ពលរដ្ឋ​ជិត​១៦០គ្រួសារ​និង​ដំណាំ​ជាង​២ពាន់ហិកតា​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងបន្តចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

យ៉ាងហោចណាស់ ពលរដ្ឋ​ជាង១០​គ្រួសារ​ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងពលរដ្ឋជាង១៥០គ្រួសារទៀ​ត​ ព្រមទាំងដំណាំស្រូវមួយចំនួន បាន​រងផលប៉ះពាល់​​​ដោយ​សារ​ជំនន់​ទឹក​ភ្លៀងនៅឃុំចំនួន​៤ ក្នុងស្រុក​មង្គល​​បូរី ខេត្តបន្ទាយ​មានជ័យ។

អ្នកនាំ​ពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះថា បើតាមព័ត៌មាន​បឋម ឃុំចំនួន៤​ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ក្នុងខេត្តបន្ទាយមានជ័យនោះ រួម​មាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ និងឃុំបត់ត្រង់។ លោកបន្តថា គិតត្រឹម​ថ្ងៃ​ម្សិល​មិញ​ ក្រុមការងារជំនាញដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន បាន​ចុះដល់កន្លែងកើតហេតុ និង​បាន​ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ​ចំនួន១៣គ្រួសារ ក្នុងចំណោម១៥៧គ្រួសារ ទៅកាន់​ទីទួលសុវត្ថិភាព ខណៈដំណាំស្រូ​វ​បាន​រងប៉ះពាល់ជាង២ ៥៦៣ហិក​តា ។

មន្ត្រីជាន់ខ្ពស់រូបនោះបញ្ជាក់​ថា គិតត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋចំនួន១៣គ្រួសារនោះបានត្រលប់ទៅស្នាក់នៅផ្ទះរ​បស់​ខ្លួនវិញហើយ ដោយសារទឹកជំនន់មិនទាន់ហក់​ឡើងដល់ចំណុចប្រកាសអាសន្ននៅឡើយ។

ទោះជាបែបនេះ​ក្តី លោក សុទ្ធ គឹមកុលមុនី អំពាវនាវទៅប្រជាពលរដ្ឋ ក្រុមគ្រូ​ពេទ្យ និង​កងកម្លាំងចម្រុះនៅតាមមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព ដំណាំស្រូវ ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសក្មេងៗនៅតំបន់នោះផងដែរ។

អ្នកនាំពាក្យ និងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី សុំមិនធ្វើការបកស្រាយជុំវិញបញ្ហានេះ ដោយលោកជាប់រវល់ប្រជុំ។ ចំណែក អភិបាលស្រុកមណ្ឌលបូរី លោក រ័ត្ន ដា​ស៊ី​ណង់ មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃនេះ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ អភិបាលស្រុក​មង្គល​បូរី​ លោក រ័ត្ន ដា​ស៊ី​ណង់ ធ្លាប់បានប្រាប់កាសែតក្នុងស្រុកថា ​នៅ​ស្រុក​មង្គល​បូរី ​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹកជំនន់​មាន​ចំនួន​១៩​ភូមិ​ ប៉ះពាល់ពលរដ្ឋ​ចំនួន​១៥៧​គ្រួសារ​ និង​មាន​ពលរដ្ឋម្នាក់​បាន​ស្លាប់​ដោយសារ​​ការលង់ទឹក​ ខណៈពលរដ្ឋ១៣គ្រួសារទៀតត្រូវ​បាន​ជម្លៀស​​រក​ទីទួល​សុវត្ថិភាព​។

លោកបញ្ជាក់ថា ចំពោះ​ស្ថានភាព​ទឹក​នៅ​ស្រុក​មង្គល​បូរី​វិញ​ នៅតែ​បន្ត​ហក់​ឡើង​ខ្លាំង​ដោយ​ទឹកជំនន់​ធ្លាក់​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ហូរ​ផ្នែក​ខាងក្រោម ​ប៉ះពាល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​ មាន​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់ ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ ខណៈពលរដ្ឋរងគ្រោះត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាពថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ