ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានដាក់បញ្ចូលទឹកដីអ៊ុយក្រែនជាង ១៥ភាគរយ មកជាទឹកដីរបស់ខ្លួនជាផ្លូវការនៅថ្ងៃពុធនេះ ខណៈកងកម្លាំងរុស្ស៊ីបានប្រយុទ្ធដើម្បីបញ្ឈប់ការវាយលុករបស់កងទ័ពអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ។
នៅក្នុងការពង្រីកដ៏ធំបំផុតនៃទឹកដីរុស្ស៊ី ក្នុងរយៈពេលយ៉ាងហោចណាស់កន្លះសតវត្សរ៍ លោកពូទីន បានចុះហត្ថលេខាលើច្បាប់ទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ (Donetsk) [DPR] សាធារណរដ្ឋប្រជាមានិតលូហាន់ស៍ (Luhansk) [LNR] តំបន់ខឺសុន (Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ជាទឹកដីរបស់រុស្ស៊ី។
សភាជាន់ទាបរបស់រុស្ស៊ី បាននិយាយថា៖ «ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញសហព័ន្ធចំនួន៤ ស្តីពី ការដាក់បញ្ចូលសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ (Donetsk) [DPR] សាធារណរដ្ឋប្រជាមានិតលូហាន់ស៍ (Luhansk) [LNR] តំបន់ខឺសុន (Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ទៅក្នុងសហព័ន្ធរុស្ស៊ី»។
សភានេះបន្ថែមថា៖ «លោកក៏បានចុះហត្ថលេខាលើច្បាប់ពាក់ព័ន្ធ ស្តីពី ការផ្តល់សច្ចាប័នផងដែរ»។
រុស្ស៊ីបានប្រកាសភ្ជាប់តំបន់នេះ ជាទឹកដីរបស់ខ្លួនបន្ទាប់ពីធ្វើប្រជាមតិ។ រដ្ឋាភិបាលប្រទេសលោកខាងលិច និងទីក្រុងកៀវ (Kyiv) បាននិយាយថា ការធ្វើប្រជាមតិនេះបំពានច្បាប់អន្តរជាតិ និងមានការបង្ខិតបង្ខំ។
តំបន់ដែលត្រូវបានដាក់បញ្ចូលជាទឹកដីរុស្ស៊ី មិនស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីទាំងអស់នោះទេ។ ផ្ទៃដីសរុបនៃតំបន់ដែលត្រូវបានដាក់បញ្ចូលគឺប្រហែល ១៨ភាគរយ ប៉ុណ្ណោះ នៃទឹកដីអ៊ុយក្រែន ហើយនៅមិនទាន់កំណត់ព្រំដែនច្បាស់លាស់ឡើយ។
ផែនទីរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញ ហាក់ដូចជាបង្ហាញថា កងទ័ពរុស្ស៊ីកំពុងដកថយយ៉ាងឆាប់រហ័ស ពីតំបន់នានានៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ គួរបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិកាត់យកទឹកដីអ៊ុយក្រែន បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងតំបន់លូហាន់ស៍ (Luhansk), ខឺសុន (Kherson), ដូណេតស្ក៍ (Donetsk) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលមានផ្ទៃដីស្មើនឹង១៥%នៃទឹកដីអ៊ុយក្រែនទាំងមូល ខណៈអាជ្ញាធរដែលតែងតាំងដោយប្រទេសរុស្ស៊ីនៅក្នុងតំបន់ទាំង៤នេះ បានអះអាងថា សំឡេងភាគច្រើនបានបង្ហាញពីការពេញចិត្ត ក្នុងការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី៕