ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​រាយការណ៍​ពី​ករណី​ជួញដូរមនុស្ស​នៅ​កម្ពុជា

រូបភាពផ្ទៃអេក្រង់នៃទំព័រសមាជិកនៅលើគេហទំព័រ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៨។ (Wayback Machine)

រដ្ឋអាជ្ញាតៃវ៉ាន់បានលើកឡើងថា ករណីទាមទារប្រាក់លោះមនុស្សចេញពីបរិវេណអាគារ និងការធ្វើទារុណកម្មដោយប្រើប្រាស់​ខ្សែភ្លើងឆក់ គឺបានកើតឡើងនៅកម្ពុជា ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ពីករណី​​​​ចាប់ជំ​រិត និងលក់មនុស្សម្នាក់ទៅក្នុងការងារឆបោក ខណៈកាសែតវៀតណាមក៏បានចុះផ្សាយថា ប្រទេសចំនួន១០ បច្ចុប្បន្នកំពុងតែជំរុញឱ្យកម្ពុជាសហការលើការជួញដូរមនុស្សដោយខុសច្បាប់ផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដែលតាមដានអំពីប្រតិបត្តិការឆបោក និងការជួញដូរមនុស្សនៅកម្ពុជាដែលមានការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ ​រួមមាន ជនជាតិតៃវ៉ាន់ ថៃ និងវៀតណាម អាចនឹងកំពុងជាប់ក្នុងប្រតិបត្តិការឆបោកដោយខុសច្បាប់នានានៅកម្ពុជា។

ទាក់ទិន​ករណីនេះ អាជ្ញាធរកម្ពុជាក៏ធ្លាប់បានចាត់វិធានការប្រឆាំងនឹងការជួញដូរមនុស្ស ដែលក្នុងនោះក៏មានការជួយសង្គ្រោះជនរងគ្រោះរាប់រយនាក់ និងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធមួយចំនួនផងដែរ។

យោងតាមសារ​ព័ត៌​មាន​តៃវ៉ាន់ Focus Taiwan កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៍មុនបានឱ្យដឹងថា រដ្ឋអាជ្ញាតៃវ៉ាន់​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ ៩នាក់ ​ពី​បទ​ជួញ​ដូរ​មនុស្សប្រមាណជា៨០នាក់​មកកាន់ទីតាំងប្រតិបត្តិការឆបោក​នៅកម្ពុជា។

ជាមួយគ្នានេះ សារព័ត៌មាន AFP ក៏បានរាយការណ៍ឱ្យដឹង​ថា ការផ្សព្វផ្សាយការងារដែលកុហកបោកប្រាស់ក្នុងការទទួលបានប្រាក់ខែខ្ពស់ បានកំណត់គោលដៅលើយុវជនដែលគ្មានការងារធ្វើ និងជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដោយពួកគេទាំងអស់នេះគឺត្រូវបានបញ្ជូននិងបង្ខំឱ្យធ្វើការងារបោកប្រាស់តាមប្រព័ន្ធអនឡាញ។

ដោយ​ផ្អែក​លើ​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋអាជ្ញា ប្រភពដដែលបន្តថា៖ «​មនុស្សមួយចំនួន​ត្រូវ​បាន​គេ​វាយដំ​ ឆក់​ខ្សែភ្លើង ឬ​ចាប់បង្ខាំងដោយទាមទារប្រាក់លោះ​ ប្រសិនបើ​ពួកគេ​​មិន​ធ្វើ​តាមការ​បញ្ជា​ ឬ​បំពេញការងារ​មិន​បាន​ល្អជាដើម​»។

យោងតាមកាសែតម៉ាឡេស៊ី The Star កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានរាយការណ៍ថា ស្ត្រីម៉ាឡេស៊ីម្នាក់ដែលមកវិស្សមកាលនៅកម្ពុជា ក៏ត្រូវបានគេចាប់ជំរិតពីភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃទី៧ ខែសីហា ផងដែរ។

ប្រភពដដែលបន្ថែមថា ស្រ្តីខាងលើនេះត្រូវបានគេបញ្ជូនយកទៅលក់ និងបង្ខំឱ្យធ្វើការនៅក្នុងទីតាំងប្រតិបត្តិការឆបោក​មួយ ប៉ុន្តែត្រូវបានជួយសង្គ្រោះវិញនៅថ្ងៃទី២៣ ខែសីហា បន្ទាប់ពីករណីនេះត្រូវបានរាយការណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈបណ្ដាញសង្គមរបស់លោក។

កាសែតដដែលនេះ កាលពីចុងសប្តាហ៍កន្លងទៅ ក៏បានរាយការណ៍ករណីដាច់ដោយឡែកផ្សេងទៀត អំពីស្រ្តីម្នាក់ដែលស្នើសុំអាជ្ញាធរឱ្យជួយសង្គ្រោះកូនប្រុសរបស់ខ្លួនចេញពីប្រទេសកម្ពុជាផងដែរ។

ងាកមកកាន់ប្រទេសវៀតណាមវិញ សារព័ត៌មាន VnExpress កាលពីសប្តាហ៍មុន បានរាយការណ៍អំពីយុទ្ធសាស្ត្រដែលអ្នកជួញដូរប្រើប្រាស់ក្នុងការអូសទាញជនជាតិវៀតណាមឱ្យមកកាន់ទីតាំងឆបោកនៅកម្ពុជា​ ដែលក្នុងនោះ អាជ្ញាធរថាមនុស្សរាប់ពាន់នាក់អាចនឹងត្រូវបានគេបោក និងជួញដូរចូលមកកម្ពុជា។

ទាក់ទិន​ករណីនេះ វៀតណាម រួមនឹងប្រទេសចំនួន៩ផ្សេងទៀត ក៏បានស្នើក្នុងការផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស​។

ទោះជាយ៉ាងណា ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធាន កាលពីខែមុន ក៏ធ្លាប់បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ជំទាស់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ចាត់​ទុក​កម្ពុជា​ថាជា​ជម្រក​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ ខណៈខ្លួនថាការដែលទទួលបានការវិនិយោគក្លែងក្លាយ គឺជារឿងដែលមិនអាចចៀសផុតឡើយ ប៉ុន្តែវាមិនបានតំណាងឱ្យសេដ្ឋកិច្ចកម្ពុជាទាំងមូលនោះទេ។

យោងតាមគេហទំព័រ​របស់​សមាគមកាលពីពេលកន្លងទៅ ក្នុងនោះគេសង្កេតឃើញមានការដាក់ឈ្មោះសមាជិកឯកជន ដែលរួមមាន​ឧកញ៉ា ដួង ឈីវ, សមាជិក​ព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន, ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ធនាគារវឌ្ឍនៈ លោកឧកញ៉ា សំ អាង, រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា, អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ចាន់ សារុន, តំណាងរាស្រ្ត លោក ឈាង វុន, សមាជិកព្រឹទ្ធសភា លោក កុក អាន, លោកឧកញ៉ា លី យ៉ុងផាត់ និងលោកឧកញ៉ា ខូវ គឹមបាក់។

ទោះជាយ៉ាងណា ​បន្ទាប់ពីចេញសេចក្តី​ថ្លែង​ការណ៍កាលពីខែមុន បញ្ជីសមាជិកទាំងអស់នេះត្រូវបានដកចេញពីគេហទំព័រវិញ៕


រាយការណ៍​បន្ថែម​ដោយ លោក ភិន រតនា

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Accounts of Trafficking in Cambodia Escalate in Regional Media

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ