កូដករ​ណាហ្គា​បន្ត​បោះតង់​និង​ធ្វើម្ហូប​នៅ​មុខ​ច្រកចូល​ក្រុមហ៊ុន ទាមទារ​ថៅកែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ

កូដករ​ណាហ្គាវើលដ៍ បាន​នាំគ្នា​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុន​ ដោយ​ពួកគេ​​ថា ​នេះ​ជា​សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ក្រុមកូដករណាហ្គាវើលដ៍រាប់សិបនាក់ នៅថ្ងៃពុធនេះ បានបន្តប្រមូល​ផ្ដុំគ្នាជាថ្មី​ទៀត និង​បោះ​តង់ យក​ចានឆ្នាំង​ធ្វើ​ម្ហូប​ នៅមុ​ខ​ច្រក​ចូល​ក្រុមហ៊ុនកាស៊ីណូ​មួយនេះ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយ​វិវាទការ​ងារ​ជូន​ពួក​គេ​ឱ្យ​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ។

កូដករណាហ្គាវើលដ៍ កញ្ញា ចាន់ ស្រីរ័ត្ន មានប្រសាសន៍ថា ដើមចមដែ​លនាំឱ្យក្រុមកូដករប្រមូលផ្ដុំគ្នាជាថ្មីទៀតនេះ ដោយសារ​ជាង៩ខែមកហើយ ថៅកែក្រុមហ៊ុននៅតែគេចវេះ មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់វិវាទការងារជូនពួកគាត់នៅឡើយ។ ករណីនេះ កញ្ញា​ស្នើទៅក្រសួងពាក់ព័ន្ធជំរុញទៅថៅកែក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ចប់វិវាទជូនក្រុមកូដករ ហើយឈប់លាបពណ៌និងធ្វើទុក្ខ​បុកម្នេញលើក្រុមកូដករបន្តទៀត។

កញ្ញា​បញ្ជាក់​ថា៖ «៩ខែជាងហើយដែលពួកខ្ញុំរងនូវភាព​អយុត្តិធម៌ មានការប្រើហិង្សាពីអាជ្ញាធរ ហើយ​ក៏​មានប្រើ​អំពើ​ហិង្សាពីបុគ្គលិកគ្នាឯងដែរ។ ហើយ​ពួកខ្ញុំសុំស្នើអាជ្ញាធរមេត្តាឈប់ប្រើអំពើហិង្សា​លើ​ពួកខ្ញុំ​ជា​កូដករ​ណាហ្គាវើលដ៍ ព្រោះខ្ញុំមានវិវាទជាមួយថៅកែណាហ្គាវើលដ៍ ពួកខ្ញុំអត់មានវិវាទជាមួយស្ថាប័នណា ជាមួយអាជ្ញាធរណាទេ…អ៊ីចឹង​ឈប់បង្វែរសាច់រឿង ឈប់លាប់ពណ៌ពួកខ្ញុំពីរឿងអ្វីផ្សេងទៀតទៅ»។

កញ្ញា ពៅ រស្មី ដែល​ចូល​រួម​កូដកម្មនៅព្រឹកនេះដែរ បញ្ជាក់​ថា ក្រោយពីក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារជាង៩ខែកន្លងមកនេះ ធ្វើឱ្យគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ខណៈពួកគេចេញមកធ្វើកូដកម្មដោយអហិង្សា ត្រូវចំណាយថវិកាផ្ទាល់ខ្លួន។ កញ្ញាបន្តថា កន្លងមក ថៅកែក្រុមហ៊ុនព្យាយាមគេចវេះមិនទទួលខុសត្រូវក្នុងការដោះស្រាយបញ្ចប់វិវាទជាមួយ​កម្មករ។

កញ្ញា ពៅ រស្មី បន្ថែមថា៖ «ណាហ្គាវើលដ៍​ជាក្រុមហ៊ុនយក្សមួយ បើសិនជាថៅកែណាហ្គាវើលដ៍​មិនគោរពសិទ្ធិសេរីភាពការងារផង ចុះនិយោជកផ្សេងទៀតនឹងធ្វើគំរូតាមថៅកែណាហ្គាវើលដ៍ទាំងអស់។ អ៊ីចឹងបុគ្គលិកកម្មករខ្មែរយើង ច្បាស់ជាមិនមែនជាបុគ្គលិកកម្មករទៀតទេ វាប្រែទៅជាទាសករ។ ហើយយើងប្រឹងរើបម្រាស់ពីសម័យទាសករ​មក​ជា​បុគ្គលិក​កម្មករ អ៊ីចឹង​យើងក៏មានសិទ្ធិការងារ ហើយយើងក៏អត់មានទាមទារអ្វីពីថៅកែឱ្យលើសលស់ដែល​ខុសពីច្បាប់ដែរ ប៉ុន្តែយើងត្រូវការឱ្យថៅកែគោរពច្បាប់ គោរពសិទ្ធិរបស់កម្មករ»។

ក្រុមកូដករ​បាន​លើកឡើងប្រហាក់ប្រហែលគ្នាថា បើ​ថៅកែក្រុមហ៊ុន​នៅតែមិនព្រមចេញមកដោះស្រាយបញ្ចប់វិវាទ​ការងារជូនពួកគេឱ្យបាន​ឆាប់​ទេ នោះពួកគេនៅតែបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្ម ឬបោះតង់នៅមុខក្រុមហ៊ុន តវ៉ា​រហូតមានដំណោះស្រាយ ដោយមិនបារម្ភពីការគំរាមកំហែង បង្កហិង្សា ឬចាប់ខ្លួននោះទេ។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាង​ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក ហេង សួរ ​អ្នកនាំពាក្យក្រសួងការ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានទេ នៅរសៀលថ្ងៃនេះ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្ស​​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាស៍​ថា បើ​រដ្ឋាភិបាល​នៅតែមិនជំរុញទៅក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ឱ្យ​​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទ​ការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ទេ នឹងធ្វើឱ្យប៉ះដល់មុខមាត់រដ្ឋាភិបាល ខណៈសហគមន៍ជាតិនិង​អន្តរ​ជាតិបាន​តាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។

លោកមានប្រសាសន៍ថា៖ «ផលប៉ះពាល់ដំបូង គេសួរហើយការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការគោរពទៅ​តាមអនុសញ្ញាសិទ្ធិការងាររបស់អន្តរជាតិយ៉ាងម៉េច? យើងមានអនុវត្តតាមកាតព្វកិច្ចរបស់យើងបានត្រឹមត្រូវឬអត់? ទី២ ក៏គេ​មើល​ឃើញ​ថាជា​ការរំលោភលើសិទ្ធិរបស់ពួកគាត់​ជាកូ​ដ​ករ​ដែរ។ កាលណាមានបញ្ហាហ្នឹង ជាធម្មតាយើងឃើញហើយ មានអ្នករាយការណ៍​ពិសេស ជាដើម អង្គការជាតិ អង្គការអន្តរជាតិ បានលើកឡើងអំពី​បញ្ហា​ហ្នឹង អ៊ីចឹង​ផលប៉ះពាល់ វាជះដល់រដ្ឋាភិបាល​ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងរដ្ឋហ្នឹងហើយ»។

កាលពីថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២២នេះ គណបក្សភ្លើង​ទៀនបាន​លើក​ឡើង​​ថា ការតវ៉ាទាមទារ​រកយុត្តិធម៌របស់​បុគ្គលិក​​​ក្រុម​ហ៊ុន​​​​ណាហ្គាវើលដ៍ ​តាំងពី​ត្រូវ​​បាន​​បណ្ដេញ​ចេញ​ដោយ​ខុស​ច្បាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ​២០២១​មក នៅ​មិន​ទាន់ទទួលបាន​យុត្តិធម៌នៅឡើយ ហើយ​​ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​គេវាយដំ និង​ចាប់​ឃុំ​ឃាំង ដោយ​​ល្មើស​​នឹង​​សិទ្ធិ​ស្របតាមច្បាប់​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។

ករណី​នេះ គណបក្សក្រៅរដ្ឋាភិបាលមួយ​នេះបានទាមទារឱ្យ​រដ្ឋាភិបាល តាមរយៈក្រសួង​ការ​ងារ​​ ធ្វើ​ការ​ឱ្យ​បានត្រឹមត្រូវ ដោយជំរុញឱ្យ​ក្រុមហ៊ុនល្បែងមួយនេះ​គោរពច្បាប់ការងារ និង​បទ​ដ្ឋាន​គតិយុត្តនានា​ ដើម្បីឱ្យ​មាន​​​ដំណោះស្រាយ​បានឆាប់ និង​​ស្នើឱ្យ​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​បុគ្គលិកជាអ្នកតវ៉ាឱ្យ​បានត្រឹមត្រូវ ខណៈដែលពួកគេ​អនុវត្តសិទ្ធិតវ៉ាដោយ​សន្តិ​វិធី។

គណបក្សភ្លើងទៀន បាន​បន្ថែមថា៖ «ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​គួរតែពិនិត្យ​ក្នុងការដក​អាជ្ញាបណ្ណ​រកស៊ីផ្ដាច់មុខនៅរាជធានីភ្នំពេញ ក្នុងវិស័យបនល្បែងកាស៊ីណូរបស់ក្រុមហ៊ុន​ Naga World នេះចោល បើពិនិត្យឃើញថា អ្នកមានអំណាចនៅកាងពីក្រោយនោះ»។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបាន​បញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការ​ងារ ក្រោម​ហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គ​លិក​​ដែល​​ចេញ​​ធ្វើកូដកម្មជាង៩ខែ​មក​នេះ អះ​អាង​ថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេត​នារំលាយ​សហជីព​​ដែល​ការពារសិទ្ធិកម្មករ​​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ