លោក​ ហ៊ុន​ ​ម៉ាណែត​ ​ថា​ លោក​និង​ប្អូន​ប្រុស​មិន​មាន​ជម្លោះ​ដណ្តើម​គ្នា​ធ្វើ​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​ថ្ងៃ​អនាគត​ទេ

លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល” ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Hun Manet)

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅអ្នកនយោបាយបក្សប្រឆាំងចាស់វស្សា និងអ្នកវិភាគខ្លះ ដែលចោទថា លោកមិនបានធ្វើអ្វីសោះ និងមានជម្លោះជាមួយបងប្អូនបង្កើតក្នុងគ្រួសារដើម្បីដណ្តើមគ្នាយកតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។

ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត បើទោះបីជាលោកមិនបានបញ្ចេញឈ្មោះជនដែលចោទនោះក៏ដោយ ប៉ុន្តែត្រូវបានគេមើលឃើញថា ទំនងជាការឆ្លើយតបទៅលោក សម រង្ស៊ី ស្ថាបនិក​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ និងអ្នកវិភាគ​នយោបាយ លោក គឹម សុខ  ដែលចោទលោកថា មិនបានធ្វើអ្វីសោះ ហើយនិងកំពុងមានជម្លោះជាមួយបងប្អូនបង្កើតរវាងលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន​ ម៉ានី ដើម្បីចង់បានតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។

​ដកស្រង់ពីវីដេអូក្នុងការថ្លែងនៅ​ពិធីប្រកាសជាផ្លូវការបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ​នៅ​ខេត្តសៀមរាប ​និងត្រូវបានលោក ​ យកមកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន​កាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត ថ្លែងបែបចំអកទៅអ្នកនយោបាយចាស់វស្សា និងអ្នកវិភាគមួយចំនួននោះថា គ្រួសាររបស់លោកមិនចាញ់ការឃោសនាអ្នកទាំងនោះ ដែលនាំឱ្យខាតប្រយោជន៍និងមានជម្លោះក្នុងគ្រួសារនោះឡើយ។

លោកអះអាងថា បងប្អូនរបស់លោកទាំង៥នាក់ គឺប្រៀបដូចទៅនឹងផ្ទះមួយដែលមានសសរ៥ដើម ហើយសសរទាំង៥នេះ បើមានសសរណាមួយបាក់ ឬរលំ គឺត្រូវ​សង្កត់ស្លាប់ទាំងអស់គ្នា។ ដូច្នេះហើយលោកថា បងប្អូនរបស់លោកមានតែស្រលាញ់ សាមគ្គីគ្នា ដើម្បីទ្រផ្ទះមួយនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយការជ្រើសរើសលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននៅថ្ងៃអនាគតនោះ  ​គឺ ​ធ្វើតាមការជ្រើសតាំងរបស់គណបក្សប្រជាជនកម្ពុជាដែលបានសម្រេចតែប៉ុណ្ណោះ។

លោកថ្លែងបែបនេះថា៖ «ខ្ញុំចង់ឱ្យលោកអ៊ំ[លោក សម រង្ស៊ី] ដែលចោទថា ខ្ញុំអត់ធ្វើអ្វីសោះ យកសៀវភៅហ្នឹងទៅមើលទៅ បើចង់បានខ្ញុំផ្ញើជូន ​អត់គិតថ្លៃ ផ្ញើដល់ស្រុកបារាំងជូនដល់លោក អ៊ំ ទៀត យកទៅមើលទៅ ហើយនេះ គ្រាន់តែ២០% មកដល់២០% ដែលខ្ញុំបានធ្វើផង សម្រាប់បម្រើជាតិមាតុភូមិ។ ខ្ញុំមិនមែនថា ខ្ញុំធ្វើផ្តាច់មុខច្រើនជាងគេទេ  តែខ្ញុំបានចូលរួមខ្លះ»។

លោកថ្លែងបន្តថា៖ «ចំណែកប្អូនខ្ញុំនិងខ្ញុំ ដែលគេចោទប្រកាន់ថា ខ្ញុំប្រកួតប្រជែងគ្នា មិនមែនលើកទីមួយទេ គេធ្លាប់វៃរាប់ឆ្នាំមកហើយ តាំងពីមុន តាំងពីគេមិនទាន់ប្រកាសបេក្ខភាព។ គេថាពីណា សំណួរគេសួរឱ្យសរសេរមកតើពីណាដែលត្រូវជ្រើសរើសជំនួសរវាងខ្ញុំនិងប្អូនខ្ញុំ ឪពុកខ្ញុំបានបកស្រាយហើយ ប្អូនខ្ញុំ ហ៊ុន ម៉ានី ក៏បានចេញនៅក្នុងហ្វេសប៊ុកដើម្បីបង្ហាញ ហើយគេយកអាហ្នឹងទៅបកស្រាយទៀត។ គេថាមកពីចេញមកបកស្រាយហ្នឹងហើយបានទៅជាការពិត បើគិតថាការវិភាគនេះធ្វើឱ្យគ្រួសារខ្ញុំ បងប្អូនខ្ញុំពីរនាក់ បីនាក់ឈ្លោះគ្នាចាំសេះដុះស្នែង ចាំត្រីអណ្តែងដុសស្រកា»។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ទោះជាមានការរិះគាត់ និងក្រុមគ្រួសារយ៉ាងណា ក៏មិនអាច​បំបែកបំបាក់ក្រុមគ្រួសារលោកបានដែរ ពីព្រោះគ្រួសាររបស់លោកមានតួនាទីសំខាន់ក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិទៅថ្ងៃខាងមុខ ឱ្យកាន់តែរីកចម្រើនថែមទៀត។

វីអូឌីមិនអាចសុំការបំភ្លឺពីលោក សម រង្ស៊ី ស្ថាបនិកប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ និងអ្នកវិភាគនយោបាយ លោក គឹម សុខ បានទេនៅថ្ងៃអាទិត្យនេះ។

ប៉ុន្តែ​​នៅក្នុងវេទិកាអាយដេថក(Idea Talk) របស់សារព័ត៌មានឌឹខេមបូឌាដេលី(The Cambodia Daily) កាលពីថ្ងៃទី១ ខែកញ្ញា លោក គឹម សុខ បាននិយាយថា លោក ហ៊ុន ម៉ានី ពិតជាបានអន់ចិត្តក្នុងការតែងតាំងបងប្រុសបង្កើត គឺ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្ងៃអនាគត ត្បិតកូនប្រុសពៅលោក ហ៊ុន សែន រូបនេះក៏មានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតផងដែរ។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ដែលរិះគន់លោក ហ៊ុន ម៉ាណែត និងក្រុមគ្រួសារលោកកន្លងមក ពាក់ព័ន្ធនឹងការដណ្តើមគ្នាធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតនោះ គ្រាន់តែជារឿងតូចមួយក្នុងក្រុមគ្រួសារលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។

លោក ឯម សុវណ្ណរ៉ា ផ្តល់ជាអនុសាសន៍ថា អ្នកវិភាគ និងអ្នកនយោបាយទាំងអស់ មុននឹង​រិះគន់ គួរតែមានក្រមសីលធម៌ ឬគោលការណ៍ក្នុងការរិះគន់ ដើម្បី​ស្ថាបនាជាប្រយោជន៍ជាតិពិតប្រាកដ។

ក្នុងសេចក្ដីប្រកាសរបស់​គណបក្សប្រជាជនកម្ពុជា អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល​លើកទី៤៣ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ ​បាន​សម្រេច​បោះ​ឆ្នោត​​បន្ត​គាំទ្រ​លោក ​ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងលោក​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ