ក្រសួង​មហាផ្ទៃ​ថា​មិន​មាន​ការ​បង្កើត​ខេត្ត​ចំនួន​៧​បន្ថែម​ទៀត​នោះ​ទេ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រសហ្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបដិសេធចំពោះព័ត៌មានដែលថារដ្ឋាភិបាលនឹងបង្កើតខេត្តចំនួន៧បន្ថែមទៀត ខណៈបច្ចុប្បន្ន​កម្ពុជាមានរាជធានី ខេត្តចំនួន២៥ហើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានឃើញព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមពីព័ត៌មានដែលថាមានការបង្កើតខេត្តថ្មីចំនួន៧បន្ថែមទៀត ប៉ុន្តែលោកថាព័ត៌មាននេះមិនមែនជាការពិតនោះឡើយ។

លោកអះអាងថា គ្មានសញ្ញាណាមួយដែលរដ្ឋាភិបាលបង្កើតខេត្តចំនួន៧បន្ថែមទៀតនៅពេលនេះទេ។

លោកថា៖ «គ្មានទេ! គ្មានសញ្ញាណា! គ្មានការងារទៅបង្កើតខេត្ត! ខ្ញុំក៏ឃើញដែរ គេបង្ហោះហ្វេសប៊ុកហ្នឹង។ ព័ត៌មាននេះ គ្មានស្អីទេ [មិនប៉ះពាល់អី] មតិថាគ្មានទាន់ជ្រួលច្របល់អី ​កុំឱ្យឃោសនាដូចពួក សម រង្ស៊ី។ គ្រាន់តែស៊ែរ គ្មានទៅកើតទុក្ខ លោតដូចពួក ខឹម វាសនា ឬពួក សម រង្ស៊ី វាឃោសនា ចូលស្រុកបង្វែរអាវុធប្រឆាំងនឹងរដ្ឋាភិបាល អាហ្នឹងចាំយើងធ្វើ គ្រាន់តែបញ្ចេញមតិធម្មតា គេថាអីថាទៅ យើងស្ដាប់ មិនមានព្យសនកម្មសង្គមអីទេ»។

ការចេញបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្រោយពីមានការផ្សព្វផ្សាយដោយចែករំលែកតៗគ្នាលើបណ្ដាញសង្គម ថារដ្ឋាភិបាលនឹងបង្កើតខេត្តចំនួន៧បន្ថែមទៀត ខណៈខេត្តមួយចំនួននៃប្រទេសកម្ពុជាត្រូវបានបំបែកជាពីរ ក្នុងនោះ ខេត្តត្បូងឃ្មុំ បានបំបែកចេញពីខេត្តកំពង់ចាម ហើយខេត្តកែប បំបែកចេញពីខេត្តកំពត ជាដើម។ ការបំបែកខេត្តក្នុងពេល​ក​ន្លងទៅ រដ្ឋាភិបាលធ្លាប់ទទួលរងការរិះគន់ថាជាការព្យាយាមបង្កើតមុខតំណែងសម្រាប់មន្រ្តីបក្សកាន់អំណាច ឬជាការចែករំលែកអំណាចគ្នានៅក្នុងរង្វង់បក្ស ហើយដែលសកម្មភាពនេះធ្វើឱ្យប៉ះពាល់ដល់ការចំណាយថវិការបស់រដ្ឋផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ