ជនជាតិ​វៀតណាម​៦០នាក់​រត់គេច​ពី​កាស៊ីណូ​នៅ​ក្រុងបាវិត

រនាំងដែកដាក់បាំងនៅពីមុខច្រកចូលកាស៊ីណា ម៉ុកបាយ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

ជនជាតិវៀតណាមជាង៦០នាក់បានព្យាយាមរត់គេចពីកាស៊ីណូក្នុងក្រុងបាវិត កាលពីថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ពីការចាប់ខ្លួន និងការឆ្មក់ចូលបន្ថែមទៀត ដែលទាក់ទងនឹងកាងារដោយបង្ខំ និងប្រតិបត្តិការឆបោកនៅក្នុងប្រទេសកម្ពុជា។

អធិការនគរបាលក្រុងបាវិត លោក ឯម សុវណ្ណារិទ្ធ បានប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ជនជាតិវៀតណាមជាង៦០នាក់បានរត់ចេញពីកាស៊ីណូ ម៉ុកបាយ នៅក្រុងបាវិត កាលពីរសៀលថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះមានស្ត្រីប្រមាណ១០នាក់។

លោក សុវណ្ណារិទ្ធ បាននិយាយថា រហូតមកដល់ពេលនេះ មនុស្សប្រហែល៤០នាក់ត្រូវបាននគរបាលកម្ពុជាសាកសួរ។ តាមការសាកសួរ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឱ្យពួកគេ ហើយអ្នកខ្លះព្រួយបារម្ភបន្ទាប់ពីបានឮអំពីការបង្ក្រាបរបស់រដ្ឋាភិបាលលើការងារខុសច្បាប់នៅកាស៊ីណូ។

លោកបន្ថែមថា៖ «មានមនុស្សពីរបីនាក់ក្នុងចំណោមពួកគេបានចែកចាយព័ត៌មានមួយចំនួននៅក្នុងការជជែកតាមបណ្ដាញតេឡេក្រាមថាក្រុមហ៊ុនក្ស័យធន ដូច្នេះពួកគេចាប់ផ្ដើមភ័យស្លន់ស្លោ ហើយចាប់ផ្តើមចាកចេញ ហើយអ្នកផ្សេងទៀតធ្វើតាម»។

លោកបន្ថែមថា បុគ្គលិកទទួលបានប្រាក់ខែចុងក្រោយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

លោក សុវណ្ណារិទ្ធ បាន​ថ្លែង​ថា បុគ្គលិកទាំង​នោះ​មិន​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ឬ​ត្រូវបានបង្ខាំងឡើយ។

វីដេអូអំពីការរត់គេចខ្លួនកាលពីថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម VnExpress បង្ហាញពីមនុស្សមួយក្រុមដែលកំពុងរត់កាត់អគារពណ៌ទឹកក្រូចមួយ ដោយមានមនុស្សម្នាក់ត្រូវបានសន្តិសុខចាប់និងវាយ។

ម្នាក់ក្នុងចំណោមអ្នករត់គេចខ្លួន បានប្រាប់ VnExpress ថាគាត់ត្រូវបានគេឆបោកឱ្យមកធ្វើការនៅក្នុងកាស៊ីណូនៅកម្ពុជាកាលពីបីខែមុន ហើយគាត់មិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅឡើយ។

ម្នាក់​ទៀត​និយាយ​ថា​ ពួក​គេ​មាន​គម្រោង​រត់​គេច​ខ្លួន​ ព្រោះ​ពួក​គេ​បាន​ឮថា​នគរបាល​នឹង​មកពិនិត្យ​កាស៊ីណូ ហើយ​ពួកគេខ្លាចថា​នឹងត្រូវបានគេលក់។

លោក សុវណ្ណារិទ្ធ បាន​និយាយ​ថា បុគ្គលិក​ហាក់​ដូច​ជា​រត់​ដោយសារតែមាន​ភ្លៀង​​នៅ​ខាង​ក្រៅ​អគារ។ លោកបាននិយាយថា បុគ្គលិកផ្សេងទៀតនៅតែបន្តធ្វើការ ដោយមិនបានត្អូញត្អែរឡើយ។

បុគ្គលិកខ្លះដែលបានធ្វើការឱ្យក្រុមហ៊ុនចន្លោះពី៨ទៅ១៨ខែ ត្រូវបានឃាត់ខ្លួននៅច្រកព្រំដែន ហើយមន្ត្រីច្រកព្រំដែនរង់ចាំការណែនាំពីថ្នាក់លើ។

កាស៊ីណូបាវិត-ម៉ុកបាយ មាននាយក៥នាក់ មានដើមកំណើតមីយ៉ាន់ម៉ា។ ពួកគេ​ទទួលបាន​សញ្ជាតិ​ខ្មែរ​។ អាសយដ្ឋានអ៊ីម៉ែល និងលេខទូរសព្ទរបស់ក្រុមហ៊ុនត្រូវគ្នានឹងគណនីហ្វេសប៊ុកឈ្មោះ Wei Maly ដែលបានបង្ហោះរូបថតជាច្រើនសន្លឹកថតជាមួយនាយឧត្តមសេនីយ៍ គន់ គីម ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និងក្មួយប្រុសលោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន តូ ផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលរបស់កាស៊ីណូនេះ គឺលោក អ៊ូ វ៉ាង យួង (U Wang Young) បានបរិច្ចាគប្រាក់រាប់ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមអត្ថបទព័ត៌មានរបស់រដ្ឋាភិបាល។

អ្នករាយការណ៍ព័ត៌មានរបស់ វីអូឌី បានព្យាយាមទូរសព្ទទៅលេខទូរសព្ទរបស់កាស៊ីណូបាវិត-ម៉ុកបាយ ដែលមាននៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម ប៉ុន្តែស្ត្រីដែលលើកទូរសពុ្ទបាននិយាយថា នាងបានឈប់ធ្វើការនៅកាស៊ីណូកាលពីបីបួនឆ្នាំមុន និងលែងមានទំនាក់ទំនងជាមួយកាស៊ីណូទៀតហើយ។

នគរបាល​ឃុំ​បានប្រាប់ វីអូឌី កាលពី​ខែកក្កដា ​ថាបុរស​ជនជាតិ​ចិន​ម្នាក់​បាន​សម្លាប់​អ្នកស្នាក់នៅក្នុង​កាស៊ីណូម៉ុកបាយ​ ដោយសារជំពាក់បំណុលខ្លួនជាង៣ ០០០ដុល្លារ។

មន្រ្តីស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ឈ្មោះ វូ ង៉ុកលី (Vu Ngoc Ly) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន VnExpress ថា នាយកដ្ឋានរបស់ខ្លួនបានធ្វើការជាមួយអាជ្ញាធរខេត្ត ក្នុងការជួយសង្រ្គោះមនុស្សប្រមាណ៦០០នាក់ចាប់តាំងពីដើមឆ្នាំមក។ គ្រួសារជនជាតិវៀតណាមជាច្រើន និយាយថា ពួកគេរងសម្ពាធពីថៅកែក្រុមហ៊ុនឆបោកឱ្យបង់ប្រាក់ ដើម្បីធានាថាកូនរបស់ពួកគេមិនត្រូវបានធ្វើទារុណកម្ម ដោយពេលខ្ លះពួកគេត្រូវខ្ចីប្រាក់គេយកមកបង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន VnExpress។

ការចុះបង្រ្កាប និងជួយសង្គ្រោះនានានៅក្នុងតំបន់

យោងតាមទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់ Central News Agency (CNA) បានឱ្យដឹងថា ប៉ូលិសតៃវ៉ាន់បានចាប់ខ្លួនមេដឹកនាំ៥នាក់ដែលជាប់ចោទពីបទឆបោកនៅកម្ពុជា ដែលក្នុងនោះមានម្នាក់ជាមេខ្លោងដែលត្រលប់មកពីប្រទេសកម្ពុជាវិញ។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានករណីឃាតកម្មមួយបានកើតឡើងនៅក្នុងទីក្រុងភ្នំពេញកាលពីខែមុន។

ទាក់ទិននឹងករណីនេះ ប៉ូលិសទីក្រុង Tainan បានលើកឡើងថា បុរស២នាក់ និងស្ត្រី៣នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Taoyuan ភាគខាងលិចនៃកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួគេជាប់ពាក់ព័ន្ធក្នុងការជ្រើសរើសពលករតៃវ៉ាន់មកកម្ពុជា និងឆបោកប្រជាជនដែលចេះភាសាចិននៅអឺរ៉ុប។

ទីភ្នាក់ងារសារព័ត៌មាន CNA ដដែលបន្ថែមថា មេខ្លោងដែលត្រូវបានគេស្គាល់ថាជាបុរសអាយុ៣២ឆ្នាំមួយរូប និងស្ត្រីម្នាក់អាយុ២០ឆ្នាំ ដែលទទួលបន្ទុកជ្រើសរើសនិងបញ្ជូនកម្មករ គឺធ្លាប់បានមករស់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា ខណៈក្រុមការងារចំនួន៣នាក់ផ្សេងទៀតនៅតៃវ៉ាន់ គឺមានភារកិច្ចគ្រប់គ្រងលិខិតឆ្លងដែន និងបញ្ជូនអ្នកដែលត្រូវបានជ្រើសរើសថ្មីមកកាន់កម្ពុជា។

ទោះជាយ៉ាងណា អ្នកទាំងពីរខាងលើនេះបានចាកចេញពីកម្ពុជា ហើយត្រលប់ទៅកាន់តៃវ៉ាន់វិញ បន្ទាប់ពីមានករណីជនជាតិតៃវ៉ាន់ ៣នាក់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងករណីឃាតកម្មមួយកាលពីខែមុន នៅក្នុងខុនដូមួយកន្លែង ក្នុងសង្កាត់បឹងកេងកងទី១។

ងាកមកកាន់ខេត្តស្រះកែវ ប្រទេសថៃវិញ សមត្ថកិច្ច កាលពីថ្ងៃសុក្រកន្លងទៅ ក៏បានចាប់ខ្លួនស្ត្រីអាយុ១៩ឆ្នាំម្នាក់ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការឆបោកតាមទូរសព្ទផងដែរ ខណៈស្រ្តីរូបនេះ​បាន​ព្យាយាមរត់​គេច​ពី​ដីកា​ ដោយ​ឆ្លង​ចូលមក​ខេត្ត​បន្ទាយមានជ័យ​ ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​សារព័ត៌មាន​ថៃ Naew Na។

គួរបញ្ជាក់ថា ករណីពលកម្មដោយបង្ខំ និងការជួញដូរ បានបន្តទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដែលក្នុងនោះ បណ្ដាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃសៅរ៍កន្លងទៅ បានរាយការណ៍ថា ពលរដ្ឋម៉ាឡេស៊ីត្រូវបានជួញដូរឆ្លងកាត់ព្រំដែនគោករវាងប្រទេសថៃ និងម៉ាឡេស៊ី។

ទាក់ទិននឹងករណីខាងលើនេះ​ កម្មករម្នាក់ដែលត្រូវបានសង្គ្រោះ បានអះអាងថា ខ្លួនធ្លាប់ត្រូវបានគេប្រើប្រាស់ដំបងឆក់ចំនួនបីដងក្នុងមួយសប្តាហ៍ នៅក្នុងទីតាំងប្រតិបត្តិការឆបោកមួយនៅកម្ពុជា។

បណ្ដាញ​ព័ត៌មាន ABC News របស់​ប្រទេស​អូស្រ្តាលី ​ក៏បានចេញផ្សាយអត្ថបទទាក់ទងនឹងជនរងគ្រោះពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងតៃវ៉ាន់ ដែលត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រទេសកម្ពុជា ក៏ដូចជាករណីពលរដ្ឋអូស្ត្រាលីដែលត្រូវបានឆបោកនៅលើបណ្ដាញសង្គម WhatsApp ផងដែរ។

ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ បានប្រកាសថា ពលករម៉ាឡេស៊ីចំនួន១១នាក់ផ្សេងទៀតត្រូវបានបញ្ជូនត្រលប់ចេញពីការងារអនឡាញនៅកម្ពុជា ដែលនេះគឺជាការជួយសង្គ្រោះពលរដ្ឋចំនួន១២៣នាក់ ក្នុងចំណោម១៥៣នាក់ ដែលត្រូវបានរាយការណ៍ថាជាប់ក្នុងទីតាំងការងារនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកនយោបាយមួយរូបនៅរដ្ឋ Sabah ភាគ​ខាងកើត​ប្រទេស​ម៉ាឡេស៊ី ក៏ធ្លាប់បានព្រមានថា ពលរដ្ឋនៅកោះ Borneo របស់ប្រទេសម៉ាឡេស៊ី ក៏ធ្លាប់ត្រូវបានជួញដូរនៅបរទេស ដើម្បីបង្ខំឱ្យធ្វើការងារទាក់ទងនឹងការឆបោកផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ 60 Vietnamese Escape Bavet-Moc Bai Casino

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ