សហភាព​អឺរ៉ុប​គ្រោង​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី ខណៈ​លោក ពូទីន ព្រមាន​ថា​នឹង​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ទាំងអស់

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

សហភាព​អឺរ៉ុប​ កាលពីថ្ងៃពុធម្សិលមិញ បាន​ស្នើ​ឱ្យ​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី បន្ទាប់​ពីលោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters

ទាក់ទិននឹងករណីនេះ អឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថាបាន​ប្រើប្រាស់ការផ្គត់ផ្គង់ថាមពល​ជាអាវុធ​ក្នុង​ការ​តបត​ចំពោះ​ការ​ដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ចំពោះការឈ្លាន​ពានអ៊ុយក្រែន។ រុស្ស៊ី​បាន​បន្ទោសថា ​ទណ្ឌកម្ម​ទាំងនោះបាន​បង្ក​បញ្ហាចំពោះការ​ផ្គត់ផ្គង់​​ឧស្ម័ន។

ខណៈមានភាពតានតឹងកាន់តែខ្លាំងឡើង លោក ពូទីន បាន​និយាយ​ថា កិច្ចសន្យាអាចនឹងត្រូវលុបចោលក្នុងករណីមានការកំណត់តម្លៃ ហើយបានព្រមានកាត់ផ្តាច់ការផ្គត់ផ្គង់។

ទោះយ៉ាងណា សហភាពអឺរ៉ុបគ្រោងនឹងជំរុញឱ្យមានការកំណត់តម្លៃលើឧស្ម័ន​របស់​រុស្ស៊ី។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ​ផងដែរ​។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖ «យើងនឹងស្នើសុំកំណត់តម្លៃលើឧស្ម័នរបស់រុស្ស៊ី […] យើងត្រូវកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលលោក ពូទីន ប្រើប្រាស់ដើម្បីឈ្លានពានអ៊ុយក្រែន»។

ប្រភពដែលដឹងអំពីបញ្ហានេះបាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​ Reuters កាលពីថ្ងៃពុធម្សិលមិញ​ថា ប្រទេសហូឡង់ដែលតែងតែជំទាស់នឹងការកំណត់តម្លៃឧស្ម័ន ក៏នឹងគាំទ្រចំពោះការកំណត់តម្លៃឧ​ស្ម័ន​របស់​រុស្ស៊ីផងដែរ។

ទោះយ៉ាងណា រដ្ឋមន្ត្រីរបស់សាធារណរដ្ឋឆែក (Czech) បាននិយាយថា ការកំណត់តម្លៃឧស្ម័ន​របស់​រុស្ស៊ី​នេះគួរតែដកចេញពីរបៀបវារៈសម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក កំពុងសម្របសម្រួលការពិភាក្សាក្នុងនាមជាប្រធានប្តូរវេន​របស់​​សហភាពអឺរ៉ុប។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុងវ្លាឌីវូស្តុក (Vladivostok) លោក ពូទីន បាននិ​យាយថា៖ «យើងនឹងមិនផ្គត់ផ្គង់អ្វីទាំងអស់ ប្រសិនបើវាផ្ទុយនឹងផលប្រយោជន៍របស់យើង»។

លោកបន្ថែមថា៖ «យើងនឹងមិនផ្គត់ផ្គង់ឧស្ម័ន ប្រេង ធ្យូងថ្ម។ យើងនឹងមិនផ្គត់ផ្គង់អ្វីទាំងអស់»។

ជាធម្មតា អឺរ៉ុបនាំចូលឧស្ម័នប្រហែល ៤០% និងប្រេងប្រហែល ៣០% ពីរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ