ក្រសួង​មហា​ផ្ទៃ​​មិន​ទទួល​ស្គាល់​លោក​ ​សៀវ​ ​សុត​ ​ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​

ទិដ្ឋភាពនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សខ្មែរស្រឡាញ់ជាតិ)

ក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់លោក សៀវ សុត ធ្វើជាប្រធានស្ដីទី និងមិនឱ្យគណបក្សខ្មែរស្រឡាញ់ជាតិរៀបចំធ្វើសមាជវិសាមញ្ញឡើយ ដោយថា គណបក្សនេះ បំពានលក្ខន្តិកៈដែលតម្កល់នៅក្រសួង។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា គណបក្សខ្មែរស្រឡាញ់ជាតិ បំពាននឹងលក្ខខណ្ឌកំណត់ក្នុងប្រការ២១ ,២៥ ,២៦, ២៧,២៨ និងប្រការ៣១ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។  

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ជាស្ថាប័នប្រតិបត្តិចាត់ចែង គ្រប់គ្រង និងអនុវត្តរាល់ការងាររបស់គណបក្សខ្មែរស្រឡាញ់ជាតិមានសមាសភាពចំនួន ៨រូប ដែលក្នុងនោះ មានសមាជិកអចិន្ត្រៃយ៍ចំនួន ៧រូប បានសម្រេចលាឈប់ពីគណបក្សជាលាយលក្ខណ៍អក្សររួចហើយ។

ហេតុនេះ ក្រសួងមហាផ្ទៃមិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ធ្វើជាប្រធានស្ដីទី និងមិនឱ្យរៀបចំធ្វើសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នេះឡើយ។

លោក សៀវ សុត ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា គណបក្សខ្មែរស្រឡាញ់ជាតិបានប្រកាសរំសាយការរៀបចំធ្វើសមាជនៅស្អែក បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។ លោកបន្តថា  គណបក្សនេះ នឹងទៅជួបមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសួរព័ត៌មានលម្អិត ពាក់ព័ន្ធរឿងនេះ បន្ទាប់ពីគណបក្សប្រជុំផ្ទៃក្នុង។

លោកថា៖«គណបក្សរៀបចំប្រជុំផ្ទៃ ដើម្បីរៀបចំតំណាងគណបក្សនឹងស្នើសុំជួបខាងក្រសួងមហាផ្ទៃអ្នកទទួលបន្ទុកកិច្ចការងារនយោបាយថាតើភាពចាំបាច់អ្វីខ្លះដែលគណបក្សត្រូវបំពេញនៅ​ចន្លោះប្រហោងដែលជាបញ្ហា ដែលធ្វើឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ​ឈានទៅដល់ការធ្វើសមាជវិសាមញ្ញមួយ ដើម្បីបំពេញក្បាលម៉ាស៊ីនដឹកនាំគណៈកម្មការនាយក ឬបទបញ្ជាផ្ទៃក្នុង ឬលក្ខន្តិកៈមួយចំនួន ដែលគណបក្សត្រូវតែដំណើរការឡើងវិញនេះ»។

គណបក្សខ្មែរស្រឡាញ់ជាតិ គ្រោងនឹងរៀបចំធ្វើសមាជវិសាមញ្ញនៅថ្ងៃទី៤ ខែកញ្ញា ស្អែកនេះ ដើម្បីរៀបចំក្បាលម៉ាស៊ីនឡើងវិញ ក្រោយពីប្រធានបក្សនេះប្រកាសរំលាយដោយខ្លួនឯង។ ការប្រកាសរំលាយពីសំណាក់អតីតប្រធានបក្ស លោក ជីវ កក្តា កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២២ ត្រូវបានលោក សៀវ សុត ជាគណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​គណបក្សខ្មែរ​ស្រឡាញ់​ជាតិ បាន​ប្រកាស​បដិសេធ​ចោល។

គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សនយោបាយដំបូងគេដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំមាន​ប្រភព​ចេញ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​ ​ដើម្បី​​ចូលរួម​ប្រកួត​ប្រជែង​នយោ​បាយជាមួយ​គណបក្សប្រជាជនកម្ពុជា។

ក្រោយអតីតប្រធានគណបក្សនេះប្រកាសរំលាយខ្លួនឯងមក ថ្នាក់ដឹកនាំគណបក្សនេះចំនួន៦រូបមានទាំងលោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន ផងនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានតំណែងជាអគ្គនាយ និងជាអនុរដ្ឋលេខាធិការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ