តុលាការ​បារាំង​គ្រោង​ប្រកាស​សាលក្រម​បណ្ដឹង​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ប្រឆាំង​លោក សម រង្ស៊ី នៅដើមខែតុលា

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការប្រទេសបារាំង នឹងប្រកាសសាលក្រុមក្នុងសំណុំរឿងមួយនេះនៅ​​ដើមខែតុលាការខាងមុខ ក្រោយពីបើកឱ្យមានការសួរដេញដោលលើអង្គសេចក្តីប្រមាណ ៥​ម៉ោង កា​​លពីថ្ងៃទី១ ខែសីហា ជុំវិញបទចោទ «បរិហារកេរ្តិ៍»​ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​​កូន​​ប្រ​​សាររបស់លោក គឺលោក ឌី វិជ្ជា ជាម្ចាស់បណ្តឹង។

តុលាការប្រទេសបារំាងបានសម្រេចឱ្យគូភាគីក្នុងរឿងក្តីរដ្ឋប្បវេណីមួយនេះ​ ធ្វើសេចក្តីសន្និដ្ឋាន​​ចុងក្រោ​យ បន្ទា​ប់​​​​ពីដាក់ឱ្យមានការសួរដេញដោលលើអង្គសេចក្តីមិនតិចជាង៥ម៉ោង។ អតីតតំណាងរាស្រ្តពី​​ខាង​គណបក្សជំទាស់ បានលើកឡើងថា នៅក្នុងបន្ទប់សវនាការ កាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញ គឺមាន​អ្នក​​​​ចូលរួមស្តាប់ការកាត់ក្តីស្ទើរពេញសាលសវនាការ។

ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ មន្រ្តីស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្រ្ទ ឱ្យដឹងថា បើពិនិត្យទៅលើភស្តុតាង​​ដាក់​​ប​ន្ទុ​​ក​​របស់ម្ចាស់បណ្តឹង ហាក់ដូចមិនមានអ្វីដែលមានភាពរឹងមាំតាមផ្លូវច្បាប់ប៉ុន្មានទេ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែលជាចុងចម្លើយ គឺមានធាតុផ្សំគ្រប់គ្រាន់ ដែលរកឃើញថា លោកនាយក​​រដ្ឋ​​មន្រ្តី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី និងលោក ជា វិជ្ជា។

បើទោះជាបែបណា អ្នកនយោបាយជើងចាស់រូបនេះមើលឃើញថា នេះគឺជាលើកទី១ហើយ​​ដែ​ល​​​​​តុលាការប្រទេសបារាំង ដែលលោកចាត់ទុកជាស្ថាប័នឯករាជ្យបានលើកយករឿងក្តីនេះមក​​ជំ​នុំជម្រះ។ មួយវិញទៀត នេះក៏ជាការជួយរកយុត្តិធម៌ដល់ជនរងគ្រោះដទៃទៀត ក្រៅពីលោក សម រង្ស៊ី ផ្ទាល់ដែរ។

លោកបន្តថា៖ «នៅក្នុងនោះ គេមានអស់ហើយតើ! មុននឹងធ្វើរឿងនេះប្រមាណ១ឆ្នាំជាង ​​បាន​​ចា​ប់​​​ផ្តើម​សវនាការ។ គេផ្ញើមកឱ្យគ្រប់កន្លែង ហើយមេធាវីគេផ្ញើឱ្យចៅក្រមហើយអស់ហើយ ហើយស្អីៗ​​គេ​​មា​​ន​​ទាំងអស់ហើយតើ»។

សំណុំរឿងរដ្ឋប្បវេណីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រសាររបស់លោក​​ដែល​​ត្រូវ​​ជា​​កូន​​ប្រុសបង្កើតរបស់លោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា បានដាក់បណ្តឹងនេះ​​ចូលទៅតុលា​​ការថ្នាក់​​ទាប​ប្រ​​ទេ​ស​បារាំង កាលពីខែសីហា ឆ្នាំ២០១៩។ ក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ តម្រូវឱ្យ​​ភា​​គី​​​ដើមចោទនិងចុងចម្លើយដាក់ភស្តុតាង​​ចូលទៅតុលាការ ដើម្បីដាក់បន្ទុកនិងដោះបន្ទុក មុន​​នឹ​ង​​​ក្រុមប្រឹក្សាជំនុំជម្រះកំណត់យកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីបើកស​​វនាកា​​រ​លើ​​អង្គ​សេ​​ច​​ក្តី​។

សម្រាប់សវនាការនេះ ម្ចាស់បណ្តឹង លោក ហ៊ុន សែន និងលោក ឌី វិជ្ជា មិនបានចូលរួមត​​តាំងក្តី​​នៅ​​ក្នុង​​​ស​​​វនាការដោយផ្ទាល់ទេ តែមានមេធាវីតំណាងដោយអាណត្តិចំនួន៤រូបចូលរួម។ ចំណែកលោក សម រង្ស៊ី បានចូលរួមតតាំងក្តីដោយផ្ទាល់ អមជាមួយនឹងមេធាវីចំនួន៣រូប​​ទៀ​ត។

វីអូឌី មិនអាចស្នើសុំការបំភ្លឺបានទេជុំវិញរឿងនេះពីលោក គី តិច មេធាវីតំណាង​​ដោយ​អាណត្តិ​​​​​របស់​រដ្ឋាភិបាល នៅថ្ងៃសុក្រនេះ។ បើទោះជាបែបណា គេសង្កេតឃើញមានរូបថតមួយចំនួនដែ​​ល​​​ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ​​​​​​​ពីវត្តមានរបស់លោក គី តិ​ច​ និងលោក លី ចន្ទតុលា ដែលជាប្រធានគណៈមេធាវី រួមទាំង​​​មនុ​ស្ស​​​​​មួយ​ចំ​​នួន ក៏បានធ្វើដំណើរ​​ចេញ​​ពី​​​​កម្ពុជាទៅ​​ចូល​​រួម​​ស​​វនាការនេះដោយផ្ទាល់ដែរ។ មូលហេតុដែលនាំឱ្យលោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រសារ​​​បស់លោក គឺលោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី គឺនៅក្រោយពីអតីតអ្នកនយោ​​បាយចាស់​វស្សា​​​រូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីដើមខែមិថុនា ឆ្នាំ​​​២​០០៩ ដោ​​យ​ចោទលោក ហ៊ុន សែន ថាបានដាក់គ្រាប់បែកដៃសម្លាប់លោក ហុក ឡង់ឌី កាល​​ពី​​ឆ្នាំ​​២០០៨។

តាមរយៈសាររបស់ខ្លួន លោក សម រង្ស៊ី បញ្ជាក់ទៀតថា ដោយសារព្រួយបារម្ភពីការបែកធ្លាយ​​ផែនការសម្ងាត់ ដែ​​លបញ្ជាឱ្យលោក ហុង ឡង់ឌី សម្លាប់ប្រធានសហជីពដ៏ល្បីល្បាញ គឺលោក ជា វិជ្ជា កាលពី​​ឆ្នាំ​​​២​០០៤ ទើបលោកនាយករដ្ឋមន្រ្តីរៀបចំផែនការនេះឡើង។

លោក ម៉ែន សុថាវរិន្រ្ទ ដែលបានចូលរួមស្តាប់ការជំនុំជម្រះដោយផ្ទាល់ ឱ្យដឹងថា ក្រុម​​ប្រឹក្សា​​ជំ​នុំ​​ជម្រះបានផ្តល់ឱកាសឱ្យគូភាគីនៅក្នុងរឿងក្តីប្រើប្រាស់ពេលវេលារបស់ខ្លួន ម្ខាង១ម៉ោង​​កន្លះ​​។ ​​ប៉ុ​​ន្តែ​​មុននឹងចាប់ផ្តើមសវនាការ តុលាការតម្រូវឱ្យចុងចម្លើយ​​ត្រូវរកអ្វីមក​​បញ្ជាក់​​ពីហេតុ​​ផលជាមុន​​សិន​​​​​​។ ក្រៅពីនេះ លោក សម រង្ស៊ី ត្រូវតុលាការបើកសិទ្ធិឱ្យនិយាយមុន ដើម្បីជាការដោះបន្ទុក មុន​​នឹង​​​​ដល់​​នា​ទី​​​​មេធាវីការពារសិទ្ធិឱ្យដើមបណ្តឹងរដ្ឋប្បវេណី​តាំងសំណួរ​​​។

ក្នុងពេល​ដែលសហ​​មេធា​​វី​​កា​​រពារសិទ្ធិឱ្យចុងចម្លើយ បានជម្រាបអង្គជំនុំជម្រះ ថាតើលោក សម រង្ស៊ី ឬលោក ហ៊ុន សែន ជាជនរង​​គ្រោះ ខណៈដែលលោកនាយករដ្ឋមន្រ្តីកំពុងនៅក្នុងអំណាច ហើយ​​មាន​​អ្វីៗគ្រប់យ៉ាង​​នៅក្នុងដៃ​​ លោក ម៉ែន សុ​​ថា​​វរិន្រ្ទ ​​សង្កេតឃើញថា ភស្តុតាងដាក់បន្ទុកភាគ​​ច្រើនយកចេញពីឯកសារសារព័ត៌មានធ្វើជាសម្អាង​​ហេតុ។

យ៉ាងនេះក្តី សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា បញ្ហា​​នេះ​វាកាន់តែស្មុគស្មាញ ដោះមិនចេញ ហើយឈានទៅរកស្ថានភាពធ្ងន់ធ្ងរជាងមុន ចំពោះវិ​វាទ​​​រ​វាង​​​​មេ​​ដឹក​​​​​នាំ​កំពូលទាំង​​ពីររូប​​នេះ​​​​។ ​​លោកហាក់​​មើល​​មិនឃើញ​​អំពី​​ច្រក​ចេញណាមួយចំពោះ​ជីវិត​ន​​​យោ​​បាយ​​​​​របស់លោក សម រង្ស៊ី និងវាសនា​​អ្នក​​នយោបាយ​​បក្ស​​ប្រ​​ឆាំងនៅ​​កម្ពុជា​​​ទៀ​ត​​ទេ​។

បើតាមលោក ឯម សុវណ្ណរ៉ា ការបន្តបោះជំហានមួយកម្រិតរហូតរុញរឿងក្តីនេះចូលទៅដល់​​ដៃ​​តុលា​​ការកម្រិតពិភពលោកថែមទៀត វាកាន់តែបង្ហាញ​​ពី​​ភា​ព​​ប្រេះឆាដែលមិនអាចរក​​ចំណុច​​រួម​​បាន។

លោកបន្តថា៖ «ស្ថានភាពហ្នឹង បើយើងមើលពីលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហ្នឹងពុំ​​មាន​ច្រ​​​ក​​សម្របសម្រួលទេ​។ វប្បធម៌សន្ទនាដែលបង្កើត​​កាលពីឆ្នាំ២០១៤ហ្នឹង​​ ប្រហែលជាមិន​​អាច​​ប្រើ​​ប្រា​​ស់​​បានទៀតទេ ជាទស្សនៈខ្ញុំ ហើយការឡើងបកស្រាយរបស់លោក សម រង្ស៊ី នៅតុលាការ​​ប្រ​​ទេស​​បារាំងហ្នឹង វាបង្ហាញនូវភាពមួយចំនួនអំពីអំពើឧក្រិដ្ឋកម្ម ដូចអីដែលលោក សម រង្ស៊ី និ​យា​យ​​ហ្នឹ​ង វាកើតឡើងជាសាធារណៈ វាមិនមែនត្រឹមតែក្របខណ្ឌកម្ពុជា វាពាស​ពេញពិភពលោក​។ ​អ៊ីចឹង​ទេ នេះជាការប្រឈមមុខគ្នាដ៏ស្រួច​ស្រាវ។ វាមិនមែនជារឿងតូចតាចដែលអាចសម្របសម្រួល និងនិយាយគ្នាបានទេ។ ខ្ញុំមើលទៅ រឿងនេះកាន់តែផ្តាច់ផ្តិល ដូចថាទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីហើយ »។

មុននឹងបិទបញ្ចប់សវនាការ លោក ម៉ែន សុថាវរិន្រ្ទ លើកឡើងថា លោក​​ស្រី​​​​ចៅក្រមប្រឹក្សាជំនុំជម្រះបានឱ្យភាគីក្នុងរឿងក្តីសំណូមពរ។

នៅនាទីចុងក្រោយ លោកអះអាង​​ថា លោក សម រង្ស៊ី ថ្លែងទាំងទឹកភ្នែករលីងរលោង​​ថា លោកធ្វើ​​នេះគឺមិនមែនរកយុត្តិធម៌​​សម្រាប់​​តែ​​ខ្លួនលោកទេ តែសម្រាប់ជនរងគ្រោះនៅ​​ក្នុងប្រទេស​​កម្ពុជា​​ផ្សេង​​​ទៀតដែលរង​​នូវអំពើ​​និទណ្ឌ​​ភាព​ រហូតមកដល់សព្វថ្ងៃនេះ។ ដោយឡែក ពីភាគីដើមចោទបាន​​ស្នើសុំឱ្យតុលាការផ្តល់នូវ​​ភាព​​ត្រឹម​​ត្រូវ ដើម្បីស្តារកិត្តិយសដល់លោកនាយករដ្ឋមន្រ្តី ហើយ​​​ទាម​ទារសំណងជំងឺចិត្តក្នុងតម្លៃ ១យីរ៉ូ ឬស្មើប្រមាណ១ដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ