កូដករ​​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ដោយ​យក​កន្ទេល​មុង​និង​តង់​ទៅ​បោះ​សម្រាក​មុខ​ក្រុម​ហ៊ុន​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ

កន្ទេលនិងតង់ដែលក្រុមកូដករណាហ្គាវើលដ៍យកមកតាមខ្លួន បំណងដេកនៅពីមុខក្រុមហ៊ុនបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករ​ណាហ្គាវើលដ៍ជាច្រើននាក់ បន្តធ្វើកូដកម្មដោយយកកន្ទេលមុងនិងតង់ទៅបោះនៅមុខក្រុមហ៊ុន ដើម្បីសម្រាកនៅទីនោះទាមទារដំណោះស្រាយការងារ ក្រោមការឃ្លាំមើលពីកងកម្លាំងនិងសន្តិសុខរក្សាសណ្ដាប់ធ្នាប់ក្រុងភ្នំពេញជាច្រើនាក់ផងដែរ។ ​

សមាជិកសហជីពម្នាក់ដែលត្រូវក្រុមហ៊ុនណាហ្គាបញ្ឈប់ពីការងារ ​កញ្ញា វ៉ាន់ រីណា ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា  ពួកគាត់ប្រមាណ ១០០នាក់ នៅបន្តនាំគ្នាធ្វើកូដកម្មខាងមុខក្រុមហ៊ុនណាហ្គា ដោយ​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ ព្រមទាំងមានយកកន្ទេលតង់មកជាមួយផងដែរ។

កញ្ញាបញ្ជាក់ថា នៅរសៀលនាថ្ងៃដដែលនេះ មិនទាន់មានការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខការពារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទេ ដោយក្រុមសន្តិសុខទាំងស្លៀកស៊ីវិល និងឯកសណ្ឋានបាននាំគ្នាតាមឃ្លាំមើលពួកគាត់ បើទោះជាពួកគាត់មិនមានវិវាទជាមួយក៏ដោយ។

កញ្ញាបន្តថា ៖«បោះតង់គម្រោងគេងតែមិនដឹងថា ពួកគេយើងបានគេងឬអត់ទេព្រោះយប់មិញពេលដែលយើងបោះតង់ថាគេងនោះ យើងត្រូវបានក្រុមខាងខណ្ឌចម្ការមន និងខាងសណ្ដាប់ធ្នាប់អីហ្នឹង គាត់ឱ្យយើងរំសាយនៅចន្លោះម៉ោង ៦ កន្លះ ពួកខ្ញុំក៏រំសាយដែរ។ សមត្ថកិច្ចមិនមានជំហរការពារពលរដ្ឋទេ គាត់ការពារថៅកែដែលមានលុយទៅវិញ»។

កញ្ញា វ៉ាន់ រីណា ចាត់ទុកការរារាំងនិងចេញការពារក្រុមហ៊ុនដែលរំលោភច្បាប់ ហើយមកធ្វើទុក្ខបុកម្នេញលើពួកគាត់ ដែលគ្រាន់តែទាមទារដំណោះស្រាយ និងឱ្យថៅកែគោរពច្បាប់ថា ជារឿងអយុត្តិធម៌។

កញ្ញាថា៖«ពួកយើងរងភាពអយុត្តិធម៌ពីថៅកែហើយ យើងក៏រងភាពអយុត្តិធម៌ពីគ្រប់ស្ថាប័នពាក់ព័ន្ធសូម្បីតែសមត្ថកិច្ចដែលមានតួនាទីការពារសន្តិសុខជូនប្រជាពលរដ្ឋបែរជាគាត់ថាយើងធ្វើនឹងខុសច្បាប់។ ខ្ញុំមិនដឹងថា  គាត់យកច្បាប់អីមកនិយាយទេ នៅពេលដែលគាត់មានតួនាទីជាអ្នកអនុវត្តហើយមកចោទពលរដ្ឋខ្លួនឯង មិនការពារហើយ គំរាមទៀត»។

ការពីម្សិលមិញ សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ និងមួយចំនួនទៀតរងរបួស ក្រោយប៉ះទង្គិចជាមួយកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខក្រុមហ៊ុន ខណៈកូដករមួយរូបត្រូវក្រុមអាជ្ញាធរដេញស្ទាក់រារាំងមិនឱ្យចូលទៅកន្លែងតវ៉ា។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។

យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជិត៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ