ប្រមុខ អ.ស.ប. អំពាវនាវ​ឱ្យ​បញ្ចប់​សង្រ្គាម​នៅ​ចំ​ថ្ងៃបុណ្យឯករាជ្យ​អ៊ុយក្រែន

បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន អំឡុង​​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន នៅ​ទីក្រុង Dublin ប្រទេស​អៀរឡង់ ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០២២។ (REUTERS/Clodagh Kilcoyne)

ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈប្រទេសនេះប្រារព្ធខួបលើកទី៣១ នៃការទទួលបានឯករាជ្យពីសហភាពសូវៀត និង៦ខែចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលឈ្លានពាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៤ ខែសីហា។​

​លោក Guterres បាន​និយាយ​ថា​៖ «​ក្នុង​ខួប​លើក​ទី៣១ នៃបុណ្យឯករាជ្យជាតិរបស់ខ្លួន ខ្ញុំ​សូម​អបអរសាទរ​ប្រជាជន​អ៊ុយក្រែន»។

លោកបន្ថែម​ថា៖​ «ពួកគេត្រូវ​ការ​សន្តិភាព​ឥលូវ​នេះ»។

ប្រមុខ អ.ស.ប. ក៏បានស្វាគមន៍ចំពោះការបញ្ចេញមតិគាំទ្របេសកកម្មរបស់លោកទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហើយលោកបាននិយាយថា អង្គការសហប្រជាជាតិនឹងបន្តតាមដានស្ថានភាពជាក់ស្តែងនៅរោងចក្រនេះ។

រោងចក្រថាមពលនុយក្លេអ៊ែរត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ី និងត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយការបាញ់ផ្លោង ដែលទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បន្ទោសគ្នាទៅវិញទៅមក។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្សី ក្នុងប្រទេសអ៊ុយក្រែន។

លោក Guterres បាននិយាយថា តួអង្គមនុស្សធម៌នៅអ៊ុយក្រែនក៏ត្រូវមានសិទ្ធិក្នុងការចូលទៅជួបពលរដ្ឋទាំងអស់ដោយមិនមានការរារាំង មិនថាពលរដ្ឋទាំងនោះនៅទីណានោះទេ ដោយសារតែតម្រូវការមនុស្សធម៌នឹងមានការកើនឡើងនៅដើមរដូវរងា។

អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសអ៊ុយក្រែនកំពុងរៀបចំសម្រាប់រដូវរងាដ៏លំបាកនាពេលខាងមុខ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា៖ «ទោះបីជាមានការរង្គោះរង្គើក៏ដោយ ក៏ប្រព័ន្ធសុខាភិបាលមិនដួលរលំដែរ»។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា មានការវាយប្រហារមកលើមណ្ឌលសុខភាពរបស់អ៊ុយក្រែន ចំនួន៤៧៣កន្លែង ក្នុងរយៈពេល៦ខែចុងក្រោយនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់៩៨នាក់ និងរបួស១៣៤នាក់។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក Hans Henri Kluge បាននិយាយថា៖ «ការវាយប្រហារលើមណ្ឌលសុខភាព គ្មាននរណាម្នាក់ដឹងមុនឡើយ ហើយជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិផងដែរ»។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy ក៏បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈវីដេអូផងដែរ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេស មាន១៣ប្រទេសបោះឆ្នោតគាំទ្រឱ្យមានអន្តរាគមន៍ជួយអ៊ុយក្រែន ហើយប្រទេសចិនបោះឆ្នោតអនុប្បវាទ។

លោក Zelenskyy បាន​និយាយ​ថា៖ ​«​រុស្ស៊ី​ត្រូវប្រគល់​​តំបន់ដែលដណ្តើមយកបានមកឱ្យ​អ៊ុយក្រែន​វិញ និងត្រូវដកថយពីទឹកដីរបស់យើង [និង] ពីសមុទ្ររបស់យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ