សព​ជនជាតិចិន​មួយរូប​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​បឹងកំប្លោក​តាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ

តំបន់បឹងទំពុន ក្រុងភ្នំពេញ។ (រូបភាព៖ គុណ ចិន្ដា)

ពលរដ្ឋដាំត្រកួននៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)​ បានប្រទះ​ឃើញ​សាក​សព​មនុស្សម្នាក់​នៅ​​​ក្នុង​​បឹង​កំប្លោក ​ខណៈ​សមត្ថកិច្ច​សន្និដ្ឋាន​​ថា សាក​សព​នេះ​គឺត្រូវបានគេ​យក​មក​ពី​ម្ដុំទួល​ទំពូង ​ដើម្បីយកមកផ្លុងចោលនៅទីនោះ។

នាយ​នគរ​បាល​ប៉ុស្តិ៍​ចាក់​អង្រែក្រោម ខណ្ឌ​​មានជ័យ លោក ស៊ូ សារុំ បាន​ឱ្យ​ដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២​ ថាសព​នេះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថាជា​ជនជាតិ​ចិន ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នកដាំត្រកួន កាលពីថ្ងៃទី១២ ខែ​កញ្ញា។ ហើយតាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញថា សាកសពនេះទំនងជាត្រូវបាននាំយកពីសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដើម្បីយកមកផ្លុងចោលនៅទីតាំងនោះ។

លោកបន្តប្រាប់វីអូឌីយ៉ាងខ្លីថា​៖ «​ជនជាតិ​ចិន​បានយក​សព​មក​ចោល​នៅ​ទី​នេះ»។

ទាក់ទិននឹងករណីនេះ នាយ​ប៉ុស្តិ៍នគរបាល​ទួល​ទំពូង​២ លោក អ៊ុក សាវឿន ក៏បាន​បញ្ជាក់​ថា ​សាក​សព​ជនជាតិចិននោះអាចនឹង​ត្រូវ​បាន​នាំ​ចេញពី​តំបន់ក្នុង​​ដែន​សមត្ថកិច្ច​របស់​លោក។

ទោះជាយ៉ាងណា នាយ​ប៉ុស្តិ៍នគរបាល​រូបនេះពុំបានផ្តល់​ព័ត៌មានលម្អិត​បន្ថែមទៀតឡើយ។

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន លោក ភួង សុភ័ក្រ្ត បានលើកឡើងថា សមត្ថកិច្ចកាលពីពេល​កន្លងទៅ ក៏​បាន​​ស្រាវជ្រាវ​ករណីយក​សាកសព​ចេញពីតំបន់​ទួល​ទំពូងនេះផងដែរ។

លោក​​ថា៖ «យើង​បានធ្វើការស្រាវជ្រាវ​ស្វែង​រក​សាក​សពនេះអស់រយៈពេលប៉ុន្មានថ្ងៃដែរ ​ដែលយើងទើបតែរកឃើញនៅពេលនេះ»។

យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុក «ព័ត៌មានទាន់ហេតុការណ៍» បានរាយការណ៍ថា សាកសពជនជាតិចិន​នេះ ដំបូងឡើយ ត្រូវបានគេប្រទះឃើញធ្លាក់ពីលើអាគារខុនដូជាន់ទី៣មួយកន្លែង នៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវលេខ១៦៧ ដោយបន្ទាប់មក គេក៏ប្រទះឃើញជនជាតិចិនដូចគ្នាដឹកតាមរថយន្ដចេញទៅបាត់ ដោយគេគិតថាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា សន្តិសុខ​យាមនៅ​អគារនោះបានឱ្យដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ថា​ ខ្លួន​​មិន​បាន​ដឹង​អំពី​ហេតុការណ៍នេះ​ឡើយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Dead Body Dumped in Phnom Penh’s Boeng Tompun Lake

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ