ក្រុមយុវជន​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ពី​តំបន់កោះកុងក្រៅ និង​ការ​ដាក់​ជា​ឧទ្យានជាតិ​សមុទ្រ

ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ២០នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ បានស្នើទៅក្រសួងបរិស្ថានឱ្យបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតំបន់កោះកុងក្រៅ និងធ្វើបច្ចុប្បន្នភាពនៃការដាក់តំបន់មួយនេះទៅជាតំបន់ឧទ្យានជាតិសមុទ្រ ក្រោយមន្ត្រីក្រសួងចុះស្រាវជ្រាវរយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានបង្ហាញលទ្ធផលការងាររបស់ខ្លួនជាសាធារណៈឡើយ។

ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ២០នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យរដ្ឋមន្ត្រី លោក សាយ សំអាល់ ​បង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ ដើម្បីជាប្រយោជន៍សាធារណៈ ឬសម្រាប់តម្រូវការផ្សេងៗដល់យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋបានឈ្វេងយល់ពីធនធានធម្មជាតិនៅតំបន់នោះ។

ក្នុងញត្តិដាក់ទៅក្រសួងបរិស្ថាននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបញ្ជូនមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យទាក់ទិននឹងកោះកុងក្រៅ តាំងពីឆ្នាំ២០១៦ ហើយក្រសួងថានឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជាឧទ្យានជាតិសមុទ្រនៅអំឡុងឆ្នាំ២០២១ ក្រោយបញ្ចប់ការសិក្សារួច។

ញត្តិបន្តថា រហូតមកដល់ពេលនេះមានរយៈពេល៦ឆ្នាំហើយ គឺក្រសួងមិនបានបង្ហាញជាសាធារណៈអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ឬប្រកាសតំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដូចការរំពឹងទុករបស់ក្រសួងឡើយ។ បញ្ហានេះធ្វើឱ្យក្រុមយុវជន និងប្រជាពលរដ្ឋបារម្ភពីការកើតមានបញ្ហាផ្សេងៗក្នុងតំបន់ធម្មជាតិមួយនេះ ខណៈតំបន់នោះបានប្រគល់ឱ្យឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជាសម្រាប់អភិវឌ្ឍ​ន៍។

សកម្ម​ជន​បរិស្ថានចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ប្រាប់វីអូឌីកន្លែងដាក់ញត្តិថា កញ្ញា និងក្រុមយុវជនមិនគាំទ្រចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ អភិវឌ្ឍនៅតំបន់កោះកុងក្រៅនោះទេ ដោយបារម្ភពីផលប៉ះពាល់បរិស្ថាន ធនធានធម្មជាតិដ៏មានតម្លៃ និងប្រជាពលរដ្ឋអាស្រ័យផលនៅតំបន់នោះ។

សកម្ម​ជន​បរិស្ថានចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ផ្ដល់បទសម្ភាសន៍ អំឡុងពេលក្រុមយុវជនចលនាមាតាធម្មជាតិ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
សកម្ម​ជន​បរិស្ថានចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ផ្ដល់បទសម្ភាសន៍ អំឡុងពេលក្រុមយុវជនចលនាមាតាធម្មជាតិ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

កញ្ញាបន្ថែមថា៖ «ការសម្បទានកោះកុងក្រៅទៅឱ្យលោក លី យ៉ុងផាត់ ដែលមានប្រវត្តិអត់ល្អ ដោយគាត់មានប្រវត្តិរំលោភសិទ្ធិមនុស្ស រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ បំផ្លាញធនធានធម្មជាតិ។ យើងដឹងហើយថា កោះកុងក្រៅ ជាកោះដែលធំជាងគេនៅកម្ពុជា មានធនធានធម្មជាតិច្រើនមែនទែន មានព្រៃឈើ មានសមុទ្រ មានភ្នំ ឆ្នេរខ្សាច់ស្អាតៗ មាជីវចម្រុះច្រើនមែនទែន ដែលយើងគួរតែអភិរក្សតំបន់ហ្នឹងសម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរអាចទៅទស្សនា ទៅលេងបាន។ ជាកន្លែងសម្រាប់សិក្សាស្រាវជ្រាវអំពីធនធានធម្មជាតិផ្សេងៗ ជាជាងយើងយកទៅអភិវឌ្ឍ ដែលយើងឃើញថា គម្រោងអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជាតែងតែបំផ្លាញធនធានធម្មជាតិច្រើនជាងអភិរក្សធនធានធម្មជាតិ»

សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត លោក លី ចាន់​ដារ៉ា​វុធ និយាយថា ការសម្បទានកោះកុងក្រៅទៅឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សម្រាប់អភិវឌ្ឍន៍នោះ គឺមិនមានតម្លាភាពឡើយ។ លោកថា ការផ្តល់សម្បទាននេះ គឺពុំមានការជូនដំណឹង និងមិនមានការដេញថ្លៃ​ត្រឹមត្រូវឡើយ។

លោកបន្ថែមថា៖ «ក្រសួងបរិស្ថានបានបញ្ជាក់ថា ខ្លួនបានចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅហ្នឹងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយគ្រោងនឹងដាក់កោះ​នេះជាឧទ្យានជាតិសមុទ្រហ្នឹងនៅឆ្នាំ២០២១។ ប៉ុន្តែជាក់ស្តែង រហូតមកដល់ពេលនេះ អត់មានការបង្ហាញព័ត៌មានអំពីបច្ចុប្បន្នភាពកោះកុងក្រៅទេ ក្រៅពីការចាប់ខ្លួនសកម្មជន ការធ្វើទុក្ខបុកម្នេញទៅ[លើសកម្មភាព]ការពារធនធានធម្មជាតិ។ ហើយកោះកុងក្រៅ ត្រូវបានក្រសួងបំភ្លេចចោលមកដល់ឥលូវនេះ។ អ៊ីចឹងយើងចង់ដឹងថា ក្រសួងសិក្សាបានអ្វីខ្លះ? ហេតុអ្វីបានជាព័ត៌មានហ្នឹងត្រូវបានបិទជិតមិនឱ្យពលរដ្ឋដឹង? មួយទៀត យើងចង់ដឹងថា ដំណើរការដាក់កោះក្រៅជាឧទ្យានជាតិ វាដល់ណាហើយ»

ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ២០នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ២០នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

យុវតីម្នាក់ដែលជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា លី ស្សា ដែលចូលរួមដាក់ញត្តិ បាននិយាយថា កញ្ញាបានចូលឈឺឆ្អាលរឿងសង្គម ចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាន ជាមួយក្រុមយុវជនផ្សេងទៀត រយៈពេលជាង២ឆ្នាំមកហើយ ក្រោយមើលឃើញបញ្ហាទាំងនេះកំពុងប្រឈមការបាត់បង់ និងរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមហ៊ុន។

និស្សិតច្បាប់រូបនេះបន្តថា កញ្ញាបារម្ភពីការចោទប្រកាន់ផ្សេងៗ និងការចាប់ខ្លួនជាដើម ប៉ុន្តែដោយសារការស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់បរិស្ថាន និងព្រៃឈើជាដើមនោះ គឺកញ្ញាសម្រេចចូលរួមយុទ្ធនាការផ្សេងៗ ដើម្បីការពារធនធានធម្មជាតិទាំងនោះ។

កញ្ញាបន្ថែមថា៖ «រាល់សកម្មភាពដែលពួកយើងធ្វើ គឺដើម្បីផលប្រយោជន៍សាធារណៈទាំងអស់ រាល់សំឡេងដែលយើងបញ្ចេញទៅ គឺដើម្បីឱ្យមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានផ្សេងៗ។ ដូចករណីនៅភ្នំតាម៉ៅ គឺមានការចូលរួមពីយុវជន និងប្រជាពលរដ្ឋទាំងអស់។ សំឡេងទាំងអស់ហ្នឹងហើយដែលជួយឱ្យតំបន់ភ្នំតាម៉ៅបានដាក់ជាតំបន់ការពារ ហើយក៏ចង់ឱ្យសកម្មភាពសំឡេងទាំងអស់ហ្នឹងជួយដល់កោះកុងក្រៅផងដែរ»

VOD បានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​បញ្ជាក់លើបញ្ហានេះ ប៉ុន្តែមិនមានការឆ្លើយតបឡើយ​នៅថ្ងៃអង្គារនេះ។

យ៉ាងណា មន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យយុវជនពីរនាក់ចូលយកញត្តិទៅដាក់ដល់ការិយាល័យ និងបានទទួលញត្តិពីក្រុមយុវជនទាំងនោះ។

បើតាមតំណាងយុវជនដែលយកញត្តិទៅដាក់ផ្ទាល់ បានឱ្យដឹងថា មន្ត្រីក្រសួងសន្យាផ្តល់ព័ត៌មានទៅក្រុមយុវជនវិញ ក្រោយបញ្ជូនញត្តិទៅដល់ថ្នាក់ដឹកនាំពិនិត្យ។

កាលពីឆ្នាំ២០២០​ ក្រុមសង្គមស៊ីវិល​ និង​សហគមន៍​មួយចំនួន ​បានចេញសេចក្ដីថ្លែងការណ៍​មួយដោយ​បង្ហាញ​ពីការ​​ព្រួយ​បារម្ភ​​ជា​ខ្លាំង ​ក្រោយពេល​​​​រដ្ឋាភិបាល​បានផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​​​កោះ​កុង​​ក្រៅ​​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​ «កោះ​កុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី​ (KOH KONG SEZ CO., LTD.)​» របស់លោកឧកញ៉ា លី យ៉ុងផាត់។

ក្រុមអង្គការសង្គមស៊ីវិលបន្តថា ការអភិវឌ្ឍនេះនឹង​​​​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះ និងជីវចម្រុះ​ក្នុងសមុទ្រ ​ការកាប់បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​​សត្វ​ព្រៃ ​ការ​សាង​សង់​​អាគារ​លើឆ្នេរសមុទ្រ​ ការបង្ហូរ​ទឹកកខ្វក់​ចូលសមុទ្រ​ ការបាត់បង់​សោភ័ណ​ភាពធម្មជាតិ​នៃ​កោះ ​និងការ​បាត់បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល។

បើតាម​មន្ទី​រទេសចរណ៍ខេត្តកោះកុងឱ្យដឹងថា កោះកុងក្រៅ គឺ​ជាកោះធំទី១​របស់ប្រទេសកម្ពុជា ដែល​មាន​ទំហំ​សរុប១០៣​គីឡូម៉ែត្រ​ការ៉េ ហើយក៏​ជា​កោះ​ខ្ពស់​ជាង​គេ​ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ។

មន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងថា កោះនេះ​ស្ថិត​ក្នុងភូមិ​ជ្រោយ​ប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូ​ម៉ែត្រ​ ពីក្រុងខេម​រភូមិន្ទ។ ​កោះនេះ​សម្បូរ​​ដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និង​ជីវចម្រុះនៅបាតសមុទ្រ ព្រមទាំង​​មាន​ឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានពណ៌ខៀវស្រងាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ