អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​ប្រមូលផ្ដុំ​មុខ​ក្រសួង​មហាផ្ទៃ​រឿង​ការ​ផ្ដល់​បណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

លោក ធែល ធីលែន ជាយុវជនម្នាក់ក្នុងចំណោមក្រុមយុវជនជាង១០នាក់ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលប្រមូលផ្ដុំគ្នាដាក់ញត្តិ​​​នៅ​​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​ស្នើ​​លុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ដោយលើក​ហេតុផលថា កុំ​ឱ្យប៉ះពាល់​ដល់​ឧត្ដម​ប្រយោជន៍ក​ម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋបាល​រាជធានីភ្នំពេញ មិន​អនុញ្ញាត​ឱ្យក្រុមយុវជនប្រមូលផ្ដុំគ្នាលើសពី៥នាក់ នៅមុខក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ២០២២ ដើម្បីទាម​ទារ​ឱ្យ​ក្រសួង​បញ្ឈប់ការ​ផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការផ្តល់សិទ្ធិពេញ​លេញដល់ជនបរទេស​​ក្នុ​ង​កា​​រ​ប្រកប​​អាជីវកម្មនៅកម្ពុជា។

យុវជនមកពីខេត្តសៀមរាប លោក ថេល ធីលែន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ​​ថា កាល​ពីថ្ងៃ​ម្សិល​មិញ ពួក​គាត់​បាន​ទៅ​ជួបអភិបាលរងនៃរដ្ឋបាល​​រាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​គម្រោងស្នើ​សុំ​ការអនុញ្ញាត​​ឱ្យពួកគាត់ចំនួន១០០នាក់ ប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ឬបាតុកម្មដោយអហិង្សានៅមុខក្រសួងមហា​ផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីទាមទារ​ក្រសួងបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការ​ផ្ដល់សិទ្ធិពេញលេញដល់ជនបរទេស ជាពិសេសជន​ជាតិ​វៀត​ណាម​ ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។

ប៉ុន្តែលោកអះអាង​ថា ក្នុងជំនួបនោះ អាជ្ញាធរ​រាជធានីភ្នំពេញមិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ជួប​ជុំ​គ្នា​លើស​ពី​៥នាក់នោះទេ ដើម្បី​កុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ តែយ៉ាងណា លោកថា ក្រុមយុវជនក៏បានសម្រេច​លើក​ពេល​ទៅដាក់ញត្តិ​នៅក្រសួងមហាផ្ទៃ ទៅថ្ងៃទី១៩ ខែកញ្ញា ​វិញផងដែរ។

លោក ថេល ធីលែន និយាយ​ថា៖ «ការស្នើសុំរបស់យើង គេច្រានចោល! ពាក់ព័​ន្ធនឹង​បញ្ហាហ្នឹង គេលើកពីបញ្ហាផ្លូវ​ច្បាប់ សណ្ដាប់​ធ្នាប់! ដល់អ៊ីចឹង​ទៅ​គេ​អត់ឱ្យយើងជួបជុំទេ គេឱ្យយើងយកញត្តិទៅដាក់វិញ ត្រឹម​គ្នា៥នាក់ចុះ។ ពាក់ព័ន្ធនឹង​ការជួបជុំហ្នឹង យើងប្ដូរយុទ្ធសាស្ត្រមកវិញ ដោយ​យើងប្រមូលស្នាមមេដៃការចូលរួមរបស់​មហាជន​វិញ ឥលូវពួកគាត់កំពុងចូលរួមហើយ ហើយកាលបរិច្ឆេទនៃការដាក់ញត្តិហ្នឹង គឺនៅថ្ងៃចន្ទ ទី​១៩ ខែក​ញ្ញា​ ឆ្នាំ​២០២២»។

យុវជនម្នាក់ទៀត​មកពីខេត្តកណ្តាល លោក ផុន រស្មី បាននិយាយ​ថា ពួកគាត់នឹងធ្វើតាមការណែនាំ​របស់រដ្ឋបាល​​រាជ​ធានីភ្នំពេញ ដោយមិនធ្វើការជួបជុំ​មនុស្ស​លើសពី៥នាក់។ ​តែយ៉ាងណា លោក​ថា បើ​សិន​ជា​ពួកគាត់ដាក់​ញត្តិទៅក្រសួងមហាផ្ទៃឱ្យជួយដោះស្រាយ តែ​ក្រសួង​មិ​ន​​ដោះស្រាយ​ នោះពួកគាត់នឹង​នាំគ្នា​ជួប​ជុំ​ដោយសន្តិ​វិធី​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដើម្បីធ្វើការតវ៉ាបន្តទៀត។

លោក​និយាយ​ថា៖ «បើ​សិន​ជា​ខាង​ក្រសួង​មហាផ្ទៃ​គាត់យល់ព្រមនឹង​សំណើរបស់ក្រុមយុវជនយើង វា​ជា​ការល្អ ប៉ុន្តែ​បើ​ច្រានចោលនូវសំណើទាំងអស់ហ្នឹង គឺនៅតែមានការជួបជុំគ្នាមិនលើសពី១០០នាក់ នៅទីលានប្រជា​ធិបតេយ្យ ក្នុងគោលបំណងរឿងសុំលុបការបង្កើតភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​បណ្ណស្នាក់នៅ​អចិន្ត្រៃយ៍ដល់ជន​អន្តោប្រវេសន្ត»។

អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា សុំមិនធ្វើការបកស្រាយជុំវិញបញ្ហានេះ ដោយលោកបង្វែរឱ្យ​សួរទៅ​អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី វិញ ប៉ុន្តែ​លោក ម៉េត មាសភក្តី មិន​លើក​ទូរសព្ទ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ ​នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញមិនអនុញ្ញាត​ឱ្យ​ក្រុម​យុវជន​ជួប​ជុំ​គ្នា​ដោយ​សន្តិ​វិធី គឺផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ និងលិខិតតុបករ​ណ៍អន្តរជាតិដែលបានចែងពាក់ព័ន្ធនឹងការប្រមូល​ផ្តុំដោយសន្តិវិធី។ ករណីនេះ លោកថា កម្ពុជានឹងនៅតែរងការរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការរឹតត្បិត វានៅតែមាន​ការ​រិះគន់​នូវ​ចំណុច​ដែល​មាន​ការ​រឹតត្បិត ហើយ​ធ្វើឱ្យលំហសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យកាន់តែរួមតូច អ៊ីចឹង​បញ្ហាហ្នឹង​ក៏​វា​ប៉ះពាល់​ដល់​កម្ពុ​ជា​យើ​ង​ដែរ បញ្ហាវានៅតែបន្តតាមដាន ឃ្លាំមើលរិះគន់ទៅលើសេរីភាពជាមូលដ្ឋានហ្នឹង»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមាន​សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ