យ៉ាង​ហោច​កូដករ​ណាហ្គា​វើលដ៍​២​នាក់​សន្លប់​និង​មួយ​ចំនួន​រង​របួស​ស្រាល​ ក្រោយ​​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថកិច្ច​

ទិដ្ឋភាពក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ និងថ្នាក់ដឹកនាំសហជីព ប្រមាណ៤០០នាក់ ប្រមូលផ្តុំគ្នាដាក់ញត្តិនៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទាមទារដំណោះស្រាយការងារជាមួយក្រុមហ៊ុនល្បែងមួយនេះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ)

តំណាងក្រុមកូដករអះអាងថា យ៉ាងហោចណាស់​កូដករណាហ្គាវើលដ៍ចំនួន២នាក់ដួលសន្លប់ និងមួយចំនួនទៀតរងរបួសស្រាល ដោយសារប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌទួលគោករាប់សិបនាក់  ខណៈពួកគេនាំគ្នាដើរហែក្បួនពីក្រសួងការងារឆ្ពោះទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។

កញ្ញា សៀក បញ្ញា ដែលអះអាងថា ជាតំណាងក្រុមកូដករណាហ្គាវើលដ៍បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្បែរស្ពានអាកាសស្តុបសាលាតិចណូ ​ ​ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យថា នៅព្រឹក​នេះកូដករប្រមាណ​៤០០នាក់ បានប្រមូលផ្តុំគ្នានៅមុខទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញាថា ការប្រមូលផ្តុំគ្នានោះ ​ ដើម្បីស្នើសុំឱ្យស្ថាប័ននេះ ជួយដោះស្រាយបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុន ដោយទទួលយកថ្នាក់ដឹកនាំសមាជិកសហជីពប្រមាណ១៥០​នាក់ចូលធ្វើការវិញជាមួយប្រាក់រម្លឹកទូទាត់សំណង​ត្រឹមត្រូវតាមច្បាប់ស្តីពីការងារ ព្រមទាំងទម្លាក់បទចោទលើថ្នាក់ដឹកនាំសហជីព សកម្មជនសហជីពទាំង១៥រូប ជាដើម។

កញ្ញាបន្តថា នៅពេលទៅដល់មុខទីស្តីការក្រសួងការងារ ដោយពួកគាត់រង់ចាំប្រហែលជា១ម៉ោង មិនឃើញមន្ត្រីក្រសួងចេញមកទទួលយកញត្តិរបស់ពួកគាត់ ទើបពួកគាត់សម្រេចចិត្តដើរថ្មើជើងហែរក្បួនមកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំជួយជំរុញទៅក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ៗ។

ប្រភពដដែលបន្តថា នៅពេលពួកគេធ្វើដំណើរមកដល់ចំណុចស្ពានអាកាសស្តុបតិចណូ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងកងសន្តិសុខខណ្ឌចេញមករារាំងការហែក្បួនបណ្តាលឱ្យប៉ះទង្គិចគ្នា ធ្វើឱ្យកូដករ ២នាក់ដួលសន្លប់ និងមួយចំនួនទៀតរងបួសស្រាល។

កញ្ញានិយាយថា៖ «ពួកខ្ញុំដើរមកដល់ស្ពាន[ស្ពានអាកាសស្តុបតិចណូ] ពួកគាត់បានយកកងកម្លាំងអាជ្ញាធរនិងកងសន្តិសុខខណ្ឌមកកាក់ផ្លូវពួកខ្ញុំ  មកវាយពួកខ្ញុំជាមនុស្សស្រី មានបោចសក់ ទាត់ធាក់ មានគប់ក្បាលមួយអាយកូមទៀត មានគ្នាខ្ញុំសន្លប់ចំនួន២នាក់។ ឥឡូវដើរទៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីទាមទារលក្ខខណ្ឌការងារ»។

កូដករម្នាក់ទៀត អ្នកស្រី ឈឹម សុខន និយាយថា ពួកគាត់មានជម្លោះនិងចេញតវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពលក្ខខណ្ឌការងារជិត៩ខែមកហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនចេញមកដោះស្រាយជូនក្រុមកូដករនៅឡើយ  ទើបធ្វើឱ្យពួកគាត់ចេញតវ៉ានិងយកញ្ញត្តិដាក់នៅតាមស្ថាប័នរដ្ឋ​ជា​បន្តបន្ទាប់។

អ្នកស្រីបន្តថា នៅថ្ងៃអាទិត្យនេះមន្ត្រីមកពី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលយកញត្តិរបស់ក្រុមកូដករហើយ​ ដោយពួកគេសន្យាយកញត្តិនោះបញ្ជូនទៅថ្នាក់ដឹកនាំពិនិត្យនិងសម្រេច រួចផ្តល់ព័ត៌មានត្រឡប់មកក្រុមកូដករវិញ ខណៈមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។

ករណីនេះ អ្នកស្រីព្រមានថា បើ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីស្តីការគណៈរដ្ឋមន្ត្រីមិនពន្លឿនដោះស្រាយបញ្ចប់វិវាទរវាងកូដករណាហ្គាវើលដ៍ទេ នោះពួកគាត់នៅតែបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ។

អ្នកស្រីបន្តថា ​៖ «បើអត់មានដំណោះស្រាយទេ ពួកយើងនិងធ្វើការតវ៉ាទាមទាររហូតមានដំណោះស្រាយ ព្រោះការទាមទារហ្នឹងធ្វើតាមដំណាក់កាល ប៉ុន្តែគោលជំហរទាមទារឱ្យមានដំណោះស្រាយ​»។

អ្នកស្រី ឈឹម សុខន បន្ថែមថា នៅរសៀលម៉ោង២ថ្ងៃដដែលនេះ ក្រុមកូដករណាហ្គាវើលដ៍នៅតែបន្តនាំគ្នាប្រមូលផ្តុំនៅក្បែរក្រុមហ៊ុន ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ និងពន្លឿនដោះស្រាយបញ្ចប់វិវាទជូនពួកគេផងដែរ។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ​បានទេនៅថ្ងៃអាទិត្យ។

ដោយឡែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានច្រានចោលការលើកឡើងរបស់ក្រុមកូដករដែលថា សមត្ថកិច្ចបង្កហិង្សាលើពួកគាត់បណ្តាលឱ្យដួលសន្លប់២នាក់ និងមួយចំនួនទៀតរងរបួសស្រាល។ លោកថា សមត្ថកិច្ចអនុវត្តការងាររបស់ខ្លួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ និងមិនដែលបង្កហិង្សាលើកូដករនោះដែរ។

លោកមានប្រសាសន៍ថា៖ «យើងមិនដែលបង្កជាបាតុភាពណាមួយ បង្កហិង្សាណាមួយដែរ មានតែក្រុមបាតុករខុសច្បាប់ទាំងអស់ហ្នឹងទេ ដែលតែងតែបង្កើតជារូបភាពរៀបចំផែនការជាស្រេច ដើម្បីញុះញង់ ជេរប្រមាថមើលងាយ ធ្វើកាយវិការ អាកប្បកិរិយាផ្សេងៗមកលើសមត្ថកិច្ច ហើយឃើញបង្កបាតុភាព ហើយសមត្ថកិច្ចទប់ស្កាត់កុំឱ្យមានបាតុភាព បែរជាបង្កជារូបភាពមួយថា សមត្ថកិច្ចបង្កហិង្សា»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ពន្យល់ថា តាមនីតិវិធីច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រីមិនមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងារជូនក្រុមកូដករណាហ្គាវើលដ៍នោះទេ។ ប៉ុន្តែក្រសួងមានសិទ្ធិក្នុងការទទួលយកញត្តិ ឬសំណើ​របស់ក្រុមកូដករទាំងនោះ បញ្ជូនទៅក្រសួងសាម៉ីឱ្យជួយដោះស្រាយតាមការទាមទាររបស់ពួកគេស្របតាមគោលការណ៍ច្បាប់ ។

ចំពោះរឿងវិវាទរវាងក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយកម្មករនោះ លោកថា សហជីពមានសិទ្ធិប្តឹងទៅតុលាការចាត់វិធានការច្បាប់ ជាជាងពួកគេនាំគ្នាប្រមូលផ្តុំតវ៉ានៅតាមស្ថាប័នរដ្ឋផ្សេងបែបនេះ ។

លោកផ្តល់ជាយោបល់​ថា៖ «បើក្រសួងការងារដោះស្រាយមិនចេញ សហជីពប្តឹងទៅតុលាការវិញ ពីព្រោះតុលាការជាអ្នកដែលមានសមត្ថកិច្ចក្នុងការវិនិច្ឆ័យក្តី ហើយទីស្តីការគណៈរដ្ឋមន្ត្រីមានសមត្ថកិច្ចត្រឹមតែធ្វើការងារតាមនីតិវិធីរដ្ឋបាលតែប៉ុណ្ណោះ»។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ដែលចូលរួមការហែរក្បួនជាមួយក្រុមកូដករណាហ្គាវើលដ៍នៅថ្ងៃទី១១ ខែកញ្ញានេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដើមចមដែលនាំឱ្យក្រុមកូដករណាហ្គាវើលដ៍នាំគ្នាប្រមូលផ្តុំគ្នានៅមុខទីស្តីការក្រសួងការងារ និងហែក្បួនមកទីស្តីការគណៈរដ្ឋមន្ត្រីរហូតដល់មានការប៉ះទង្គិចគ្នានេះ ដោយសារតែវិវាទការងារជាមួយក្រុមហ៊ុននៅ​តែមិនទាន់មានដំណោះស្រាយនៅឡើយ។

អ្នកស្រីបញ្ជាក់ថា ដំណោះស្រាយដែលអាចនិងបញ្ចប់បាន លុះត្រាតែមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។

អ្នកស្រីបញ្ជាក់ថា៖ «យើងដាក់នៅខុទ្ទការល័យក៏ដាក់ហើយ សភាក៏ដាក់ហើយ ទីស្តីការក៏ដាក់ទៀត។ យើងសង្ឃឹមថា មានតែសម្តេចពុកឬសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយជូនកម្មករនិយោជិតឱ្យទទួលបាននូវភាពយុត្តិធម៌ បានចូលធ្វើការវិញ មានការគោរសិទ្ធិសេរីភាពសហជីព»។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង ១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។

យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជិត៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះតែម្តង បើទោះបីជាច្បាប់តម្រូវឱ្យមានសហជីពក្នុងក្រុមហ៊ុនយ៉ាងណាក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ