គោល​នយោបាយ​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​របស់​កម្ពុជា​ត្រូវ​បាន​ពិនិត្យ​ឡើងវិញ​មុន​កាល​បរិច្ឆេទ​ផុតកំណត់​នៅខែក្រោយ

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហេង វិចិត្រ)

ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលជាអង្គការអន្តររដ្ឋាភិបាល បានដាក់ប្រទេសកម្ពុជាទៅក្នុង «បញ្ជីប្រផេះ» នៃបណ្ដាប្រទេសដែលមិនមានការត្រួតពិនិត្យនិងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពចំពោះការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងឆ្នាំ២០១៧។

ប្រទេសកម្ពុជាត្រូវបានវាយតម្លៃថាបានអនុលោមតាមតែចំណុចខ្លះប៉ុណ្ណោះនៃលក្ខណៈវិនិច្ឆយបច្ចេកទេសចំនួន២០របស់ FATF។ កាលបរិច្ឆេទផុតកំណត់សម្រាប់ប្រទេសកម្ពុជាក្នុងការបង្ហាញពីវឌ្ឍនភាពរបស់ខ្លួន គឺនៅខែក្រោយនេះហើយ [ខែតុលា] ហើយរហូតមកដល់ពេលនេះ ចំណាត់ថ្នាក់របស់ខ្លួនបានធ្លាក់ចុះដល់លេខ៨ហើយ។

ប្រសិនបើពិន្ទុរបស់កម្ពុជានៅខែក្រោយនេះ គឺដូចគ្នានឹងរបាយការណ៍កាលពីខែសីហា ប្រទេសកម្ពុជានឹងនៅតែស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់ FATF។

គិតត្រឹមខែសីហា ឆ្នាំ២០២២ ប្រទេសកម្ពុជា និងប្រទេសចំនួន២០ផ្សេងទៀត រួមទាំងមីយ៉ាន់ម៉ា និងហ្វីលីពីន ស្ថិតក្នុងបញ្ជីប្រផេះ ខណៈមានតែប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ប៉ុណ្ណោះ ដែលស្ថិតក្នុងបញ្ជីខ្មៅ។

នៅក្នុងការត្រួតពិនិត្យ កាលពីខែសីហា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានស្នើសុំឱ្យពិនិត្យចំនួន១០ចំណុច ហើយក្នុងនោះមាន៥ចំណុចត្រូវបានកំណត់ថាមានអនុលោមភាព ឬមានអនុលោមភាពខ្លាំង។ លក្ខណៈវិនិច្ឆយបច្ចេកទេសចំនួន៥ផ្សេងទៀតដែលត្រូវបានពិនិត្យ ត្រូវបានកំណត់ថានៅតែមានចំណុចត្រូវកែលម្អ។

យោងតាមបាយការណ៍ចុងក្រោយបានឱ្យដឹងថា កម្ពុជានៅតែត្រូវការការកែលម្អបទប្បញ្ញត្តិរបស់ខ្លួន និងការទប់ស្កាត់ការលាងលុយកខ្វក់ក្នុងវិស័យធនាគារ ស្ថាប័នមិនរកប្រាក់ចំណេញ អចលនទ្រព្យសម្ភារមានតម្លៃ និងកាស៊ីណូ។

របាយការណ៍នោះបាននិយាយទៀតថា ប្រទេសកម្ពុជាបានបង្កើតច្បាប់ជាមូលដ្ឋានចំពោះឧស្សាហកម្មទាំងនេះ ប៉ុន្តែនៅតែមានចន្លោះប្រហោងដែលត្រូវដោះស្រាយ ដូចជាការបង្កើនការត្រួតពិនិត្យដោយយកចិត្តទុកដាក់ ការបង្កើនប្រសិទ្ធភាពនៃបទប្បញ្ញត្តិ និងការផាកពិន័យធ្ងន់ជាងមុន។

របាយការណ៍​បន្ត​ទៀតថា កម្ពុជា​ក៏​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ស៊ើបអង្កេត​ករណី​លាង​លុយ​កខ្វក់។

អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) បានចោទប្រកាន់អស់រយៈពេលជាងមួយទសវត្សរ៍ថា ឥស្សរជនកម្ពុជាគ្រប់គ្រងឧស្សាហកម្មផ្សេងៗគ្នា រាប់ចាប់ពីការកាប់ឈើខុសច្បាប់ និងវិស័យនិស្សារណកម្ម រហូតដល់ឧស្សាហកម្មផ្សេងទៀត។ ថ្មីៗនេះ ការស៊ើបអង្កេតរបស់វិទ្យុអាស៊ីសេរី បានឱ្យដឹងថា ឧក្រិដ្ឋជនជាជនជាតិចិនម្នាក់ដែលស្ថិតក្នុងបញ្ជីតាមដានរបស់ប៉ូលិសអន្តរជាត Interpol មានទំនាក់ទំនងជិតស្និទ្ធនឹងឧកញ៉ា រិទ្ធី សំណាង និងបានបើកអាជីវកម្មរួមគ្នាពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។

អ្នក​នាំ​ពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន និងអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ឡើយ។

បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានទម្លាក់មកនៅចំណាត់ថ្នាក់ទាបបំផុត ក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក មន្រ្តីរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភអំពីចំណាត់ថ្នាក់នៅក្នុងបញ្ជីរបស់ FATF ដោយហេតុថា ប្រសិនបើកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់ វាអាចនឹងប៉ះពាល់ដល់លំហូរនៃការផ្ទេរប្រាក់ចូលនិងចេញពីប្រទេសកម្ពុជា៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Anti-Money Laundering Policies Reviewed Ahead of Next Month’s Deadline

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ