រដ្ឋាភិបាល​ប្ដេជ្ញា​ចាត់​វិធានការ​លុប​បំបាត់​បទល្មើស​ជួញដូរ​មនុស្ស​ឱ្យ​ដល់​ឫសគល់

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក នេត សាវឿន)

គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការ​បង្ក្រាបករណីជួញដូរមនុស្សដែល​កំពុងកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព បើទោះជន​សង្ស័យណាមួយ​​​មានទំនាក់ទំនងជាមួយមន្ត្រី​មានអំណាចមួយចំនួនក៏ដោយ។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ ដែល​ដឹក​នាំ​​ដោយ​​អគ្គស្នងការ​នគរបាល​ជាតិ ​លោក នេត សាវឿន និង​អគ្គ​មេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស ​លោក សៅ សុខា រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានជួបប្រជុំជាថ្មីម្ដងទៀត នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពី​ការ​ដោះស្រា​យ​បញ្ហាជួ​ញដូ​រជនបរទេសនៅតាមទីតាំងឆបោកនៅទូទាំងប្រទេស។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍នៅថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២នេះ​ថា កិច្ចប្រជុំ​បាន​សម្រេច​លើ​យុទ្ធសាស្ត្រដែលនឹងត្រូវអនុវត្តដោយអ្នកពាក់​ព័ន្ធ​ក្នុង​ពេល​ឆាប់ៗនេះ។

លោកថា៖ «យើង​បាន​រៀបចំ​យុទ្ធសាស្ត្រ […] ជា​ជំហាន​ដំបូង​ក្នុង​សន្និសីទ​កាលពី​ម្សិល​មិញ [ថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០២២] ហើយ​យើងគ្រោងនឹងជូនដំណឹងដល់ក្រុមការងារនៅថ្ងៃសុក្រនេះ។»

លោក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចូលរួម​ក្នុងកិច្ចប្រជុំនោះ បាន​​លើក​ឡើង​ដែរ​ថា កិច្ចប្រជុំ​នោះ​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​វិធានការនានាដែលនឹងត្រូវធ្វើឡើង។

ក្នុងរយៈពេលជាច្រើនខែនៃការទទួលបានរបាយការណ៍ពីជនរងគ្រោះអំពីការជួញដូរមនុស្ស បង្ហាញ​ថា ឧកញ៉ា និងអ្នកនយោបាយដ៏មានអំណាចមួយចំនួន​ ត្រូវបានតាមដាន​ដោយមានការ​ជាប់​ពាក់ព័ន្ធ​​​នឹង​ទីតាំងប្រព្រឹត្ត​អំពីឆបោក។ ទាំង​លោក សៅ សុខា និងលោក នេត សាវឿន ​មានទំនាក់ទំនង​ជិតស្និទ្ធជាមួយ​បុគ្គលមួយចំនួន​ដែលមានឈ្មោះក្នុង​របាយការណ៍។

លោក នេត សាវឿន ជាប់សែស្រឡាយជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភរិយារបស់​លោក នេត សាវឿន គឺលោកស្រី ហ៊ុន គឹម​ឡេង គឺជាប្អូនស្រីរបស់លោក ហ៊ុន តូ ហើយក្រុម​ហ៊ុន Lixin របស់លោក ហ៊ុន តូ មានឈ្មោះក្នុងក្រុមជជែកអំពីការជួញដូរមនុស្ស។

ទន្ទឹមនឹងនេះ លោក សៅ សុខា បានធ្វើការជាមួយ ហើយត្រូវបានគេចាត់ទុកថាជិតស្និទ្ធនឹងអ្នកជំនួញវ័យក្មេងម្នាក់ គឺលោក ឫទ្ធី សំណាង។ លោក សៅ សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រីឯលោក ឫទ្ធី សំណាង ជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន។ សណ្ឋាគារ​ KB របស់លោក ឫទ្ធី សំណាង ​ពាក់ព័ន្ធនឹងទីតាំងឆបោកក្នុងក្រុងព្រះសីហនុ​។

នាយកសណ្ឋាគារ K.B. លោក ចេន អាល់ឡែន (Chen Al Len) ក៏​ធ្វើជំនួញ​ជាមួយលោក ហ៊ុន តូ តាម​រយៈ​ធនាគារ​ពាណិជ្ជ ហេង ហ៊ី។

លោក ឫទ្ធី រស្មី ប្អូនប្រុសរបស់លោក ឫទ្ធី សំណាង ជាប្រធានក្រុមហ៊ុន K99 ដែលមានទីតាំងក្នុងក្រុងព្រះសីហនុ ដែលជនរងគ្រោះបានរាយការណ៍ថាជាទីតាំងបង្ខាំងមនុស្សទុក។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ទំនាក់ទំនងរបស់លោក នេត សាវឿន ជាមួយលោក ហ៊ុន តូ និងលោក សៅ សុខា ជាមួយលោក ឫទ្ធី សំណាង នឹងមិនប៉ះពាល់ដល់ការស៊ើបអង្កេតនោះទេ។

លោក ខៀវ សុភ័គ បាន​ថ្លែង​ថា៖​ «[ពួកគាត់​​] មាន​ញាតិ​សន្ដាន​របស់​ពួកគេ ប៉ុន្តែ​មិនអាចបំពាន​ច្បាប់​ឡើយ ទោះ​​បី​មានទំនាក់ទំនងជាមួយបុគ្គលមានអំណាច ឬ​នគរបាល​ក៏ដោយ»។

លោកបន្តថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការជួញដូរមនុស្សជាបន្តទៀតនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សង្គម និងអាចពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ ហើយលោកបានច្រានចោលការរិះគន់ការងាររបស់គណៈកម្មាធិការនេះ។

លោកបន្ថែមថា៖ «បើ​យើង​មិន​ធ្វើ​ការទេ គេ​ថា​យើង​អត់​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ហើយ​នៅ​ពេល​ដែលយើងធ្វើការ ​ក៏​ខុស​! ដូច្នេះ ចូរយើង​ធ្វើ​ការ និង​សង្គ្រោះ​ពួកគេ [ជនរងគ្រោះ]»៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Human Trafficking Committee Vows Action Regardless of Suspected Links

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ