ពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ប្រឈមនឹងការធ្វើបត្យាប័នបញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសចិន ជុំវិញការលាងលុយកខ្វក់ និងល្បែងស៊ីសងតាមអ៊ីនធឺណិត បានព្យាយាមជ្រើសរើសវិនិយោគិននៅកម្ពុជា។
កាលពីដើមខែនេះ សារព័ត៌មាន The Thaiger ដែលមានមូលដ្ឋាននៅភូកេត បានរាយការណ៍ថា លោក ថេឌី តូវូអ៊ីហូត (Teddy Teow Wooi Huat) ជាជនជាតិម៉ាឡេស៊ី ដែលបានបង្កើតក្រុមហ៊ុន Mobility Beyond Imagination ឬ MBI Group នឹងត្រូវធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិន តាមសេចក្តីសម្រេចរបស់តុលាការថៃ។
ក្រុមហ៊ុន MBI Group របស់លោក Teow គឺជាក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងវិនិយោគលើទីផ្សារអនឡាញ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចហ្វេសហ៊ុក ដែលផ្តោតលើប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ទ្រព្យសម្បត្តិរបស់លោក រួមមាន រមណីយដ្ឋានមួយនៅក្រុងដានុក (Danok) ប្រទេសថៃ ជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ព្រមទាំងក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។
យោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក Teow បានចុះបញ្ជីអាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន MBI Ventures នៅក្នុងឆ្នាំ២០១៨ ដែលមាននាយកជាជនជាតិម៉ាឡេស៊ីម្នាក់ទៀតឈ្មោះ ហ្វុង វ៉ុកជុង (Fong Kwok Choong)។
លោក Fong បានប្រាប់ វីអូឌី តាមរយៈប្រព័ន្ធ WhatsApp កាលពីថ្ងៃអង្គារថា លោកបានលាឈប់ពីក្រុមហ៊ុនកាលពីប៉ុន្មានឆ្នាំមុន ទោះបីជាឈ្មោះរបស់លោកនៅតែមាននៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មក៏ដោយ។ លោកថា លោកបានជួបលោក Teow តាមរយៈសហគ្រិនក្រៅប្រទេសម្នាក់ទៀត ហើយក៏ចង់វិនិយោគរួមគ្នានៅក្នុងប្រទេសកម្ពុជា។
លោកបាននិយាយក្នុងសារមួយថា៖ «ខ្ញុំមិនអាចយកថ្លៃសេវាបង្កើតក្រុមហ៊ុនដែលយើងបានបង់មកវិញឡើយ»។
លោក Fong បាននិយាយថា លោក Teow បដិសេធក្នុងការសងបំណុលអាជីវកម្មដល់រូបលោកសម្រាប់ការបង្កើតក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ហើយមិនបាននិយាយជាមួយលោកអស់រយៈពេលជាច្រើនឆ្នាំ។ លោក Fong បាននិយាយថា លោក Teow ភ្លេចគ្រាដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។
លោកបានមានប្រសាសន៍ថា៖ «នៅពេលនោះ បើតាមគាត់ គាត់ចង់មកវិនិយោគនៅកម្ពុជា។ ដូច្នេះ យើងពិចារណាលើកយកគម្រោងមួយចំនួនសម្រាប់គាត់ ប៉ុន្តែគាត់មិនបានពន្យល់ច្បាស់លាស់អំពីអ្វីដែលត្រូវវិនិយោគនោះទេ។ ដូច្នេះ វាគ្រាន់តែធ្វើឱ្យយើងខាតពេល។ ចាប់ពីនោះមក យើងលែងតាមដានជាមួយគាត់ទៀត»។
លោក Fong បាននិយាយថា លោកមិនបានដឹងអំពីការចោទប្រកាន់លើលោក Teow ទេ។ ប៉ុន្តែលោកបានបន្ថែមថា លោក Teow ហាក់ដូចបង្ហាញថាគាត់ជាអ្នកមាន ហើយអាចវិនិយោគប្រាក់ជាច្រើន។
ជាច្រើនឆ្នាំមុនពេលក្រុមហ៊ុន MBI Ventures ត្រូវបានចុះបញ្ជីជាក្រុមហ៊ុន អ្នកប្រើប្រាស់ម្នាក់បានផ្សព្វផ្សាយតាមអ៊ីនធឺណិតក្នុងឆ្នាំ២០១៥ ដោយផ្សាយពាណិជ្ជកម្មអំពី MBI Group និង MFC Cambodia ជាភាសាខ្មែរ និងអង់គ្លេស។ ការផ្សព្វផ្សាយក្រោយមកទៀត គឺក្រុមហ៊ុនពាក់ព័ន្ធដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា ដោយដាក់ឈ្មោះកូនប្រុសរបស់លោក Teow ឈ្មោះ តូ ជីចូ (Teow Chee Chow) ដែលត្រូវបានចាប់ខ្លួនផងដែរ ទាក់ទងនឹងទីតាំងឆបោកដែលមានមូលដ្ឋាននៅទីក្រុងម៉ាកាវ។
ការផ្សាយពាណិជ្ជកម្មនោះ រួមមាន ការផ្សាយអំពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនឈ្មោះថា MFace ដោយសន្យាថាអាចរកប្រាក់ដោយការវិនិយោគលើការផ្សាយពាណិជ្ជកម្មរបស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម និងការលេងល្បែងតាមអ៊ីនធឺណិត តាមរយៈរូបិយបណ្ណឌីជីថលដែលត្រូវបានហៅថា «កាក់ទិញទំនិញ (goods redemption coins) ឬ GRC»។
ពាណិជ្ជកម្មជាភាសាខ្មែរបាននិយាយថា វិនិយោគិនដែលមានសក្តានុពលត្រូវទិញកញ្ចប់ផ្សាយពាណិជ្ជកម្មចាប់ពី ៦០០ ដុល្លារ ដែលនឹងប្តូរទៅជា GRC មួយចំនួនដែលវិនិយោគិនអាចចំណាយលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតនៅលើ MFace។
ពាណិជ្ជកម្មផ្សេងទៀតជាភាសាអង់គ្លេស បានប្រាប់សមាជិកថ្មីដែលមានសក្តានុពលថា ពួកគេត្រូវរកសមាជិកបន្ថែមចូលក្រុមហ៊ុន ដើម្បីឈានទៅកម្រិតខ្ពស់នៅក្នុងសាជីវកម្ម និងទទួលបានប្រាក់កាន់តែច្រើន។
លោក Teow ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ កាលពីខែកក្កដា ឆ្នាំមុន ដោយទាំងអាជ្ញាធរចិន និងម៉ាឡេស៊ី កំពុងរៀបចំធ្វើបត្យាប័ន។ យោងតាមសារព័ត៌មានម៉ាឡេស៊ី The Star អាជ្ញាធរម៉ាឡេស៊ី បានចាត់វិធានការប្រឆាំងនឹងលោក Teow ក្នុងឆ្នាំ២០១៧ ដោយបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន M Mall ក្នុងទីក្រុងប៉េណាង (Penang) និងបង្កកគណនីធនាគារចំនួន៩១ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះ។
ពីរឆ្នាំក្រោយមក ជនជាតិចិនចំនួន១០០នាក់បានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតចិន ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីតវ៉ាអំពីការខាតបង់ប្រាក់ទៅក្រុមហ៊ុន MBI។ អាជ្ញាធរចិ នក៏បានស្វែងរកលោក Teow ដើម្បីសាកសួរផងដែរ បន្ទាប់ពីពលរដ្ឋចិនជាង៤០០នាក់បានប្តឹងរូបលោកនៅឆ្នាំ២០២១ ដើម្បីទាមទារសំណងចំនួន ២៣,៤ លានដុល្លារ។ វិនិយោគិនកម្ពុជាក៏ខាតបង់ប្រាក់ទៅក្រុមហ៊ុន MBI ផងដែរ។
លោក រិទ្ធី ភីម រស់នៅរាជធានីភ្នំពេញ ដែលបម្រើការងារក្នុងវិស័យអចលនទ្រព្យ បានប្រាប់ វីអូឌី ថា លោកបានវិនិយោគលើ MFace ជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែលោកបានបោះបង់បន្ទាប់ពីពីរខែក្រោយមក ដោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះនឹងមិនទទួលបានអ្នកប្រើប្រាស់អន្តរជាតិដូចហ្វេសប៊ុកនោះទេ។
លោក រិទ្ធី ភីម អាយុ៣៦ឆ្នាំ បាននិយាយថា លោកបានដឹងពីកម្មវិធីនេះជាលើកដំបូង បន្ទាប់ពីមិត្តភក្តិរបស់លោកបានហៅលោកទៅចូលរួមវគ្គបណ្តុះបណ្តាលអំពីកម្មវិធីនេះ ហើយលោកបានខាតបង់ប្រាក់អស់១០០ដុល្លារ ដោយការវិនិយោគលើកម្មវិធីនេះ។ លោកមិនចាំថានៅពេលណាដែលលោកបានក្លាយជាសមាជិកនោះទេ ប៉ុន្តែលោកបានបង្ហោះក្នុងក្រុមហ្វេសប៊ុកសាធារណៈអំពី MFace កាលពីឆ្នាំ២០១៣។
លោកបាននិយាយថា លោកត្រូវបានគេប្រាប់ឱ្យរកសមាជិកថ្មីចូលក្នុងកម្មវិធី ប៉ុន្តែលោករកមិនដែលបានឡើយ។ ឥឡូវនេះ កម្មវិធីនេះដំណើរការដោយមិនចាំបាច់មានអ៊ីនធឺណិត។
លោកបាននិយាយថា៖ «ខ្ញុំទើបតែចូលរួមដើម្បីរៀនអំពីប្រភេទអាជីវកម្មនោះ [ប៉ុន្តែ] ខ្ញុំគិតថាវាមានហានិភ័យខ្ពស់ [ដូច្នេះ] ខ្ញុំមិនអាចរកសមាជិកថ្មីឱ្យមកប្រថុយដូចខ្ញុំឡើយ»។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែល វីអូឌី ទទួលបាន ពុំបានបញ្ជាក់ច្បាស់ថាពេលណាលោក Teow នឹងត្រូវបានធ្វើបត្យាប័ន ឬវិធានការអ្វីដែលលោកនឹងប្រឈមនៅពេលត្រលប់ទៅកាន់ប្រទេសចិនវិញនោះទេ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Alleged Malaysian Scammer Had Operations in Cambodia