ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា ក្រោយស៊ើបអង្កេត នគរបាលអន្តោប្រវេសន៍រកមិនឃើញមានករណីបង្ខាំងមនុស្សទុកដូចការអះអាងដែលថាមានការបង្ខាំងជនជាតិជប៉ុនចំនួន១៩នាក់នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២៦ ខែមករា ថាទូរសព្ទទាន់ហេតុការណ៍របស់អាជ្ញាធរបានទទួលពាក្យបណ្ដឹងអនាមិកមួយ កាលពីថ្ងៃអង្គារ [ទី២៤ ខែមករា ឆ្នាំ២០២៣] ថាជនជាតិជប៉ុនចំនួន១៩នាក់ កំពុងត្រូវបានបង្ខាំងនៅសណ្ឋាគារម៉ារីប៊ីច (Mary Beach) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកថា នគរបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុ បានចុះស៊ើបអង្កេតតាមពាក្យបណ្តឹងនេះនៅថ្ងៃដដែល ដោយចុះទៅសណ្ឋាគារផ្ទាល់នៅឆ្នេរអូរត្រេះ ប៉ុន្តែមិនឃើញមានករណីគួរឱ្យសង្ស័យឡើយ។
លោកបន្តថា៖ «យើងបានចុះទៅ និងបានឃើញមនុស្ស ១៩នាក់។ មិនមានអ្វីឡើយ ហើយពួកគេស្នាក់នៅធម្មតា»។
លោកថា នគរបាលបានអនុញ្ញាតឱ្យជនជាតិជប៉ុនទាំង១៩នាក់នោះស្នាក់នៅ ប៉ុន្តែកំពុងបន្តតាមដានទីតាំងនោះ។
បន្ទាប់ពីមានរបាយការណ៍ជាច្រើនខែ អំពីការបង្ខាំងមនុស្ស និងបង្ខំឱ្យធ្វើការនៅទីតាំងឆបោក ក្នុងក្រុងព្រះសីហនុ និងទូទាំងប្រទេស ក្រសួងមហាផ្ទៃបានបើកបណ្តាញទូរសព្ទទាន់ហេតុការណ៍ និងទទួលបានពាក្យបណ្តឹងអំពីការជួញដូរមនុស្សរាប់រយករណី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ជនបរទេសជាង១ ០០០នាក់ដែលត្រូវបានជួញដូរ ត្រូវបានរកឃើញ។
កម្មករដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោក បានឱ្យដឹងថា ជនបរទេសរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យធ្វើការឆបោកចេញពីទីតាំងនានានៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងក្លែងក្លាយ រូបិយបណ្ណឌីជីថល (cryptocurrency) និងគម្រោងឆបោកផ្សេងៗ។
ជនរងគ្រោះខ្លះទៀតអះអាងថា បានរងអំពើហិង្សា ការធ្វើទារុណកម្ម និងបង្ខំឱ្យធ្វើការ ដោយទីតាំងប្រតិបត្តិការតម្រូវឱ្យបង់ប្រាក់រាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង។ ក្រុមគ្រួសាររបស់ជនគ្រោះនៅបរទេស ដែលព្យាយាមជួយសង្គ្រោះសាច់ញាតិរបស់ខ្លួនដែលបានជាប់នៅក្នុងទីតាំងឆបោក បានអំពាវនាវជាច្រើនដងឱ្យអាជ្ញាធរកម្ពុជាជួយ ដែលអាជ្ញាធរបានបដិសេធអស់រយៈពេលជាច្រើនខែ ថាមិនមានស្ថានភាពបែបនេះឡើយ។
ស្ថានទូតជប៉ុន បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញថា ស្ថានទូតកំពុងពិនិត្យស្ថានការណ៍នេះជាមួយអាជ្ញាធរកម្ពុជា ហើយមិនអាចធ្វើសេចក្តីថ្លែងការណ៍បានទេនៅពេលនេះ។
អគ្គកុងស៊ុលជប៉ុន លោកស្រី គូបូ តូម៉ូកូ (Kubo Tomoko) មានប្រសាសន៍ថា៖ «ស្ថានទូតបានខិតខំការពារពលរដ្ឋជប៉ុន ដែលប្រឈមនឹងស្ថានភាពលំបាកផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយយើងនៅបន្តធ្វើកិច្ចការនេះ។ ស្ថានទូតតែងតែផ្តល់ដំបូន្មានដល់ពលរដ្ឋជប៉ុនឱ្យប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តព្រះសីហនុផងដែរ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Police Say No Issue Found in Complaint of 20 Japanese Confined in Sihanoukville