តំណាងអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសួរជជីកសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក គង់ ម៉ាស់ ពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សនេះ ជុំវិញដំណើរវិលត្រលប់របស់លោកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការលើសំណុំរឿងថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចំនួន៣៩នាក់ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការកៀរគរ និងគាំទ្រដំណើរវិលត្រលប់មកកម្ពុជាជាលើកទី២របស់លោកស្រី មូរ សុខហួរ។
ក្នុងចំណោមជនជាប់ចោទទាំង៣៩នាក់ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារព្រៃស ក្នុងនោះមានលោក គង់ ម៉ាស់, លោក ខាត់ ប៊ុនផេង និងលោក វឿង សំណាង ខណៈថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងភាគច្រើនដែលរងការចោទ កំពុងស្ថិតនៅក្រៅប្រទេស។
សវនាការនៅព្រឹកនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានសួរទៅលោក គង់ ម៉ាស់ ជុំវិញដំណើរវិលត្រលប់មកកម្ពុជារបស់លោកស្រី មូរ សុខហួរ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ដូចជា លោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ជាដើម។
លោកថា៖ «តើលោកមានដឹងពីផែនការឈ្មោះ មូរ សុខហួរ ប្រកាសចូលកម្ពុជាទេ? តើដឹងតាមណាដែរ? តើលោកមានស៊ែរសារឈ្មោះ សម រង្ស៊ី បង្ហោះលើហ្វេសប៊ុក ដោយអូសទាញឱ្យប្រជាពលរដ្ឋទទួលឈ្មោះ មូរ សុខហួរ ទេ? តើលោកទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេសទេ?»
តំណាងអយ្យការរូបនេះក៏បានអានរបាយការណ៍នគរបាលយុត្តិធម៌ដែលបានដកស្រង់សម្ដីលោក គង់ ម៉ាស់ ចេញពីខ្សែអាត់សំឡេង អំឡុងពេលដែលលោកសន្ទនាតាមទូរសព្ទជាមួយមនុស្ស២នាក់។ លោកបញ្ជាក់ថា លោក គង់ ម៉ាស់ បានឱ្យអ្នកទាំង២នាក់នោះប្រមូលកម្លាំង ដើម្បីឡើងមករាជធានីភ្នំពេញ ហើយការចំណាយគឺមេខាងលើជាអ្នកចេញ។
លោកថា៖ «លោកហៅមេៗ តើមេណា? តើមេៗហ្នឹងសំដៅលើ សម រង្ស៊ី មែនទេ? អ្វីខ្ញុំនិយាយនេះជាសម្រង់សម្ដីក្នុងខ្សែអាត់សំឡេងលោកសន្ទនាជាមួយឈ្មោះ វុធ និង ចន្ទ ហើយឈ្មោះ អ៊ី សៀត។ តើគ្នាយើងទៅប៉ុន្មាននាក់ដែរ? មេចេញសោហ៊ុយរាល់ការចំណាយទាំងអស់។ ខ្ញុំបានរៀបចំគ្នាយើងឡើងមកភ្នំពេញ នៅថ្ងៃទី២៩ និង៣០ ខែធ្នូ ឆ្នាំ២០២០ ទទួលប្រធានស្ដីទី [លោកស្រី មូរ សុខហួរ]។ មេយើងមកក្រោយ»។
ក្រៅពីការអានសម្រង់សម្ដីដកចេញពីខ្សែអាត់សំឡេងនោះ តំណាងអយ្យការ លោក សេង ហៀង ក៏បានសួរពីមូលហេតុនិងគោលបំណងដែលលោក គង់ ម៉ាស់ ទៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
លោកថា៖ «តើចុងឆ្នាំ២០២០ លោកមានមកមុខសាលាដំបូងរាជធានីភ្នំពេញទេ? តើលោកមកធ្វើអី? តើនៅមុខតុលាការមានមនុស្សច្រើនទេ? តើមកប៉ុន្មាននាក់ដែរ?»
ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ទឹកមុខមាំ លោក គង់ ម៉ាស់ រៀបរាប់ថា រូបលោកបានដឹងពីដំណើរវិលត្រលប់របស់លោកស្រី មូរ សុខហួរ តាមរយៈបណ្ដាញសង្គម និងស្ដាប់ព័ត៌មាន ខណៈការរៀបចំផែនការផ្សេងៗទៀតក្នុងដំណើរវិលត្រលប់មកកម្ពុជារបស់ថ្នាក់ដឹកនាំនៅក្រៅប្រទេសនោះ រូបលោកមិនបានដឹងឡើយ។
លោកក៏បានបដិសេធចំពោះសម្រង់សម្ដីខ្សែអាត់សំឡេងដែលតំណាងអយ្យការយកមកចោទសួរ និងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ ជាដើម។ លោក គង់ ម៉ាស់ ក៏បានបដិសេធចំពោះការចោទប្រកាន់ថា លោកជាអ្នកកៀរគរប្រជាពលរដ្ឋឱ្យឡើងមកជួបជុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ផងដែរ។
លោក គង់ ម៉ាស់ បញ្ជាក់ថា រូបលោកទៅមុខសាលាដំបូងរាជធានីភ្នំពេញតែម្នាក់ឯងទេ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់លោកស្រី មូរ សុខហួរ ហើយក៏ចង់ដឹងនិងចង់ឮពីដំណើរការសវនាការនាថ្ងៃនោះ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដោយមិនមានចេតនាបង្កឱ្យប្រទេសជាតិបែកបាក់ឡើយ។
ក្រោយតំណាងអយ្យការបញ្ចប់ការសួរដេញដោលនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា ក៏បានសួរទៅលោក គង់ ម៉ាស់ ថាក្នុងរយៈពេល៤ខែដែលចេញពីពន្ធនាគារនោះ តើលោកបានជួបថ្នាក់ដឹកនាំណាខ្លះ? ហើយបានជជែកជាមួយមិត្តភក្ដិណាខ្លះដែរ?
ឆ្លើយតបនឹងសំណួរចៅក្រម លោក គង់ ម៉ាស់ បញ្ជាក់ថា ពេលចេញពន្ធនាគារ រូបលោកបានជួបមិត្តភក្ដិជាអតីតសកម្មជន ដោយអ្នកទាំងនោះបានហៅលោកទៅជួបហូបនំជុំគ្នា និងជជែកគ្នាលេង ជាដើម ប៉ុន្តែការជួបជុំនេះក្រោមការតាមឃ្លាំមើលពីអាជ្ញាធរ។
ចំពោះការធ្វើសកម្មភាពរបស់ថ្នាក់ដឹកនាំនៅក្រៅប្រទេសវិញ លោកថា លោកមិនបានដឹង ហើយក៏គ្មានទំនាក់ទំនងអ្វីជាមួយដែរ ព្រោះក្រោយពីចេញពីពន្ធនាគារ រូបលោកឈប់ធ្វើសកម្មភាពនយោបាយ ដោយយកពេលវេលាជួបជុំគ្រួសារវិញ។
លោកបង្ហាញការសោកស្ដាយ និងចាត់ទុកការចោទប្រកាន់របស់តុលាការថាជារឿងធ្ងន់ធ្ងរ ដោយសារលោកមិនបានធ្វើអ្វីខុស។ លោកថា លោកគ្រាន់តែទៅឈរឃ្លាំមើលនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ហើយសិទ្ធិមានធានាដោយរដ្ឋធម្មនុញ្ញ បែរជារងការចោទពីបទ «រួមគំនិតក្បត់»។
លោកបញ្ជាក់ថា ប្រសិនបើដឹងថាគ្រាន់តែទៅឈរឃ្លាំមើលនៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយមានទោសបែបនេះ រូបលោកក៏មិនទៅដែរ។
លោកថា៖ «បើសិនជាមានភស្តុតាងខ្ញុំបង្កផលប៉ះពាល់ដល់ទឹកដី សូមបង្ហាញមក។ តើខ្ញុំមានសមត្ថភាពឯណាទៅធ្វើអ៊ីចឹង? ខ្ញុំសោកស្ដាយដែលរដ្ឋាភិបាលមើលមកខ្ញុំអាក្រក់និងខ្មៅបែបនេះ។ បើមានច្បាប់ហាមឃាត់ ក៏ខ្ញុំមិនមកដែរ។ បើមក ហើយគេកាត់ទោសខ្ញុំ “ក្បត់ជាតិ” វាធ្ងន់ធ្ងរណាស់»។
តែយ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា បានពន្យល់ទៅលោក គង់ ម៉ាស់ វិញថា សកម្មភាពនៃការទៅប្រមូលផ្តុំនៅមុខសាលាដំបូងនាពេលនោះ ជាការបង្កើតដោយមេ [ថ្នាក់ដឹកនាំគណបក្សប្រឆាំង] របស់លោក ហើយថាលោកមិនសមគំនិតទៅវិញ។
ប៉ុន្តែការលើកឡើងរបស់ចៅក្រមត្រូវបានលោក គង់ ម៉ាស់ ចោទសួរទៅចៅក្រមវិញថា៖ «គ្រាន់តែមកមុខសាលាដំបូង ហើយស្គាល់អ្នកនេះ អ្នកនោះ ខុសដែរមែនទេ? អ៊ីចឹងឱ្យតែស្គាល់សុទ្ធតែមានកំហុសឬ? ចុះបើស្គាល់លោក ហ៊ុន សែន តើខ្ញុំខុសដែរមែនទេ?»
ក្នុងសវនាការពេញមួយព្រឹកនាថ្ងៃព្រហស្បតិ៍នេះ ចៅក្រមជំនុំជម្រះបានសួរដេញដោលតែលោក គង់ ម៉ាស់ ទេ នៅសល់សកម្មជនបក្សប្រឆាំង២រូបទៀត។ តែយ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចថា នឹងបន្តការសួរដេញដោលបន្ថែមទៀត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
សូមបញ្ជាក់ថា លោក គង់ ម៉ាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន៣ដងហើយ រាប់ទាំងការជាប់ពន្ធនាគារនាពេលនេះ ក្នុងនោះលោកធ្លាប់ជាប់ពន្ធនាគារចំនួន១៥ថ្ងៃ ពាក់ព័ន្ធនឹងបទ «បរិហារកេរ្តិ៍មន្ត្រីរដ្ឋាភិបាល» និងជាប់ពន្ធនាគាររយៈ ១៨ខែ ពីបទ «ញុះញង់» ក្រោយពីលោកបានបញ្ចេញមតិលើបណ្តាញសង្គមរិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់ ពាក់ព័ន្ធបញ្ហាអយុត្តិធម៌សង្គម៕