កម្មករ​រោងចក្រ​ជិត​១០០០នាក់​នៅ​ផ្លូវ​វេងស្រេង​ផ្ទុះ​ការតវ៉ា ក្រោយ​ថៅកែ​បញ្ឈប់​ជំនួយការ​ត្រួតពិនិត្យ​ផ្នែកដេរ​៥នាក់

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co.,Ltd)» ស្ថិននៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់ជំនួយការផ្នែកត្រួតពិនិត្យសម្លៀកបំពាក់ចំនួន៥នាក់ពីការងារ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ-កម្មការិនីជិត១ ០០០នាក់ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co.,Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ានៅថ្ងៃពុធនេះ ក្រោយថៅកែបញ្ឈប់ជំនួយការផ្នែកត្រួតពិនិត្យសម្លៀកបំពាក់ចំនួន៥នាក់ពីការងារ។

កម្មការិនីផ្នែកដេរ​មួយរូប កញ្ញា អ៊ីង គង្គា បម្រើការងារនៅរោងចក្រ ញូមីងដា ប្រាប់វីអូឌីថា នៅថ្ងៃទី២៤ ខែសីហានេះ ថៅកែរោងចក្របានបញ្ឈប់ជំនួយការ​ត្រួតពិនិត្យផ្នែកដេរ​ ៥នាក់ ពីការងារ ដោយមិនប្រាប់ពីមូលហេតុ​ច្បាស់លាស់។ បញ្ហានេះធ្វើឱ្យកម្មករផ្សេងទៀតមិនពេញចិត្ត និងចង់ជួយគ្នា ទើបកម្មការជិត១ ០០០នាក់ដែលជាកម្មករទាំងអស់ក្នុងរោងចក្រ នាំគ្នាចេញតវ៉ាទាមទារឱ្យថៅកែទទួលយកជំនួយការទាំងនោះចូលធ្វើការងារវិញ។

កម្មការិនីរូបនេះបន្តថា មួយទៀតនោះ ក្រុមកម្មករទាមទារទៅក្រុមហ៊ុនឱ្យបើកទ្វារអាគារទាំងអស់ ដើម្បីធានាសុវត្ថិភាពកម្មករពេល​មានហេតុការណ៍ផ្សេងៗកើតឡើង និងកុំបង្ខំឱ្យកម្មករធ្វើការងារច្រើនហួសពីលទ្ធភាព ជាដើម។ កញ្ញា អ៊ីង គង្គា ឱ្យដឹងថា ថៅកែតែងតែចាក់សោរបិទទ្វាររោងចក្រ ក្រោយកម្មករចូលធ្វើការងារអស់ ព្រមទាំងតែងតែបង្ខំ និងព្រមានកម្មករឱ្យធ្វើការងារហួសពីលទ្ធភាព។

កញ្ញាបន្ថែមថា៖ «ដើមចមដំបូងហ្នឹង ថៅកែឱ្យពួកគាត់៣ក្រុមមានជំនួយការតែម្នាក់ទេ តែពួកគាត់អត់ព្រម ហើយតវ៉ា ដោយសារធ្វើអត់បាន វាហត់ ហើយគេបញ្ឈប់ពួកគាត់។ ពួកគាត់ធ្វើការងារហត់ជាងក្រុមដេរ ហើយជាកម្មករដូចគ្នា យើងត្រូវចេះជួយគ្នា ហើយយើងតវ៉ាឱ្យគេយកពួកគាត់ចូលធ្វើការងារវិញ»

មន្ត្រីផ្នែកធនធានមនុស្សនៅរោងចក្រ ញូមីងដា លោក ពូន ហៀប ប្រាប់វីអូឌីនៅរសៀលថ្ងៃពុធនេះថា ក្រោមការសម្របសម្រួលពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីក្រសួងការងារ គឺថៅកែបានទទួលជំនួយការកម្មករទាំង៥នាក់ឱ្យចូលធ្វើការងារវិញ រួមទាំងទទួលយកសំណូមពរផ្សេងៗពីកម្មករ ហើយកម្មករនឹងចូលធ្វើការងារវិញធម្មតានៅថ្ងៃស្អែក។

លោក ពូន ហៀប ឱ្យដឹងថា ញូមីងដា ជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន និងមានកម្មករជាង៨ ០០​នាក់បម្រើការងារ ហើយបានផ្ទុះការតវ៉ាទាំងអស់គ្នានៅថ្ងៃនេះ។

លោកបន្ថែមថា៖ «ថៅកែទទួលយកជំនួយការទាំង៥នាក់ឱ្យចូលធ្វើការងារវិញហើយ ហើយកម្មករព្រមព្រៀងចូលធ្វើការងារធម្មតាវិញដែរ»

ពាក់ព័ន្ធបញ្ហានេះ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា​ នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា មន្ត្រីក្រសួងការងារបានចុះទៅសម្របសម្រួលដោះស្រាយបញ្ហានេះហើយ ប៉ុន្តែលទ្ធយ៉ាងណានោះ លោកមិនអាចបញ្ជាក់បានទេ ដោយថា មន្ត្រីនាយកដ្ឋានផ្សេងជាអ្នកចុះដោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ