គ្រួសារ​សព​បុរស​ម្នាក់​អះអាង​ថា បងប្រុស​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​មិនមែន​ព្រោះ​ជំងឺ​ទេ

បុរសឈ្មោះ ហាយ ប៊ុណ្ណា ​អាយុជាង៣០ឆ្នាំ ត្រូវបានសាច់ញាតិអះអាងថាស្លាប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដោយរងអំពើទារុណកម្ម ក្រោយពីត្រូវបានសមត្ថកិច្ចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមជាជនសង្ស័យ ដោយចោទពាក់ព័ន្ធករណីលួច។ (សាច់ញាតិជនរងគ្រោះ)

គ្រួសារសពរបស់បុរសម្នាក់នៅរាជធានីភ្នំពេញ អះអាងថា បងប្រុសខ្លួនស្លាប់អាចបណ្ដាលមកពីការធ្វើទារុណកម្មធ្ងន់ធ្ងរ មិនមែនស្លាប់ព្រោះជំងឺ និងដួលក្នុងបន្ទប់ទឹកដូចការលើកឡើងរបស់សមត្ថកិច្ចឡើយ ដោយ​សារនៅលើដងខ្លួននិងដៃមានស្នាមជាំ ហើយមានរបួសជាច្រើនថែមទៀតផង។

ការអះអាងនេះកើតឡើងក្រោយមានបុរសឈ្មោះ ហាយ ប៊ុណ្ណា ​អាយុជាង៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមជាជនសង្ស័យ ដោយចោទពាក់ព័ន្ធករណីលួច។ ​សមត្ថកិច្ចអះអាងថា លោក ហាយ ប៊ុណ្ណា ​ស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី កាលថ្ងៃទី៣ ខែកញ្ញា​ ប៉ុន្តែគ្រួសារថា ការស្លាប់​បងប្រុសរបស់ខ្លួនបណ្ដាលមកពីការធ្វើទារុណកម្ម បន្ទាប់ពីមានការចាប់​ឃុំខ្លួនគាត់ជាច្រើនថ្ងៃ។

អ្នកស្រី ហាយ ចាន់នី ដែលអះអាងជាប្អូនរបស់សពលោក ហាយ ប៊ុណ្ណា បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះ​ថា នៅពេលដែលសមត្ថកិច្ចចាប់ខ្លួនបងប្រុសអ្នកស្រីទៅនោះ គឺគាត់មានសុខភាពធម្មតា ដោយគ្មានរបួសស្នាមនៅដៃ និងលើដងខ្លួនឡើយ។ ប៉ុន្តែបន្ទាប់ពីយកបងប្រុសគាត់ទៅឃុំខ្លួនបាន២ថ្ងៃ ស្រាប់តែបងរបស់គាត់ឈឺ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី៣ ខែកញ្ញា បងគាត់ក៏ស្លាប់ដោយមានស្នាមរបួសនៅដៃ និងជាំនៅលើដងខ្លួន។

អ្នកស្រីថា៖ «ដៃបងខ្ញុំខាងស្ដាំហ្នឹង វាជាំឡើងខ្មៅ! ហើយមួយទៀត ខាងឆ្វេង​​កន្លែងឆ្អឹងជំនី ក្រោមក្លៀកមួយកន្លែងដែរ។ គ្រួសារខ្ញុំដឹងតែថាធ្វើទារុណកម្មហើយ ព្រោះអីបងខ្ញុំមិនដែលប្រកាច់ បងខ្ញុំមិនដែលឈឺអីទេ យកបងខ្ញុំទៅតែ២ថ្ងៃ ទៅអ៊ីចឹង។ បងខ្ញុំនៅផ្ទះដើរដោះតែអាវទេ។ និយាយទៅ មិនដែលពាក់អាវម៉េចទេ សូម្បីសែងបងខ្ញុំមក [យកសពមក] ក៏ដោះអាវដែរ»។

អ្នកស្រី ហាយ ចាន់នី បន្តថា នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ សមត្ថកិច្ចក៏មិនបានឱ្យម្ដាយរបស់គាត់ជិះរថយន្តទៅជាមួយដែរ។ ភាពមិនប្រក្រតីទាំងនេះ អ្នកស្រីស្នើទៅរដ្ឋាភិបាលជួយរកយុត្តិធម៌ ដោយបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដោយសារគ្រួសាររបស់គាត់នៅមិនទាន់អស់ចិត្តចំពោះការបកស្រាយរបស់សមត្ថកិច្ច​ឡើយ។

អ្នកស្រីថា៖ «បើសមត្ថកិច្ចមានភស្តុតាងអីឱ្យមើលសមនឹងរបួសបងខ្ញុំ អាហ្នឹងខ្ញុំទទួលយកបាន ប៉ុន្តែនេះប្រាប់មិនសមហេតុផលនឹងរបួសបងខ្ញុំ។ ខ្ញុំសួរ មនុស្សប្រកាច់មានកម្លាំងអត់? ពេលបងខ្ញុំប្រកាច់ គាត់ឱ្យកាមេរ៉ាតែកន្លែងបងខ្ញុំប្រកាច់ហ្នឹង តែសមត្ថកិច្ចម្នាក់ទៀត គាត់ថាកាមេរ៉ាតាំងពីយកបងខ្ញុំចូល និងតាំងពីសែងបងខ្ញុំចេញ ប៉ុន្តែអត់បានយក២ហ្នឹងឱ្យខ្ញុំឃើញទេ ឃើញតែចំណុចបងខ្ញុំប្រកាច់។ ពេលប្រកាច់ ​មានកាមេរ៉ាដើរដល់កន្លែងប្រកាច់ នេះអត់មានទេ ឱ្យមើលតែកន្លែងចានបង្គន់ហ្នឹង»។

អធិការនគរបាលខណ្ឌព្រែកព្នៅ លោក ឈិន គឹមធុយ បានបដិសេធចំពោះការចោទប្រកាន់ថា ការស្លាប់របស់លោក ហាយ ប៊ុណ្ណា ដោយសារសមត្ថកិច្ចធ្វើទារុណកម្ម។ លោកនៅតែអះអាងថា ការស្លាប់របស់ជនសង្ស័យរូបនេះ គឺដោយសារជំងឺប្រចាំកាយរបស់គាត់។

លោកថា៖ «គាត់មានជំងឺប្រចាំកាយ​គាត់ផ្សេងទៀត គ្មានទាក់ទងការ [ធ្វើទារុណកម្ម] ទេ ខ្ញុំរាយការណ៍ជូនព្រះរាជអាជ្ញាត្រឹមត្រូវណាស់។ ឥលូវ​ខ្ញុំកំពុងធ្វើការបកស្រាយបំភ្លឺ មិនមែនធ្វើទារុណកម្ម តើមានហេតុផលណាទៅធ្វើទារុណកម្មគាត់? អត់មានតាំងពីថ្ងៃដំបូងបញ្ជូនគាត់ទៅពេទ្យ! គ្រាន់តែមានអាការមិនស្រួល ពេទ្យបង្អែកប្រចាំសង្កាត់ព្រែកព្នៅ ហើយទៅពេទ្យលោកសង្ឃ និងចុងក្រោយពេទ្យរុស្ស៊ី រឿងមិនមែនទើបកើតណា! វាកើតយូរហើយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការបកស្រាយរបស់សមត្ថកិច្ច​ជាការការពារខ្លួនតែប៉ុណ្ណោះ ក្រោយពីមានការចោទប្រកាន់ពីក្រុមគ្រួសារ។ លោកបន្តថា ទោះបីសមត្ថកិច្ចចេញបំភ្លឺហើយក្ដី ប៉ុន្តែមិនមែនមានន័យថារឿងនេះត្រូវបញ្ចប់ទេ។ លោកបញ្ជាក់ថា កាលណាមានជនជាប់ឃុំស្លាប់ មិនថានៅក្នុងពន្ធនាគារ  ឬក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្នរបស់នគរបាលយុត្តិធម៌ឡើយ វាជាករណីសង្ស័យ ដែលទាមទារឱ្យមានការស៊ើបអង្កេត​ច្បាស់លាស់។

លោក អំ សំអាត ថាករណីជនជាប់ឃុំស្លាប់អំឡុងពេលឃុំខ្លួនបានកើតច្រើនករណី ហើយបញ្ហានេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស ដែលទាមទារឱ្យគណៈកម្មការប្រឆាំងនឹងអំពើទារុណកម្ម ស៊ើបអង្កេតចំពោះរឿងនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកថា៖ «អ៊ីចឹងវាទាមទារឱ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតដោយតម្លាភាពនិងយុត្តិធម៌ ដើម្បីស្វែងរកការពិត ទាំងជនរងគ្រោះ ​ទាំងគ្រួសារជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ វាមិនមែនស្ថិតនៅក្រុមគ្រួសារគាត់ចោទប្រកាន់ មន្ត្រីដែលពាក់ព័ន្ធឆ្លើយថាអត់ អាហ្នឹងមិនមែនជាដំណោះស្រាយទេ ជាការដោះសារយករួចខ្លួនទេ។ អ្វីដែលសំខាន់ត្រូវមានការស៊ើបអង្កេតដោយតម្លាភាព និងយុត្តិធម៌»។

ករណីស្រដៀងនេះ កាលពីថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២១ មន្ត្រី​នគរ​បាល​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បានចាប់ខ្លួន​លោក ពេ​ជ្រ ធារ៉េត អាយុ​៣១​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ក្រោ​យពី​មា​ន​តម្រុយថា គាត់ជាអ្នករៀប​ចំ​គម្រោងសម្លាប់ប្រពន្ធដោយ​ឆក់​ខ្សែ​ភ្លើង។ ប៉ុន្តែ​ជន​សង្ស័យ​រូប​នោះបាន​ស្លាប់​នៅ​ថ្ងៃដដែល ក្រោយ​ពី​បញ្ជូន​ចេញពីអធិការ​ដ្ឋាន​ន​គរ​បាល​ស្រុ​ក​សង្កែ យ​ក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ។

បន្ទាប់ពីហេតុការណ៍នេះ គ្រួសារលោក ពេជ្រ ធារ៉េត បានប្ដឹង​មន្ត្រីនគរបាលស្រុកសង្កែ​ ​ទៅក្រសួងមហាផ្ទៃ ដើម្បីរកយុត្តិធម៌ ដោយចោទមន្ត្រីនគរបាលស្រុកថាបានធ្វើទារុណកម្មសាច់ញាតិរបស់ខ្លួនរហូតដល់ស្លាប់។ ប៉ុន្តែរហូតមកទល់ពេលនេះ យុត្តិធម៌សម្រាប់គ្រួសារលោក ធារ៉េត នៅមិនទាន់មាននៅឡើយ បើទោះបីជាគណៈកម្មាធិការជាតិ​ប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃ ​​បាន​​វាយ​តម្លៃ​ជំហាន​ដំបូង​​ថា ការ​​ស្លាប់​​របស់​​ជន​​សង្ស័យរូបនេះអា​ចជា​ប់ពាក់​ព័ន្ធនឹង​ការ​ធ្វើទារុណកម្ម​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​​៣៨ ​ចែង​ថា ការ​បង្ខិត​បង្ខំ កា​រធ្វើ​បាប​លើ​រូប​រាង​កាយ ត្រូវ​ហាម​ឃាត់ និងត្រូវផ្ដន្ទាទោសតាមច្បាប់។ ចំណែកមាត្រា​២១០ នៃ​ក្រម​ព្រហ្មទណ្ឌ​​ចែង​​ថា «ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី៧ឆ្នាំ ទៅ១៥ឆ្នាំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ