លោក ញឹក ប៊ុនឆៃ រំពឹង​ថា​នឹង​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា ក្រោយ​រួបរួម​ជាមួយ​បក្សកម្ពុជានិយម

លោក ញឹក ប៊ុនឆៃ និងសមាជិកគណបក្សខ្មែររួបរួមជាតិ ក្នុងសមាជមួយកាលពីពេលកន្លងទៅ។(រូបភាពដោយ៖ ខាន់ លក្ខិណា)

ប្រធានគណបក្សខ្មែររួបរួមជាតិ គឺលោក ញឹក ប៊ុនឆៃ រំពឹងយ៉ាងមុតមាំថា គណបក្សរបស់លោកនឹងទទួលអាសនៈក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ក្រោយរួបរួមជាមួយបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ ដោយចាត់ទុកការរួបរួមគ្នានេះថា នឹងទទួលបានការគាំទ្របន្ថែមពីលើសំឡេងអ្នកគាំទ្រដែលមានស្រាប់​។

ការបង្ហាញសុទិដ្ឋិនិយមនេះ គឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបញ្ជាក់ពី «ជំហរនៃការរួបរួមគ្នា» ដើម្បី​បង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយរវាងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ មានប្រសាសន៍តបនឹងសំណួរ VOD ក្នុងសន្និសីទនោះថា​ បក្សក្រៅរដ្ឋាភិបាលពិតជាមានច្រើន ប៉ុន្តែការសម្រេចចិត្តចាប់យកបក្សកម្ពុជានិយមជាដៃគូរួបរួមគ្នា ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ គឺដោយសារមើលឃើញថា បក្សមួយនេះមានគោលនយោបាយ និងជំហរស្រដៀងគ្នានឹងបក្សរបស់លោកដែរ ពោលគឺ «គោលការណ៍ប្រជាធិបតេយ្យសេរីនិយមកណ្ដាល»។

បើតាមលោក ញឹក ប៊ុនឆៃ គោលការណ៍នេះមានសកម្មភាពនយោបាយផ្សះផ្សាខ្មែរនិងខ្មែរ មិនឱ្យខ្មែរណាឈឺចាប់ឬរងទុក្ខ ព្រមទាំងមានទំនាក់ទំនងល្អជាមួយបរទេស ដោយមិនប្រកាន់និន្នាការសេរី ឬកុម្មុយនីស្តឡើយ។

ក្នុងនោះ អ្នកនយោបាយចាស់វស្សារូបនេះ អះអាងថា លោកនឹងមិនចូលរួមជាមួយបក្សប្រឆាំងណាដែលមាននិន្នាការលម្អៀងទៅពួកកុម្មុយនីស្ត ឬពួកលោកសេរីផ្ដាច់មុខនោះឡើយ។

ទោះជាការរួបរួមរវាងបក្សទាំង២កាន់តែកៀកនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្ដី ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា បក្សរបស់លោកនឹងទទួលបានអាសនៈក្នុងរដ្ឋសភានាឆ្នាំ២០២៣នេះ ប៉ុន្តែអាសនៈប៉ុន្មាននោះ លោកមិនអាចទស្សន៍ទាយបានឡើយ។

លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា៖ «ការដែលគណបក្សភ្លើងទៀន ហើយនឹងសិទ្ធិមនុស្ស ចូលរួមគ្នា បើយកសំឡេង២ហ្នឹងមកបូក [លទ្ធផលសំឡេង] តែប៉ុន្មានទេ! តែអ្នកផ្សេង គេមើលឃើញ គេពេញចិត្តគេអី គេចូលរួមដែរទៅ [បានសំឡេងច្រើន]។ អ៊ីចឹងសម្រាប់ខ្ញុំ បើសួរថាសង្ឃឹមឬអត់? ខ្ញុំថាសង្ឃឹម! បើធ្វើអីមិនសង្ឃឹម យើងកុំធ្វើ។ ខ្ញុំសង្ឃឹមមុតមាំថានឹងទទួលបានអាសនៈ ប៉ុន្តែបើសួរខ្ញុំថាប៉ុន្មាន? ខ្ញុំអត់ឆ្លើយកើតទេ ព្រោះថាមកដល់ម៉ោងនេះ យើងទើបតែចាប់ផ្តើម ដល់តែជិតបោះឆ្នោត បានយើងសន្និដ្ឋានប្រហែលៗបាន។ យើងមិនអាចប្រាប់តួលេខមួយដែលច្បាស់លាស់បានទេ»។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញប្ញទ្ធិ លើកឡើងថា ការដែលលោកសម្រេចចិត្តរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ គឺដោយសារមើលឃើញថា បក្សនេះមានគោលការណ៍ និងគោលនយោបាយស្រដៀងគ្នានឹងបក្សលោកដែរ។ ក្នុងនោះ គឺការផ្តោតលើប្រយោជន៍កម្ពុជាជាធំ និងជាមិត្តជាមួយមហាអំណាចទាំងអស់។ ការរួបរួមគ្នានេះ លោកថា បក្សទាំងពីរមិនជជែករឿងតួនាទី តែជជែករឿងអ្នកបន្តវេនជាចម្បង និងជំរុញប្រព័ន្ធដឹកនាំឱ្យមានភាពជាក់លាក់ជាងបច្ចុប្បន្ន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធបញ្ចេញយោបល់លើក្ដីរំពឹងរបស់លោក ញឹក ប៊ុនឆៃ ដោយថា លោកមិនហ៊ានទាយទេ ព្រោះលោកមិនមែនជាគ្រូទាយ។ យ៉ាងណា លោកថា បើចង់ដឹងថាបក្សទាំង២ទទួលបានអាសនៈប៉ុន្មានក្នុងរដ្ឋសភានោះ គឺគ្រាន់តែទូទាត់តាមតួលេខសំឡេងដែលពួកគេទទួលបានកាលពីការបោះឆ្នោតឃុំសង្កាត់ គឺឃើញហើយ។

លោក សុខ ឥសាន ថា៖ «សំឡេងហ្នឹងវាមានទៅណា! នៅសល់តែប្រាំពីរប្រាំបីខែទៀតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្តហើយ ហើយបើដល់បោះឆ្នោតតំណាងរាស្រ្ត គឺសំឡេងពីណាមកដែលបោះឆ្នោតឱ្យគណបក្សគាត់ហ្នឹង? គឺសំឡេងដែលបានបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឱ្យគណបក្សគាត់ហ្នឹង។ អ៊ីចឹងយើងយកអាតួលេខយកមកគិតថាបានប៉ុន្មាន? មួយឬពីរអាសនៈ? អាហ្នឹងគិតតាមសំឡេងដែលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងឯង»។

សម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ការរួបរួមរបស់បក្សក្រៅរដ្ឋាភិបាលជាបន្តបន្ទាប់ គឺគ្មានឥទ្ធិពលអ្វីទាល់តែសោះដល់បក្សប្រជាជនកម្ពុជា ខណៈលោកចាត់ទុកថា ពួកគេគ្រាន់តែរួបរួមរវាងគណបក្សចាញ់និងចាញ់តែប៉ុណ្ណោះ។

លោកបន្តថា៖ «យើងឃើញគណបក្សតូចហ្នឹងវាចេញពីណាមក? គណបក្សតូចហ្នឹង វាចេញពីគណបក្សចាញ់។ គណបក្សតូចៗហ្នឹង គាត់ចេញពីគណបក្សចាញ់ ឥលូវគាត់ចូលគ្នាវិញហើយ។ មានទៅឯណា? មានឈ្នះកើតអី!»

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា ការរំពឹងទុករបស់មេដឹកនាំបក្ស អាចជាចំណុចវិជ្ជមាន។ ក្រៅពីនោះ លោកថា ការរួបរួមដោយមានឆន្ទៈ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់ គឺជារឿងចាំបាច់។

បែបនេះក្តី អ្នកឃ្លាំមើលសង្គមរូបនេះយល់ថា ការទទួលបានលទ្ធផលឬអត់នោះ គឺមើលទៅលើសំឡេងរបស់បក្សទាំង២នោះដែរ ព្រោះថាសំឡេងរបស់ពួកគេនៅមិនទាន់មានខេត្តណាមួយទទួលបានអាសនៈនៅឡើយ។

យ៉ាងណា លោកចង់ឃើញបក្សទាំង២រួបរួមគ្នាបានយូរអង្វែង និងមិនបោះបង់ចោលគ្នាដូចបក្សមួយចំនួននោះទេ។

លោក សេក សុជាតិ ថា៖ «ការដែលពួកគាត់រំពឹង លុះត្រាណាតែពួកគាត់ប្តេជ្ញាចិត្តរួមគ្នា បង្កើតនូវគោលនយោបាយរួមគ្នា រៀបចំបេក្ខជនរួមគ្នា ក៏ដូចជាការរៀបចំរចនាសម្ពន្ធនៅក្នុងការគ្រប់គ្រង ឬក៏ដឹកនាំសម្ពន្ធភាពហ្នឹង ដើម្បីទៅប្រកួតប្រជែងការបោះឆ្នោត២០២៣ហ្នឹង»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ ទើបតែបង្កើតថ្មី ដូច្នេះមានការគាំទ្រតិចតួចណាស់។ ចំណែកគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បង្កើតឡើងយូរក៏ពិតមែន ប៉ុន្តែបានបាត់បង់ការគាំទ្រក៏ច្រើនដែរ។

លោកបន្តថា បើទោះបីជាបក្សទាំង២រួមគ្នាក៏ដោយ ប៉ុន្តែសំឡេងរបស់ពួកគេ គឺគ្រាន់តែច្រើនជាងការបោះឆ្នោតឃុំ-សង្កាត់ប៉ុណ្ណោះ ដោយមិនអាចទទួលបានអាសនៈនៅរដ្ឋសភាសម្រាប់ការបោះឆ្នោតជាតិឆ្នាំក្រោយឡើយ។

លោក ឯម សុវណ្ណរ៉ា និយាយថា៖ «ក៏ប៉ុន្តែទស្សនៈខ្ញុំ [ក្រោយការរួបរួមនេះ] ប្រហែលជាមិនអាចទទួលបានអាសនៈនៅក្នុងសភាទេ។ លុះត្រាតែអ្នកនយោបាយទាំងពីរហ្នឹងខិតខំធ្វើកិច្ចការមួយចំនួនដែលប្រជាពលរដ្ឋត្រូវការ ឬក៏ចង់ឱ្យជួយដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ប៉ុន្តែបើយើងមើលអ្នកនយោបាយនៃបក្សទាំងពីរ លោកដូចជាមិនសូវសកម្មទេ។ អ៊ីចឹងខ្ញុំគិតថា ពុំមានអ្វីទាក់ទាញ ឬក៏ចាប់អារម្មណ៍ពីប្រជាពលរដ្ឋឱ្យគាំទ្រទេ»។

បើតាមសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ ទាំងលោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញប្ញទ្ធិ សុទ្ធតែមិនសូវសកម្មដូចគ្នា។ ដូច្នេះ ពួកគាត់មិនអាចទាក់ទាញពលរដ្ឋឱ្យគាំទ្រផុសផុលឬច្រើនបានទេ និងមិនបានធ្វើឱ្យបក្សកាន់អំណាច​បារម្ភ​នោះដែរ។

បើទោះជាយ៉ាងនេះក្តី លោក ឯម សុវណ្ណរ៉ា យល់ថា បក្សកាន់អំណាចក៏មានការព្រឺរោមខ្លះដែរ ករណីបក្សភ្លើងទៀនរួបរួមជាមួយបក្សឆន្ទៈខ្មែរ ព្រោះថា សំឡេងរបស់ពួកគេបូកបញ្ចូលគ្នាអាចនឹងមានការកើនឡើងច្រើនគួរសម។

កាលពីថ្ងៃ​ទី៣ ​ខែតុលា ឆ្នាំ២០២២ គណបក្សឆន្ទៈខ្មែរ បានប្រកាស​សម្រេច​មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ ឆ្នាំ២០២៣ ខាងមុខនេះទេ គឺ​គណបក្ស​ក្រៅរដ្ឋា​ភិ​បាល​​មួយនេះបានប្រកាសជ្រកក្រោមឆ័ត្រតែមួយ​ជាមួយ​គណបក្សភ្លើងទៀនវិញ។

លោក សុវណ្ណរ៉ា យល់ឃើញថា ប្រសិនបើបក្សតូចៗនៅដោយឡែកៗ មិនរួមបញ្ចូលគ្នាតែមួយទេ ពួកគេគ្មានសង្ឃឹមនឹងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋច្រើនឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ