សំណង់នៅប្រទេសកម្ពុជាភាគច្រើនមិនបានយកចិត្តទុកដាក់ដល់តម្រូវការរបស់ជនពិការទេ ដូចជា គ្មានជណ្ដើរ ឬជម្រាលសម្រាប់រទេះរុញរបស់ជនពិការ គ្មានបន្ទប់ទឹកសម្រាប់ជនពិការ ឬខ្វះជណ្ដើរយន្ត ជាដើម។ ជនពិការមានឧបសគ្គទាំងនៅតាមផ្ទះ កន្លែងធ្វើការ សាលារៀន ឬទីផ្សារ ដែលមានលក្ខណៈគ្រោះថ្នាក់ចំពោះពួកគេ។
ចំណុចទាំងអស់នេះជាហេតុនាំឱ្យជនពិការត្រូវរំពឹងលើជំនួយពីអ្នកដទៃជារៀងរាល់ថ្ងៃ និងធ្វើឱ្យពួកគេចូលរួមក្នុងសង្គមមិនបានពេញលេញ។
ឧបសគ្គខាងលើឆ្លុះបញ្ចាំងពីភាពព្រងើយកន្តើយរបស់សង្គមកម្ពុជាចំពោះជនមានពិការភាព ដោយសារគេមិនបានគិតស៊ីជម្រៅនិងវែងឆ្ងាយ។
មានភស្តុតាងបង្ហាញថា ពាក់កណ្ដាលនៃមនុស្សទាំងអស់ក្នុងពិភពលោកនឹងត្រូវឆ្លងកាត់ពិការភាពរយៈពេលខ្លី យ៉ាងតិចរយៈពេលបីខែ គឺមុនពួកគេឈានដល់អាយុ៦៥ឆ្នាំ។ ភស្តុតាងដដែលបញ្ជាក់ថា ក្នុងចំណោមមនុស្ស៤នាក់ មានមនុស្សម្នាក់អាចកើតមានពិការភាពជាអចិន្ត្រៃយ៍។
ដូច្នេះ ការសាងសង់កន្លែងដែលមានភាពងាយស្រួលសម្រាប់ជនពិការមានភាពចាំបាច់។
ច្បាប់បច្ចុប្បន្ន
យោងតាមការស្ទង់សុខភាពប្រជាសាស្ត្រកម្ពុជានៅឆ្នាំ២០១៤ ប្រជាជនកម្ពុជា ១០% មានពិការភាពកម្រិតទាប ខណៈដែល ២,១% កំពុងតែទទួលរងនូវពិការភាពធ្ងន់ធ្ងរ។ កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ចំនួនប្រជាជនកម្ពុជាដែលមានពិការភាពធ្ងន់ធ្ងរ គឺខិតជិតដល់ចំនួន១លាននាក់។
ដោយសង្កេតឃើញថា ពិការភាពកំពុងប៉ះពាល់ដល់ប្រជាជនយ៉ាងធ្ងន់ធ្ងរ ក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំឱ្យមានបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ពន្ធសម្រាប់ជនមានពិការភាពនៅចុងឆ្នាំ២០១៨។
បច្ចុប្បន្ន បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ពន្ធសម្រាប់ជនមានពិការភាពឆ្នាំ២០១៨ បានចែងគោលការណ៍ណែនាំទូលំទូលាយអំពីប្រធានបទសំខាន់ៗមួយចំនួនដូចជា ទំហំច្រករបៀង ច្រកទ្វារ ជម្រាល និងបន្ទប់ទឹកជនពិការ ជាដើម។ ប៉ុន្តែនៅមានការខ្វះខាត ដូចជា ការផ្ដល់ជាឧទាហរណ៍រចនាអាគារជាក់ស្ដែង ដូចជា នៅតាមវត្តអារាម សួនច្បារ លំនៅឋាន អាគារពាណិជ្ជកម្ម ឬអាគារការិយាល័យ ជាដើម។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតគឺ ច្បាប់នេះមិនបានផ្ដោតទៅលើតម្រូវការរបស់ជនពិការចក្ខុវិញ្ញាណ និងសោតវិញ្ញាណនោះទេ។
លើសពីនេះ ឯកសារបទដ្ឋានបច្ចេកទេសមានលក្ខណៈវែង ច្រើនទំព័រ(១៩០ទំព័រ) ហើយបានបែងចែកជាច្រើនជំពូកទៀត និងមិនមានការសង្ខេបយកតែខ្លឹមសារសំខាន់ៗ ដែលបណ្ដាលឱ្យអ្នករចនា និងសាងសង់ មានភាពលំបាកនៅក្នុងការប្រើប្រាស់។ ម្យ៉ាងទៀត មានជំពូកមួយចំនួនទាក់ទងនឹងចំណុចបច្ចេកទេស ដែលស្ថាបត្យករនិងអ្នកសំណង់មួយចំនួនមិនត្រូវការប្រើប្រាស់ជាប្រចាំនោះទេ ដូចជា អាកាសយានដ្ឋាន កំពង់ផែ និងកន្លែងចំណតរថយន្តតាក់ស៊ី ជាដើម។
ចំណុចខ្វះខាតទាំងនេះ បូករួមទាំងការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសដែលមានលក្ខណៈមិនពេញលេញទូលំទូលាយ នាំឱ្យស្ថាបត្យករនិងអ្នកសាងសង់ ទទួលបានព័ត៌មានមិនច្បាស់លាស់ក្នុងការសាងសង់គម្រោងរបស់ពួកគេប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
យ៉ាងណាក្ដី បច្ចុប្បន្នយើងសង្កេតឃើញថា សំណង់អាគារមួយចំនួនមិនទាន់បានអនុវត្តពេញលេញនៅឡើយ។
ស្ថាបត្យករនៅក្រុងភ្នំពេញម្នាក់លើកឡើងថា «បញ្ហាចម្បង គឺពេលចាប់ផ្ដើមគម្រោងថ្មីមួយ អ្នកអភិវឌ្ឍនិងអ្នកសាងសង់ភាគច្រើនមិនបានគិតគូរដល់តម្រូវការរបស់អ្នកមានពិការភាពទេ»។
បទដ្ឋានបច្ចេកទេសថ្មី
យើងមិនអាចនាំយកស្ដង់ដារបរទេសគ្រប់ជំហានយកមកអនុវត្តសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកបានទេ។ ម្យ៉ាងទៀត ចំណុចបច្ចេកទេសខ្លះទាមទារការកែសម្រួលសម្រាប់ប្រើប្រាស់នៅក្នុងសំណង់បែបខ្មែរ និងក្នុងអាកាសធាតុត្រូពិច។
ផ្ទុយទៅវិញ អ្វីដែលយើងត្រូវការនោះ គឺឯកសារបទដ្ឋានដែលសិក្សាស្រាវជ្រាវ និងតាក់តែងឡើងដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា ដោយបូករួមចំណេះដឹងរបស់ស្ថាបត្យករ និងបទពិសោធផ្ទាល់របស់អង្គការជំនួយជនពិការ ហើយស្ដង់ដាររចនាថ្មីត្រូវរាប់បញ្ចូលនៅគ្រប់មជ្ឈដ្ឋាន ចាប់ពីពិការភាពដែលមិនអាចចល័តទីបាន អ្នកខ្សោយសតិបញ្ញា និងអ្នកខ្សោយផ្នែកសោតវិញ្ញាណនិងចក្ខុវិញ្ញាណ។
ស្ថាបត្យករមួយរូបទៀតដែលស្ថិតក្នុងខេត្តសៀមរាបបានរំលឹកថា បទដ្ឋានបច្ចេកទេសថ្មីត្រូវមានដំណោះស្រាយមិនមែនសម្រាប់តែសំណង់ធំៗក្នុងទីប្រជុំជនទេ ប៉ុន្តែគួរតែផ្ដោតខ្លាំងលើសំណង់បែបជនបទនិងប្រពៃណីផងដែរ ដូចជា ផ្ទះឈើ វត្តអារាម និងសាលសាធារណៈ ជាដើម។
លោកបន្ថែមថា ផ្ទះតាមជនបទដែលសង់ខ្ពស់ផុតពីដីមិនសូវសមស្របសម្រាប់មនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាខ្សោយរាងកាយនោះទេ។ ដូច្នេះ ផ្ទះឈើបែបប្រពៃណី គឺត្រូវសម្របឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូចជា ផ្លាស់ទីតាំងបន្ទប់គេងសម្រាប់មនុស្សចាស់ទៅជាន់ខាងក្រោម ឬសង់ផ្ទះដែលមានកម្ពស់សមរម្យ។ សម្រាប់សំណង់ផ្សេងទៀត ដូចជា វិហារក្នុងវត្តអារាមគួរមានជម្រាលនិងចំណោត ដើម្បីមានលក្ខណៈងាយស្រួលប្រើប្រាស់។
ការធ្វើកំណែទម្រង់បទដ្ឋានបច្ចេកទេសមានសារៈសំខាន់ ខណៈដែលកម្ពុជាកំពុងរៀបចំសេចក្ដីព្រៀងច្បាប់ថ្មីស្ដីពីជនមានពិការភាព។ ប៉ុន្តែបទដ្ឋានបច្ចេកទេសថ្មីនេះត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីមានប្រសិទ្ធភាព។
តើត្រូវអនុវត្តបែបណា?
ទាក់ទងនឹងការអនុវត្តច្បាប់ ស្ថាបត្យករម្នាក់នៅក្រុងភ្នំពេញបានលើកឡើងថា «គួរមានការរៀបចំសិក្ខាសាលាបណ្តុះបណ្ដាលតាមក្រុមហ៊ុនរចនាប្លង់និងសំណង់ ដោយអង្គការជនពិការ ដើម្បីឱ្យបានយល់ដឹងអំពីបញ្ហាដែលជនពិការជួបប្រទះ និងការប្រើប្រាស់គោលការណ៍ណែនាំបទដ្ឋានបច្ចេកទេសពីការរចនាប្លង់សម្រាប់ជនមានពិការភាព»។
ស្ថាបត្យករម្នាក់នៅខេត្តសៀមរាប មានប្រសាសន៍ថា ការបណ្តុះបណ្ដាលមានសារៈសំខាន់ណាស់។ លោកថា បើគេមិនគិតគូរពីតម្រូវការរបស់ជនពិការនៅពេលផ្ដើមគម្រោងនោះទេ វាអាចធ្វើឱ្យការឆ្លើយតបទៅពួកគេមិនគ្រប់គ្រាន់ ឬក៏អាចធ្វើឱ្យគេមិនបានសាងសង់ហេដ្ឋារចនាសម្ពន្ធសម្រាប់ជនពិការទាំងស្រុងក៏ថាបាន។
ដូច្នះ ការបណ្ដុះបណ្ដាលត្រូវផ្ដល់វិធីសាស្ត្រដាក់បញ្ចូលការរចនាប្លង់ដែលផ្ដោតលើជនពិការនៅគ្រប់ដំណាក់កាលនៃគម្រោង។ វាកាន់តែប្រសើរ បើការបណ្ដុះបណ្ដាលជំរុញក្រុមហ៊ុនឱ្យមាននីតិវិធីត្រួតពិនិត្យឡើងវិញ និងវាយតម្លៃលើការអនុវត្តបទដ្ឋានបច្ចេកទេសសម្រាប់ជនពិការ។
ប៉ុន្តែគោលការណ៍នេះនឹងដាក់សម្ពាធខ្លាំងលើស្ថាបត្យករ ហើយជារើយៗសំឡេងដែលគាំទ្រដល់ការអនុវត្តហេដ្ឋារចនាសម្ពន្ធសម្រាប់ជនពិការតែងតែមិនសូវមានឡើយ។
ដូច្នេះ ពេលដែលល្មើសបទប្បញ្ញត្តិ តើបន្ទុកស្ថិតនៅលើបុគ្គលណា? តើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរចូលរួមជំរុញការអនុវត្ត និងផ្ដល់ទណ្ឌកម្មដល់អ្នកដែលល្មើសបទប្បញ្ញត្តិឬទេ?
ស្ថាបត្យករមកពីខេត្តសៀមរាប ឆ្លើយថា វាជាទំនួលខុសត្រូវចម្បងរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការអនុវត្តបទប្បញ្ញត្តិ និងដាក់ពិន័យចំពោះភាគីណាដែលមិនអនុវត្តតាមគោលការណ៍។ ស្ថាបត្យករដែលនៅភ្នំពេញយល់ស្របថា «បទប្បញ្ញត្តិនៃការសាងសង់ គឺត្រូវអនុវត្តឱ្យបានស្មើគ្នា រួមទាំងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ពន្ធសម្រាប់ជនពិការ»។
ប៉ុន្តែអ្នកទាំងពីរក៏ទទួលស្គាល់ថា ការគ្រប់គ្រងត្រួតពិនិត្យគឺមិនទាន់គ្រប់គ្រាន់នៅឡើយ ជាពិសេសបើយើងប្រៀបធៀបកំណើនអត្រាសំណង់ច្រើនលើសលុប និងធនធានមានកម្រិតរបស់រដ្ឋាភិបាល។
ស្ថាបត្យករនៅខេត្តសៀមរាបបាននិយាយថា «គួរតែមានការដាក់សម្ពាធដោយខ្លួនយើងផ្ទាល់ដែលជាស្ថាបត្យករ»។ អ្នកជំនាញស្ថាបត្យកម្មនិងសំណង់ត្រូវផ្អែកលើសុចរិតភាព និងកិត្តិយសរបស់យើងជាអ្នកជំនាញ។ ប្រសិនជាមានកំហុសធ្ងន់ធ្ងរណាមួយកើតឡើងដោយសារការរចនាប្លង់ នោះគឺជាការទទួលខុសត្រូវរបស់ស្ថាបត្យករទាំងស្រុង។
ការផ្លាស់ប្ដូរជាប្រព័ន្ធ
ត្រូវមានការផ្លាស់ប្ដូរជាប្រព័ន្ធក្នុងការរចនាប្លង់ និងការសាងសង់សម្រាប់ជនមានពិការភាពជាអាទិភាព។
ការអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ពន្ធសម្រាប់ជនពិការ ដែលមានការចូលរួមពីអង្គការជំនួយជនពិការ និងអ្នកជំនាញខាងវិស័យសំណង់ គឺជាការចាំបាច់ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។
ទោះជាយ៉ាងណាក៏ដោយ ស្ថាបត្យករ អ្នកសាងសង់ និងអ្នកអភិវឌ្ឍ មិនត្រូវពឹងផ្អែកតែលើរដ្ឋាភិបាលមួយមុខនោះទេ ប៉ុន្តែគឺត្រូវតែយកចិត្តទុកដាក់ហើយយកបទប្បញ្ញត្តិមកអនុវត្ត និងត្រូវដាក់នីតិវិធីត្រួតពិនិត្យឡើងវិញនូវបទដ្ឋានបច្ចេកទេសសម្រាប់ជនពិការនៅគ្រប់ជំហាន។
ជាចុងក្រោយ វាក៏ជាកាតព្វកិច្ចរបស់ស្ថាបត្យករដែរ។ ពិតមែនយើងមានមោទកភាពក្នុងការបញ្ចេញស្នាដៃរចនាដែលទទួលការអបអរសាទរ ប៉ុន្តែយើងគួរចងចាំថា គោលបំណងសំខាន់នៃស្ថាបត្យកម្ម គឺការរចនាទីកន្លែងដែលបម្រើផលប្រយោជន៍សម្រាប់មនុស្សគ្រប់រូប៕
ដោយ៖ សែស អរុណសក្តា | អត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត