សមត្ថកិច្ចខេត្តស្វាយរៀងកំពុងស៊ើបអង្កេតករណីជនជាតិវៀតណាមមួយក្រុមវាយសម្លាប់បុគ្គលិកកាស៊ីណូជនជាតិវៀតណាមដូចគ្នា

ខ្លោងទ្វារចូលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង)

មន្ត្រី​នគរបាល​​ខេត្ត​ស្វាយ​រៀង កំពុង​ស៊ើប​អង្កេត​ករណីឃា​តកម្ម​លើ​បុគ្គលិក​កាស៊ីណូជ​ន​ជាតិវៀត​ណាម​ម្នាក់ អាយុ៣៤​ឆ្នាំ ប្រព្រឹត្តដោយជនជាតិវៀតណាមមួយក្រុម​មានគ្នា៤ទៅ៥នាក់ ប្រដាប់​ដោយ​ដំបង បំពង់​ទីប និងដុំថ្ម។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង ស្រុកចន្ទ្រា លោក មាឃ កក្កដា មានប្រសាសន៍ថា បុគ្គ​លិក​កា​ស៊ីណូជនជាតិវៀតណាម​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​រងការវាយដំពីសំណាក់​ជនជាតិ​វៀត​ណាម​ដូចគ្នាមួយក្រុម ​កាលពីព្រឹកថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០២២ នៅកាស៊ីណូ​៦៧ ក្បែរច្រកព្រំដែន​សំរោង។ ទោះ​​​ជា​​យ៉ាង​ណា ​លោក​បដិសេធ​​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញករណីនេះ។

លោក កក្កដា បាននិយាយថា៖ «អាជ្ញាធរ​របស់​យើង​កំពុងដុតដៃដុតជើង ដើម្បីដោះស្រាយករណីនេះ។ ហើយពាក់ព័ន្ធនឹង​ករណីនេះ ខ្ញុំសូមរក្សាការសម្ងាត់ ព្រោះយើងកំពុងស៊ើបអង្កេតករណីជនជាតិវៀតណាមវាយតប់គ្នានេះ»។

លោក គឹម សុខឿន អធិការ​នគរបាលស្រុកចន្រ្ទា បាន​ថ្លែង​ថា ការ​វាយ​តប់​គ្នា​​នេះកើត​​ឡើង​នៅ​​ខាង​​ក្រៅ​កាស៊ីណូ។

លោកថា៖ «ពួកគេបានវាយតប់គ្នានៅតាមផ្លូវ។ ដំបូង ​ពួកគេ​ដាល់គាត់ បន្ទាប់មក​យក​ថ្ម​វាយ​គាត់​ពី​ក្រោយ»។​

លោកបន្ថែមថា៖ «ការ​វាយ​តប់គ្នានោះ​ថតបានដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​កាស៊ីណូ»៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Crime Briefs: Casino Mob Beating, BKK 1 Murder-Suicide

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ