ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ពិន័យដោយដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍៤នាក់ ក្រោយពួកគេទាំងនោះទទួលស្គាល់ថាបានប្រព្រឹត្តកំហុស ដោយបានឃាត់រថយន្ត និងផាកពិន័យអ្នកបើកបរដោយមានគ្មានកំហុសកាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃទី២៥ ខែតុលានេះ ឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ចំនួន៤នាក់ ប្រចាំនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត ឬដកមួយសក្តិ និងបញ្ឈរជើង៣ខែនៅការិយាល័យបុគ្គលិក។
ការដាក់ពិន័យនេះ ក្រោយមានការបែកធ្លាយវីដេអូដែលបង្ហាញពីកំហុសរបស់មន្រ្តីនគរបាលទាំង៤នាក់នោះ ដែលបានឃាត់និងផាកពិន័យពុំត្រឹមត្រូវដោយមិនចេញវិក្កយបត្រ ទៅលើម្ចាស់រថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ កាលពីថ្ងៃទី២១ ខែតុលា ខណៈអ្នកបើកបរនោះពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប។
សេចក្តីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ «បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូបមកសួរនាំនៅការិយាល័យ។ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង៤រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យមិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ »។
ប្រភពដដែលបន្តថា មន្ត្រីទាំង៤រូបនេះត្រូវដកបញ្ឈរជើងរយៈពេល៣ខែ និងត្រូវបង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ។
កាលពីថ្ងៃទី១៥ ខែតុលាផងដែរ មន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី ក៏ត្រូវធ្វើកិច្ចសន្យា ដាក់ពិន័យ ព្រមទាំងដកបញ្ឈរជើងរយៈពេល៣ខែដែរ បន្ទាប់ពីមានវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបង្ហាញពីសកម្មភាពបំពេញការងាររបស់មន្ត្រីរូបនេះ ដោយបានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលសមត្ថកិច្ចឃាត់ ជុំវិញការបើកបរល្មើសច្បាប់ចរាចរណ៍៕