលោកក៏បានដឹងពីករណីដែលកើតឡើងនៅស្រុកកោះធំនេះផងដែរ ខណៈលោកបន្ថែមថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត។

លោកថា៖ «ខ្ញុំមិនទាន់មានភស្តុតាងច្បាស់លាស់នៅឡើយទេ ប៉ុន្តែយោងតាមរបាយការណ៍បឋមបង្ហាញថា ពួកគេទាំងអស់នោះអាចជាអ្នកដែលមកធ្វើការដោយខុសច្បាប់ ដែលទទួលបានការ​សន្យាថានឹងទទួលបានប្រាក់ខែសមរម្យ ខណៈប្រាក់ខែ​ដែល​ពួក​គេទទួល​បាន​អាច​នឹង​មិន​ដូច​ការ​សន្យា។ នេះអាចជាកំហុសឆ្គងមួយ។ ទោះជាយ៉ាងណា យើងបានធ្វើការលើករណីនេះហើយ»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងដែរថា ករណីដែលកំពុងតែត្រូវបានស៊ើបអង្កេតនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការត្រួតពិនិត្យជនបរទេស ខណៈវាជាគោលនយោបាយថ្មីមួយ​ដែលបានប្រកាសកាលពីដើមខែនេះ ដើម្បីឆ្លើយតបនឹងការដែលសហរដ្ឋអាមេរិក​បាន​​ដាក់​កម្ពុជា​​​ក្នុ​​​ងបញ្ជីខ្មៅរបស់ខ្លួន ជុំវិញប្រតិបត្តិការឆបោក និងជួញដូរមនុស្ស។

ជាមួយ​គ្នា​នេះ លោក​​ក៏​បាន​លើក​ឡើង​អំពី​ករណី​ដែល​រដ្ឋាភិបាល​បានធ្វើការ​ស៊ើបអង្កេត ​កាលពី​ពេល​ថ្មីៗ​​នេះ ​នៅ​ខេត្ត​ព្រះសីហនុផងដែរ។

លោកថា៖ «នៅពេលដែលយើងចុះពិនិត្យទៅកាន់ទីនោះដោយផ្ទាល់ យើងឃើញថា ស្ថានភាពខ្លះមិនពិតទាំងស្រុង ប៉ុន្តែមានខ្លះក៏ពិតផងដែរ។ ដូច្នេះ យើងបានជួយសង្គ្រោះ ខណៈបេសកកម្មរបស់យើង ទី១ គឺជួយសង្គ្រោះជនរងគ្រោះ និងទី២ ដើម្បីចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសតាមច្បាប់»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Dramatic Escape at Koh Thom Casino Triggers Gov’t Denial

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ