រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) បាននិយាយថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើពាណិជ្ជករមីយ៉ាន់ម៉ាម្នាក់ និងមនុស្សពីរនាក់ទៀត ពាក់ព័ន្ធនឹងការទិញអាវុធពីប្រទេសបេឡារុស ដែលផលិតនៅរុស្ស៊ី សម្រាប់របបយោធាដែលបានដណ្ដើមអំណាចកាលពីដើមឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។
របបយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានឃុំខ្លួនមេដឹកនាំប្រជាធិបតេយ្យ រួមទាំងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពពិភពលោក លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងបានបង្ក្រាបការតវ៉ាដោយហិង្សា។
រតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានដាក់ទណ្ឌកម្មលើពាណិជ្ជករមីយ៉ាន់ម៉ាឈ្មោះ អ៊ុង ម៉ូយីន (Aung Moe Myint) ដែលជាកូនប្រុសរបស់មន្ត្រីយោធាម្នាក់ និងដែលបានសម្របសម្រួលក្នុងការទិញសព្វាវុធ រួមទាំងមីស៊ីល និងយន្តហោះចម្បាំង។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយឈ្មោះថា Dynasty International Company Limited ដែលបង្កើតដោយលោក អ៊ុង ម៉ូយីន (Aung Moe Myint) និងនាយកពីរនាក់របស់ក្រុមហ៊ុនផងដែរ។
Reuters មិនអាចទាក់ទងលោក Aung Moe Myint ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ទណ្ឌកម្មនេះនឹងបង្កកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកបស់បុគ្គលទាំងនេះ និងរារាំងពលរដ្ឋអាមេរិកមិនឱ្យជួញដូរជាមួយបុគ្គលទាំងនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Blinken បានលើកឡើងពីការប្រហារជីវិតសកម្មជន៤នាក់របស់មីយ៉ាន់ម៉ាកាលពីខែកក្កដា និងការវាយប្រហារដ៏ឃោរឃៅលើសាលារៀនមួយដោយឧទ្ធម្ភាគចក្រយោធាកាលពីខែមុន។ លោកក៏បានលើកឡើងពីបុគ្គលទាំង៣នាក់នេះដែលត្រូវបានដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍ និងដែលត្រូវបានចោទប្រកាន់ថាបានទិញអាវុធដែលផលិតដោយរុស្ស៊ីពីប្រទេសបេឡារុស។
លោក Blinken និយាយថា៖ «បុគ្គលទាំងនេះក៏ជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងយូរអង្វែងរបស់យោធាភូមា ជាមួយនឹងយោធារុស្ស៊ី និងបេឡារុសផងដែរ»។
លោកបន្តថា៖ «យើងនឹងបន្តប្រើប្រាស់សិទ្ធិអំណាចរបស់យើង ក្នុងការដាក់ទណ្ឌកម្មសំដៅលើអ្នកដែលនៅក្នុងប្រទេសភូមា និងកន្លែងផ្សេងទៀតដែលគាំទ្រការឈ្លានពានដោយខុសច្បាប់របស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាការសម្របសម្រួលរបស់រុស្ស៊ី និងបេឡារុស ចំពោះអំពើហិង្សារបស់របបយោធាមីយ៉ាន់ម៉ាមកលើពលរដ្ឋរបស់ខ្លួន»។
រុស្ស៊ី គឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់របបយោធាមីយ៉ាន់ម៉ា និងបានផ្តល់ការគាំទ្រផ្នែកការទូតចំពេលមានការថ្កោលទោសជាអន្តរជាតិចំពោះរដ្ឋប្រហារដោយយោធាមីយ៉ាន់ម៉ា។ មេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានទៅបំពេញទស្សនកិច្ចនៅប្រទេស
រុស្ស៊ីពីរដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
រតនាគារបាននិយាយថា ក្រសួងការបរទេសអាមេរិកក៏បានហាមឃាត់អតីតស្នងការនគរបាលមីយ៉ាន់ម៉ា និងអនុរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង លោក ថាន ឡាំង (Than Hlaing) មិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ជាពិសេសការសម្លាប់ក្រៅប្រព័ន្ធតុលាការលើក្រុមបាតុករដោយអហិង្សាកាលពីខែកុម្ភៈ ឆ្នាំ២០២១។
ស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។
ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបយោធា និងអាជីវកម្មរបស់ខ្លួនចាប់តាំងពីរដ្ឋប្រហារ។
ទណ្ឌកម្មដែលបានដាក់ចេញកាលពីថ្ងៃព្រហស្បតិ៍ រួមមាន ការររឹតត្បិតលើការលក់ឧស្ម័នរបស់មីយ៉ាន់ម៉ា ដែលជាប្រភពចំណូលបរទេសដ៏ធំបំផុតរបស់របបយោធា។ ទណ្ឌកម្មនេះត្រូវបានក្រុមប្រឆាំងនឹងរបបយោធា និងអ្នកតស៊ូមតិសិទ្ធិមនុស្ស មើលឃើញថា អាចមានឥទ្ធិពលលើអាកប្បកិរិយារបស់យោធា៕