ស្រ្តីម្នាក់​ស្នើ​សិទ្ធិមនុស្ស UN ជួយ​ជំរុញ​ឱ្យ​មាន​យុត្តិធម៌ ករណី​ប្អូន​របស់​ខ្លួន​ស្លាប់​ក្នុង​ដៃ​នគរបាល​ស្រុកសង្កែ

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

បងស្រី​ជនរងគ្រោះដែល​ស្លាប់អំឡុងពេលសមត្ថកិច្ចស្រុកសង្កែ​ចាប់​ឃាត់ខ្លួន​យកទៅសួរចម្លើយ​ ​ស្នើដ​ល់ឧត្តម​ស្នងកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំនៅ​កម្ពុជា ជួយជំរុញទៅរដ្ឋាភិបាល​កម្ពុជាពន្លឿន​ការស្វែងរកយុត្តិធម៌ដល់​ប្អូនប្រុសរបស់​ខ្លួន ក្រោយស្ត្រីរូបនោះ​​ប្រើពេល​ជាង១ឆ្នាំ​រកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋមិនទទួលបានជោគជ័យ។

កាលពីថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២១ មន្ត្រី​នគរ​បាល​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បានចាប់ខ្លួន​លោក ពេ​ជ្រ ធារ៉េត អាយុ​៣១​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ក្រោ​យពី​មា​ន​តម្រុយថា គាត់ជាអ្នករៀប​ចំ​គម្រោងសម្លាប់ប្រពន្ធដោយ​ឆក់​ខ្សែ​ភ្លើង។ ប៉ុន្តែ​ជន​សង្ស័យ​រូប​នោះបាន​ស្លាប់​នៅ​ថ្ងៃដដែល ក្រោយ​ពី​បញ្ជូន​ចេញពីអធិការ​ដ្ឋាន​ន​គរ​បាល​ស្រុ​ក​សង្កែ យ​ក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ។

បន្ទាប់ពីហេតុការណ៍នេះ ​អ្នកស្រី ពេជ្រ លីណា ជាបងស្រីបង្កើតរបស់លោក ពេជ្រ ធារ៉េត បានប្ដឹងចោទមន្ត្រីនគរបាលស្រុក​ ​ទៅក្រសួងមហាផ្ទៃ ដើម្បីរកយុត្តិធម៌ដល់ប្អូនប្រុសរបស់ខ្លួន​ ក្នុងនោះ​​គណៈកម្មាធិការជាតិ​ប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃ និងអគ្គ​ស្នង​​ការ​​នគរបាលជាតិ បានចុះស៊ើប​អង្កេត និង​បាន​​វាយ​តម្លៃ​ជំហាន​ដំបូង​​ថា ការ​​ស្លាប់​​របស់​​ជន​​សង្ស័យ ពេជ្រ ធារ៉េត អំឡុងពេ​លឃុំ​ខ្លួន​​នៅអធិការដ្ឋាន​​នគរបាល​ស្រុកសង្កែនោះ អា​ចជា​ប់ពាក់​ព័ន្ធនឹង​ការ​ធ្វើទារុណកម្មពីមន្ត្រីនៅទីនោះ។

អ្នក​ស្រី ​ពេជ្រ​ លីណា បានប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា​ ​មូល​ហេ​តុដែ​ល​គាត់​ទៅ​​រ​ក​កិច្ចអ​ន្ត​រា​គ​មន៍​ពី​កា​រិ​យាល័​យ​​ឧត្ត​មស្ន​ង​កា​រអ​ង្គ​ការ​ស​ហ​ប្រជាជា​តិ​ទទួ​​លប​ន្ទុក​សិ​ទ្ធិម​នុស្ស​ប្រចាំ​កម្ពុជា​នៅ​ពេ​លនេះ​ ​ដោយ​សា​រ​​តែ​រយៈពេល​​១​៧​ខែ​ម​ក​ហើយ​ ​ស្ថា​ប័​ន​ជំ​នា​ញ​រប​​​ស់ក្រ​សួងមហា​ផ្ទៃ​នៅ​មិន​​ទាន់​​ចា​​ត់​វិធា​ន​ការ​លើម​ន្ត្រី​ន​គរ​បា​ល​​នៅស្រុក​សង្កែ​ណាម្នាក់ដែល​ថាបានធ្វើទារុ​ណ​កម្ម​ប្អូនគាត់ឈ្មោះ ពេជ្រ ធារ៉េត រហូតស្លាប់ អំឡុងពេល​ឃាត់​ខ្លួនយកទៅសួរចម្លើយនៅឡើយទេ។

​​ស្តី្រវ័យ​៣​៥ឆ្នាំ​រូប​នេះ​បា​រ​ម្ភថា​ កា​រព​ន្យារពេ​លយូ​របែ​ប​នេះ ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​នោះនឹង​ត្រូ​វ​គេ​បំ​បិ​ទ​ចោ​​​ល ​​មិ​​ន​ចា​​​ត់ការ ​ដែ​ល​ធ្វើឱ្យ​​ប្អូនរបស់គាត់​ស្លា​ប់​​ទាំងអ​យុត្តិ​ធម៌។

​អ្ន​ក​ស្រី​ថា​៖ «ពេលប្រ​ជាព​ល​រដ្ឋ​ ប្អូ​នខ្ញុំ ​ជាប់​សង្ស័យ ហេតុ​អីចាប់ដាក់ខ្នោះលឿនម៉េះ? ដល់ពេលសមត្ថកិច្ច​ហ្នឹ​​ង​ជាប់​សង្ស័យ ចាប់ឱ្យលឿនដូចគ្នាមក​ បានផ្តល់យុត្តិធម៌ស្មើភាព។ ហើយដល់ពេលអត់ចាប់ឃាត់ខ្លួនអី​ទាំ​ង​អស់ ពន្យារៗរហូតដល់ឥលូវ ស៊ើបអង្កេតៗ តែលទ្ធផលអត់មានចេញ» ។

បញ្ហានេះ អ្នកស្រីបាន​អំពាវនាវទៅក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជួយជំរុញករណីនេះទៅក្រសួង​ពាក់ព័ន្ធរបស់រដ្ឋាភិបាល ធ្វើយ៉ាងណា​ជួយរកយុត្តិធម៌ឱ្យប្អូនប្រុសរបស់គាត់ រួមទាំងទប់ស្កាត់កុំឱ្យ​មន្ត្រី​ខិលខូច​ប្រើអំពើបែបនេះទៅលើជនរងគ្រោះដទៃទៀត។

អ្នកស្រីថា៖ «ខ្ញុំអត់ដឹងថាធ្វើម៉េចទៀតទេ ពេលខ្ញុំទៅសួរនាំគេៗថាឱ្យខ្ញុំចាំសិនទៅ ព្រោះថារឿងគេធ្វើតាមលំ​ដាប់​លំដោយ ហើយខ្ញុំជាប្រជាជនអត់ដឹងលំដាប់លំដោយគេនោះតាមរបៀបណាទេ។ ព្រោះមួយឆ្នាំជាងហើ​​​យ ខ្ញុំអត់យល់ថាតាមលំដាប់លំដោយហ្នឹងយ៉ាងម៉េចទៀតទេ»។

បើតាមស្ត្រីជាដើមបណ្តឹងរូបនេះ ចាប់តាំងពី​ប្អូន​គាត់​ស្លាប់​មក គាត់​បាន​ឡើង​មក​ជួប​មន្ត្រី​នៅ​ក្រសួងមហា​ផ្ទៃ ទាំ​​ង​​​​​​នៅ​នាយកដ្ឋានព្រហ្មទណ្ឌ និងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ប្រមាណជា​២០លើក​រួច​មកហើ​​​យ ដើ​​​ម្បី​​ចង់ដឹងពីចំណាត់ការលើបណ្តឹង​របស់​គាត់​នេះ បើទោះបីគណៈកម្មាធិការជាតិធ្លាប់ចុះអង្កេតរកឃើ​​ញ​ថា​​ ករណីស្លាប់ប្អូនរបស់គាត់​ជាប់ពាក់ព័ន្ធការធ្វើ​ទារុណកម្ម​ពីមន្ត្រីក្ដី។

ប្រធាន​ផ្នែក​នីតិកម្ម និង​ជំនួយ​ផ្នែក​ច្បាប់​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក តុប សំភី មានប្រសាសន៍​ថា ករណី​នេះបានផុត​ពី​ដៃ​គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មហើយ។

លោកថា៖ «សម្រាប់ការងារនេះ នៅខាងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ គាត់បានធ្វើរបាយការណ៍ជូនទៅតាមឋានានុក្រមគាត់រួចរាល់អស់ហើយ បងអាចទាក់ទងទៅខាងគេទៅ»។

លោក មុំ ចេក នាយសេនាធិការ​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ដែលទទួលបន្ទុកកិច្ចការនេះ អះ​អាង​ថា លោកកំពុងជាប់ប្រជុំ មិនអាចបញ្ជាក់ពីបញ្ហានេះបានទេ។

អ្នក​សម្រប​សម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី បង្ហាញកា​​រ​ខក​ចិត្ត​លើ​ចំណាត់ការ​​យឺតយ៉ាវ​នេះ។ លោកបានជំរុញទៅ​ក្រសួងពាក់ព័ន្ធ​​គួរ​បង្ហាញ​តម្លា​ភាព ក្នុង​កា​រ​ផ្ដល់​​សេវា​យុត្តិធម៌​ជូន​ពលរដ្ឋដោយមិនលម្អៀង ដើម្បីឱ្យពលរដ្ឋមាន​ជំនឿលើប្រព័ន្ធច្បាប់។

លោកថា៖ «បើធ្វើរបៀបហ្នឹងមិនមែនជាការលើកទឹកចិត្តឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទេ គឺធ្វើឱ្យជនរង​គ្រោះលែង​ទុក​ចិត្តដល់ស្ថាប័នរដ្ឋថែមទៀត។ ហើយបើយើងអត់ព្រមចេញរបាយការណ៍ចេញអី វាស្មើនឹង​​លើកទឹកចិត្តឱ្យអ្នកប្រព្រឹត្តរឹតតែប្រព្រឹត្តថែមទៀត»។

មាត្រា​​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ការ​បង្ខិត​បង្ខំ កា​រធ្វើ​បាប​លើ​រូប​រាង​កាយ ត្រូវ​ហាម​ឃាត់ និងត្រូវផ្ដន្ទាទោសតាមច្បាប់។ ចំណែកមាត្រា​២១០ នៃ​ក្រម​ព្រហ្មទណ្ឌ​​ចែង​​ថា «ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី៧ឆ្នាំទៅ១៥ឆ្នាំ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ