សំណើ​សង្គមស៊ីវិល​ស្នើ​កែច្បាប់ NGOs បន្ត​ទើរ​នៅ​អន្តរ​ក្រសួង​ជិត​២ឆ្នាំ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានមួយបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​សំ​ណើ​សុំ​កែ​​ច្បា​ប់​​​​​ស​មាគម ​និ​ង​អ​ង្គកា​រ​​មិន​មែន​រ​ដ្ឋាភិ​បាល ​(N​GO​s)​ ដែ​​ល​​​​ស្នើ​​ឡើ​ង​​ដោ​យ​​ក្រុ​ម​​អង្គកា​រសង្គ​ម​​​​​ស៊ី​​​​​​វិល​​៥​​០០​​​ស្ថា​ប័​​ន​នោះ​​ ​នៅ​​ប​​ន្ត​​​ទើរ​លើដៃអន្តរ​ក្រសួង​ជិ​​ត២ឆ្នាំ ដែលបញ្ហានេះ​ជំ​រុ​ញ​​​ឱ្យមាន​ការ​លើ​​​ក​ឡើ​​​ង​ថា រដ្ឋា​​​ភិ​បាលខ្វះឆន្ទៈ​បើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីឆ្លើយតប​នឹង​រ​​ដ្ឋ​​ធម្ម​នុញ្ញ។

​អំឡុងខែម​​ក​​រា​ ​ឆ្នាំ​២​០​​១​៩​ អង្គការ-សមាគម​ចំនួន​​៥០០ស្ថាប័​ន​បានដា​ក់​លិខិ​ត​ទៅ​​​ក្រសួងម​ហា​​ផ្ទៃ ស្នើ​​ធ្វើវិ​សោ​ធនកម្ម​លុ​បមាត្រា​​ចំនួន១៤ ដូច​​ជា ​មាត្រា​៣០ ​រហូត​​ដល់​មាត្រា​​៣៥ ​ជា​ដើម នូវ​អ្វី​ដែល​ពួក​គេ​ថា ដើម្បីធា​​​នា​លំហ​សេរីភាព​សង្គម​ស៊ីវិល​ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញតប​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ​។

ពួកគេលើក​ឡើង​ថា ក្រោយ​ច្បាប់​នេះប្រកាស​​ឱ្យប្រើក្រោម​សំឡេង​​តវ៉ា​ពីសហគមន៍ជាតិនិងអន្តរជាតិ អំឡុ​ង​​​ខែសី​ហា ឆ្នាំ២០១៥​មក បង្ក​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​ជា​​មូលដ្ឋាន សិទ្ធិក្រុមអង្គកា​រសង្គមស៊ីវិល និង​ផ្ទុ​យ​ពី​​​ស្មារតីរដ្ឋធម្មនុញ្ញ។

ប៉ុន្តែ​ក្រោយមានជំនួបច្រើនដងជាមួយក្រុមអង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃ អំឡុងខែកុម្ភៈ ឆ្នាំ​២​០​​២១ ព្រមយកសំណើទាំងនោះទៅពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដែលហៅថា «អន្តរក្រសួង» ក្នុងនោះ​មា​​​ន​ទាំងក្រសួងយុត្តិ​ធម៌​​ផងដែរ មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីបើកផ្លូវឱ្យរដ្ឋសភាអនុម័ត។

​​អ្នកនាំ​ពាក្យ​ក្រ​សួង​យុ​ត្តិធ​ម៌ លោ​ក ជិន ម៉ាលីន​ បញ្ហាក់នៅ​ថ្ងៃសុ​ក្រ​នេះថា​៖ ​«ទាក់ទ​ងទៅក្រសួ​ងមហាផ្ទៃ ក្រ​​​​សួងមហាផ្ទៃជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យទៅលើសំណើហ្នឹង»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំសម្របសម្រួលកិច្ចការនេះ លោក ប៊ុន ហុន មានប្រសាសន៍យ៉ាង​ខ្លី​ថា សំណើនេះមិនទាន់ឆ្លងផុតពីការសម្រេចផ្ទៃក្នុងនៅឡើយទេ។

ប្រ​ធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលជាធា​តុ​មួយជំរុញការកសាងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​រដ្ឋាភិបាល​​ធ្វើច្បាប់​ដើម្បីបង្រួម​សិទ្ធិសង្គម​ស៊ីវិល នោះហាក់​ឆ្លុះ​បញ្ចាំងថា រដ្ឋាភិបាល​បានធ្វើផ្ទុយការប្តេជ្ញាចិត្ត ដែលធ្លាប់អះអាងថាសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានក្នុងសង្គមប្រជាធិបតេយ្យ។

លោកថា៖ «យើងមានការលំបាកណាស់ នៅពេលដែលមិនអាចនិយាយបាន និយាយទៅមានបញ្ហា សេរីភាពទាំងអស់ត្រូវបានរឹតបន្តឹងដោយច្បាប់អ៊ីចឹង អានេះដែលជាបញ្ហា»។

មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេតនៅ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ខុ​មហ្វ្រែល លោក កន សា​វាង្ស លើកឡើ​ង​​​​ថា ក្រោយ​សំណើនេះ​ធ្លាក់ដល់ដៃអន្តរក្រសួង ក្រុមអង្គការសង្គមស៊ីវិលបានដាក់លិខិតទៅក្រសួងមហា​ផ្ទៃ​ចំនួ​ន​​២លើករួច​មក​ហើយ តែ​មកដល់ពេលនេះមិនទទួលបានការឆ្លើយតបនៅឡើយ​។

អ្នកឃ្លាំមើលរូបនេះយល់ថា ភាពយឺតយ៉ាវនេះអាចឆ្លុះបញ្ចាំងបានថា ការព្រមព្រៀងរបស់រដ្ឋាភិបាលកន្លងទៅគ្រាន់តែជារូបភាព តែខ្វះឆន្ទៈពិតក្នុងការបើកលំហសេរីភាពសង្គមស៊ីវិលដើម្បីជំរុញដំណើរការប្រជាធិបតេយ្យ។

លោកថា៖ «យើងនៅតែព្រួយបារម្ភ ហើយនឹងនៅតែទាមទារ​ស្នើសុំថាឱ្យពិនិត្យ​មើល​នូវ​អនុសាសន៍​ដែលដាក់​ដោយ​អង្គការសង្គមស៊ីវិលហ្នឹង»។

​​ស្ថាបនិ​កអង្គ​ការអភិវ​ឌ្ឍន៍ផ្ន​​ត់​គំនិ​ត លោក ​សេក សុជា​តិ កត់​សម្គាល់​​​ថា​ កា​រអូស​បន្លាយ​​សំណើ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​នេះ ខុស​គ្នា​នឹង​ល្បឿននៃការ​​​កែ​រដ្ឋ​ធម្ម​នុញ្ញ ដែល​​ស្ថាប័ន​​រ​​ដ្ឋប្រើពេលតែប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណោះ ច្បាប់​នោះ​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ក្នុង​ស្ថាន​ភាព​ប្រញាប់​ទៀត​ផង ទោះ​​មា​​ន​​​​ការ​​រិះ​គន់​ពីសហគមន៍ជាតិ និងអន្តរជាតិ​ក្ដី។

លោក​​គូសបញ្ជាក់ថា សង្គមស៊ីវិលជាតួអង្គសំខាន់ក្នុងការ​​ការពារ​សិទ្ធិជនរងគ្រោះ និងចូលរួមជំរុញយុត្តិធម៌សង្គម តែថា រដ្ឋាភិបាលមួយដែល​បន្សល់​​​ទុកនូវភាពអយុត្តិធម៌សង្គមច្រើនពេក នោះលំហសង្គមស៊ីវិលនឹងមិនត្រូវបើកទូ​លាយទេ ដែ​ល​ការណ៍នេះ លោកថា អាចជាប់គាំងនៃសំណើរបស់ក្រុមអង្គការសង្គមស៊ីវិល ។

លោ​កថា៖ «រដ្ឋាភិបាល​ហាក់បីដូចជាទទួល ឬក្លាយទៅជាជនរងគ្រោះ ពីព្រោះ​ដោយ​សារ​តែ​ការ​អនុ​វត្តច្បា​ប់​​​រ​បស់ខ្លួនមិនមានស្មើ​ភាពគ្នា​ចំពោះមុខច្បាប់ទៅលើការអនុវត្តច្បាប់ផ្សេងៗដែលពាក់ព័ន្ធជាមួយបញ្ហា​សង្គ​ម រហូតដល់វាបង្កើតឱ្យមានបញ្ហាអយុត្តិធម៌»។

​​កា​​លពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសមាគមចំនួន១០០​ស្ថាប័នផ្សេងទៀតបានចេញសេចក្តីថ្លែងកា​រណ៍​រួម ស្នើ​​ឱ្យ​​​រដ្ឋាភិ​បាលលុប​​ចោល​​​ច្បាប់​ស្ដីពី​​សមាគមនិង​​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដោយ​​​ពួក​គេចាត់​ទុក​ថា ច្បាប់បន្ថែម​ថ្មីនេះ​ជា​ឧបករណ៍​បម្រើដល់​​ការរារាំង ​ការ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល។​ សេ​​​ចក្តី​ថ្លែងការណ៍រួមនោះបានចាត់ទុកថា ​គ្មានភាពចាំបាច់ដើម្បីមាន​ច្បាប់​នេះទេ ខណៈកម្ពុជាមានក្រមរដ្ឋប្បវេណី​ និងក្រមព្រហ្មទណ្ឌចែងពី​បទប្បញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់ហើយ។​

ផ្ទុ​យពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់អះអាងថា កម្ពុជាជាឋានសួគ៌របស់ក្រុមអង្គការស​ង្គ​ម​​ស៊ី​វិល ព្រោះមាន​អង្គការសមាគមជាង៥ ០០០ បានចុះបញ្ជីនៅក្រសួង​ ដើម្បីធ្វើសកម្ម​ភាព​សង្គម​រៀ​ងៗខ្លួន។ យ៉ាងនេះក្តី ថ្មីៗនេះ ទាំង​សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយដល់ព​លរដ្ឋ ក្រុមអ្នកនយោបាយជំទាស់ ក្រុមអង្គកា​​រសង្គមស៊ីវិល និងអ្នកសារព័ត៌មាន មុន​ថ្ងៃបោះឆ្នោតជាតិឆ្នាំ២០២៣មកដល់ ដោយ​ពួកគេបារម្ភ​ថា លំ​​ហ​ប្រ​​ជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ