ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានច្រានចោលចំពោះការចោទប្រកាន់ថា សមត្ថកិច្ចបានធ្វើទារុណកម្មលើជនសង្ស័យម្នាក់នៅកន្លែងឃុំឃាំង ក្នុងខណ្ឌព្រែកព្នៅរហូតដល់ស្លាប់ ដោយថាជាការស្លាប់ដោយសារជំងឺរ៉ាំរៃ ខណៈគ្រួសារសពថា មិនមែនស្លាប់ព្រោះជំងឺឡើយ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូឌីនៅថ្ងៃសៅរ៍ថា ជនសង្ស័យម្នាក់ឈ្មោះ ហាយ ប៊ុនណា ដែលស្លាប់កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅនេះ បណ្ដាលមកពីជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ មិនមែនដោយសារ សមត្ថកិច្ចធ្វើទារុណកម្មឡើយ។
លោកបន្តថា មូលហេតុដែលរូបលោកអះអាងដូច្នេះ ដោយសារ សមត្ថកិច្ចមានភស្ដុតាង និងបានធ្វើកោសល្យវិច័យដែលបញ្ជាក់ដោយគ្រូពេទ្យជំនាញ និងភស្ដុតាងកាមេរ៉ាសុវត្ថិភាពមួយចំនួនទៀតផងដែរ។
លោក សាន សុខសីហា ច្រានចោលចំពោះការចោទប្រកាន់ថា សមត្ថកិច្ចធ្វើទារុណកម្មជនសង្ស័យរហូតដល់ស្លាប់ ដោយថា ជាការបំភ្លើសនិងបង្ខូចកិត្តិយសមន្ដ្រីអ្នកអនុវត្តច្បាប់តែប៉ុណ្ណោះ។
លោកថា៖«ពីប៉ុន្មានថ្ងៃមុនខ្ញុំឃើញតាមបណ្ដាញសង្គមមួយចំនួនបានចុះផ្សាយធ្វើការចោទមកលើសមត្ថកិច្ចថា ជាអ្នកបង្កឱ្យជនសង្ស័យស្លាប់ ប៉ុន្តែជាក់ស្ដែងការចុះផ្សាយនេះ ជាការចុះផ្សាយបំភ្លើស ខុសពីការពិតទាំងស្រុង ក្នុងន័យបង្ខូចកិត្តិយសមន្ត្រីដែលជាអ្នកអនុវត្តច្បាប់។ បន្ទាប់ពីបានធ្វើកោសល្យវិច័យជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការចេញដីកាឱ្យចាប់ខ្លួនទាក់ទងនឹងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលមានពាក្យបណ្ដឹងច្បាស់លាស់ហ្នឹង។ គាត់បានស្លាប់នៅមន្ទីរពេទ្យ តាមការធ្វើកោសល្យវិច័យ ការបញ្ជាក់ពីមន្ទីរពេទ្យទាក់ទងជំងឺតម្រង់នោមរ៉ាំរ៉ៃដែលគាត់ឈឺយូរណាស់មកហើយ»។
អ្នកស្រី ហាយ ចាន់នី ដែលអះអាងថា ត្រូវជាប្អូនរបស់សពលោក ហាយ ប៊ុនណា នៅតែអះអាងថា បងរបស់អ្នកស្រីស្លាប់ដោយការធ្វើទារុណកម្ម មិនមែនដោយសារជំងឺដូចសមត្ថកិច្ចបកស្រាយឡើយ។ អ្នកស្រីបន្តថា បងប្រុសរបស់គាត់មានសុខភាពធម្មតា គ្មានរបួសស្នាមនៅដងខ្លួន ហើយក៏មិនដែលឈឺអ្វីដែរ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចាប់ទៅឃុំ និងប្រគល់សពឱ្យគ្រួសារគាត់វិញ គឺមានស្នាមជាំនៅដៃ ដងខ្លួនជាច្រើនកន្លែងផងដែរ។
អ្នកស្រី ហាយ ចាន់នី ចាត់ទុកការបកស្រាយថា បងរបស់អ្នកស្រីស្លាប់ដោយសារជំងឺតម្រងនោមជារឿងអយុត្តិធម៌សម្រាប់បងប្រុស និងគ្រួសាររបស់គាត់។
អ្នកស្រីថា៖« ពេលខ្ញុំសួរទៅសមត្ថកិច្ចថា ដៃបងខ្ញុំប្រហែលកកិតនឹងចានបង្គន់ពេលដួល។ ពេលបងខ្ញុំប្រកាច់នោះ គឺខ្ញុំឈរនៅខាងក្រៅ។ បើបងខ្ញុំប្រកាច់អ៊ីចឹងមែន ហើយកកិតនឹងចានបង្គន់គឺវាមានស្នាមឈាមហើយ ចុះហេតុអីបានមិនឈាម ហើយដំបៅនោះស្លោកហើយអត់មានឈាមទាំងអស់ ហើយដំបៅនឹងវាវែង ហើយធំទៀត» ។
បុរសឈ្មោះ ហាយ ប៊ុនណា អាយុជាង ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមជាជនសង្ស័យ ដោយចោទពាក់ព័ន្ធករណីលួច។
សមត្ថកិច្ចអះអាងថា លោក ហាយ ប៊ុនណា ស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី កាលថ្ងៃទី៣ ខែកញ្ញា ប៉ុន្តែគ្រួសារថា ការស្លាប់បងប្រុសរបស់ខ្លួនបណ្ដាលមកពីការធ្វើទារុណកម្ម បន្ទាប់ពីមានការចាប់ឃុំខ្លួនគាត់ជាច្រើនថ្ងៃ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក ស៊ឹង សែនករុណា យល់ថា ការបកស្រាយរបស់សមត្ថកិច្ចគ្រាន់តែជាការពារខ្លួនតែប៉ុណ្ណោះ ខណៈគ្រួសារសពនៅតែបញ្ជាក់ជំហរថា ការស្លាប់របស់បងខ្លួនជាការធ្វើទារុណកម្មនោះ។
លោកទទូចទៅគណៈកម្មការប្រឆាំងនឹងអំពើធ្វើទារុណកម្មដែលមាន លោក ស ខេង ជាប្រធាន ត្រូវចុះស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដោយថា ករណីជនសង្ស័យស្លាប់នៅមន្ទីរឃុំឃាំង បានកើតឡើងច្រើន ហើយបញ្ហានេះ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់ផងដែរ។
លោកថា៖«ធម្មតាការបកស្រាយ ការលើកឡើង វាជាការយល់ឃើញ ការពារខ្លួនអីជាដើមនឹង ជារឿងរបស់សមត្ថកិច្ចទេ ប៉ុន្តែការជឿជាក់ពីសាធារណជន ពីខាងអង្គការជាតិ និងអន្តរជាតិ វាលុះត្រាតែករណីបានធ្វើឡើងដោយមានភាពជឿជាក់ ថាពិតជាមានការកើតឡើងនូវករណីនេះ នៅក្នុងហេតុផលណាមួយច្បាស់លាស់ មិនមែនគ្រាន់តែជាការអះអាងដោយត្រឹមប៉ុណ្ណឹងចប់នោះទេ។ ក្នុងនាមជាអង្គការសង្គមស៊ីវិល យើងចង់ឱ្យមានការបើកការស៊ើបអង្កេតមួយឱ្យមានភាពច្បាស់លាស់ ហើយការស៊ើបអង្កេតនេះ មិនមែនក្នុងន័យទៅការពារក្រុមរបស់ខ្លួនឬយ៉ាងណាទេ។ យើងចង់ឱ្យស៊ើបអង្កេតស្វែងរកការពិត ដើម្បីឱ្យអស់មន្ទិលសង្ស័យពីខាងសាធារណជននិងក្រុមអង្គការជាតិ និងអន្តរជាតិ»។
លោក ស៊ឹង សែនករុណា បន្តថា បើសិនក្រសួងមហាផ្ទៃ មិនបើកការស៊ើបអង្កេត ដោយស្វែងរកពិត និងរកយុត្តិធម៌ជូនអ្នករងគ្រោះទេ អំពើទាំងអស់នេះ នឹងនៅតែបន្តកើតឡើង ដោយមន្ត្រីដែលប្រព្រឹត្តល្មើសទាំងនោះ មិនត្រូវបានចាត់វិធានការតាមច្បាប់។
លោកថា៖«យើងមានការព្រួយបារម្ភថា អំពើបែបនេះ អាចចេះតែបន្តកើតមាននៅក្នុងសង្គមកម្ពុជាយើង ក្នុងខណៈដែលយើងមានទាំងច្បាប់ជាតិ ក្នុងក្រមព្រហ្មទណ្ឌក៏មានចែង ក្នុងរដ្ឋធម្មនុញ្ញយើងក៏មានចែង ហើយយើងក៏បានផ្ដល់សច្ចាប័នទៅលើអនុសញ្ញាប្រឆាំងអំពើធ្វើទារុណកម្មឆ្នាំ២០០៧មកទៀត។ អ៊ីចឹងការមិនអនុវត្តត្រឹមត្រូវវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអនុវត្តច្បាប់ផង ធ្វើឱ្យអំពើនិទណ្ឌភាពវាមានវប្បធម៌ចេះតែបន្តផង ហើយលើកទឹកចិត្តឱ្យជនប្រព្រឹត្តមិនខ្លាច និងញញើតច្បាប់»។
ករណីស្រដៀងនេះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ខ្លួនលោក ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ក្រោយពីមានតម្រុយថា គាត់ជាអ្នករៀបចំគម្រោងសម្លាប់ប្រពន្ធដោយឆក់ខ្សែភ្លើង។ ប៉ុន្តែជនសង្ស័យរូបនោះបានស្លាប់នៅថ្ងៃដដែល ក្រោយពីបញ្ជូនចេញពីអធិការដ្ឋាននគរបាលស្រុកសង្កែ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បន្ទាប់ពីហេតុការណ៍នេះ គ្រួសារលោក ពេជ្រ ធារ៉េត បានប្ដឹងមន្ត្រីនគរបាលស្រុកសង្កែ ទៅក្រសួងមហាផ្ទៃ ដើម្បីរកយុត្តិធម៌ ដោយចោទមន្ត្រីនគរបាលស្រុកថាបានធ្វើទារុណកម្មសាច់ញាតិរបស់ខ្លួនរហូតដល់ស្លាប់។
ប៉ុន្តែរហូតមកទល់ពេលនេះ យុត្តិធម៌សម្រាប់គ្រួសារលោក ធារ៉េត នៅមិនទាន់មាននៅឡើយ បើទោះបីជាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃ បានវាយតម្លៃជំហានដំបូងថា ការស្លាប់របស់ជនសង្ស័យរូបនេះអាចជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៨ ចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ត្រូវហាមឃាត់ និងត្រូវផ្ដន្ទាទោសតាមច្បាប់។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌចែងថា «ទារុណកម្ម ឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ»៕